ក្រុង​វ៉ាស៊ីនតោន៖ ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រកាស​ថា ​ប្រទេស​អាមេនី​ និង​អាស៊ែបៃហ្សង់​ ជា​ថ្មី​ម្តង​ទៀត​ បាន​ឯកភាព​គ្នា​គោរព ​«​បទ​ឈប់​បាញ់​មនុស្ស​ធម៌​» ​មួយ​ នៅ​ក្នុង​ជម្លោះ​តំបន់​ណាហ្គូរណូ​ និង​ការ៉ាបាក់ហ៍​ឱ្យ​មាន​ប្រសិទ្ធភាព​កាល​ពី​ថ្ងៃ​ចន្ទ ​ក្រោយ​ពី​មាន​​​កិច្ច​ប្រឹងប្រែង​នានា​ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​តំបន់​ជម្លោះ​បាន​បរាជ័យ​។​


ក្រុម​មេ​ដឹកនាំ​ពិភព​លោក​បាន ​និង​កំពុង​ដណ្តើម​គ្នា​ជ្រៀតជ្រែក​អស់​ជា​ច្រើន​សប្តាហ៍​ ដើម្បី​សម្រប​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​ ដោយ​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​ លោក ​វ៉្លាឌីមៀរ ​ពូទីន ​បាន​ប៉ាន់​ប្រមាណ​ថា​ រហូត​មក​​ទល់​ពេល​នេះ មនុស្ស​ជិត ​៥ ០០០ ​នាក់​ បាន​ស្លាប់​ក្នុង​​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ខេត្ត​សម្បូរ​ទៅ​ដោយ​ភ្នំ​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​


បទ​ឈប់​បាញ់​គ្នា​ដំបូង​មួយ​របស់​ភាគី​ទាំង ​២​ បាន​ចរចា​ដោយ​ប្រទេស​បារាំង​ និង​​បទ​​ឈប់​បាញ់​ទី​២ ដែល​​សម្របសម្រួល​ដោយ​រុស្ស៊ី​ បាន​​បរាជ័យ​។​


យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម ​១ ចេញ​ពី​ក្រសួង​ការ​បរទេស ​US​ និង​ក្រុម ​«មីនស្កិ៍» ដែល​​ព្យាយាម​ដឹកនាំ​ឱ្យ​ភាគី​ទាំង ​២ ​ចរចា​ ​ដើម្បី​បញ្ចប់​ជម្លោះ​នោះ​ បាន​ឱ្យ​ដឹង​ថា ​បទ​ឈប់​បាញ់​ចុង​ក្រោយ​បំផុត​បាន​ចូល​ជា​ធរមាន​នៅ​ម៉ោង ​៨ ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​៕ AFP/SK​