បុរីញូវយ៉កៈ អាមេរិក និងប្រទេស ៨ ផ្សេងទៀតកាលពី ថ្ងៃអង្គារ បានស្នើឲ្យមានជំនួបនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសមីយ៉ាន់ម៉ា ដើម្បីទទួលបានដំណឹងពីបេសកកម្មស្វែងរក ការពិតរបស់ អ.ស.ប ដែលបានចោទប្រកាន់យោធារបស់ប្រទេសនេះ ពីបទប្រព្រឹត្តអំពើ សាហាវព្រៃផ្សៃទៅលើក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ា។
សំណើនោះទំនងជាត្រូវប្រឆាំងជំទាស់ពីប្រទេសចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយយោធាមីយ៉ាន់ម៉ា និងបានខិតខំស្វះស្វែងរកការរាំងខ្ទប់ប្រទេសមីយ៉ាន់ម៉ាពីចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅក្នុងលិខិតរួមមួយដែល AFP បានឃើញនោះ ប្រទេសទាំង ៩ បាននិយាយថា ប្រធានបេសកកម្មនេះ គួរតែផ្តល់ព័ត៌មានលម្អិតដល់ក្រុមប្រឹក្សានេះដើម្បីអនុញ្ញាតឲ្យទទួលបានព័ត៌មានបន្ថែម ទាក់ទងនឹងស្ថានការណ៍នេះ និងភាពស្មុគស្មាញចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។
បេសកកម្មស្វែងរកការពិតនេះ បានចេញរបាយការណ៍មួយកាលពីខែមុន ដែលបានអំពាវនាវក្រុមប្រឹក្សានេះ ឲ្យបង្វែរស្ថានការណ៍នៅប្រទេស មីយ៉ាន់ម៉ាទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅក្នុង ទីក្រុងឡាអេ ឬក៏បង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិមួយដូចអតីតយូហ្គោស្លាវី។
បេសកកម្មស្វែងរកការពិតបាននិយាយទៀងថា ក្រុមឧត្តមសេនីយ៍ជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នៅក្នុងនោះមានលោកអគ្គមេបញ្ជាការ Min Aung Hlaing ត្រូវតែបានស៊ើបអង្កេត និងការកាត់ទោសចំពោះអំពើប្រល័យពូជសាសន៍ នៅក្នុងរដ្ឋរ៉ាក់ឃីន។
មីយ៉ាន់ម៉ា បានទាត់ចោលការចោទប្រកាន់ទាំងនោះថាយោធារបស់ខ្លួន មិនបាន ប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ នៅក្នុងការបង្ក្រាបកាលពីឆ្នាំ ២០១៧ ដែលបានបង្ខំឲ្យជនរ៉ូហ៊ីងយ៉ាងជាង ៧០ ម៉ឺននាក់ភៀសខ្លួនឆ្លងព្រំដែនចូលទៅប្រទេសបង់ក្លាដែសទេ។
នៅក្នុងលិខិតដាច់ដោយឡែក ១ ទៀត ដែលត្រូវផ្ញើជូនក្រុមប្រឹក្សានេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Hau Do Suan បានថ្លែងថា រដ្ឋាភិបាលរបស់លោកបានប្រឆាំងជំទាស់ជាដាច់ខាតចំពោះសំណើដើម្បីទទួលបានព័ត៌មានពីបេសកកម្មស្វែងរកការពិតនោះ។
ការគាំទ្រពីប្រទេសទាំង ៩ ចំពោះសំណើនោះមានន័យថាចិននឹងទំនងជាបរាជ័យក្នុងការរាំងខ្ទប់មិនឲ្យមានជំនួបនោះតាមរយៈការបោះឆ្នោតតាមនីតិវិធី។
អង់គ្លេស បារាំង ប៉េរូ ស៊ុយអែត កូតឌីវ័រ ហូឡង់ ប៉ូឡូញនិងកូវ៉ែត បានចូលរួមជាមួយអាមេរិកក្នុងការស្នើឲ្យមានជំនួបនោះ ត្រូវរៀបចំឡើងនៅក្នុងខែតុលានេះ៕