ក្រុង​វ៉ា​ស៊ីន​តោនៈ​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​បាន​ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ​អាមេរិក​នឹង​ដក​បុគ្គលិក​ទូត​ ដែល​នៅ​សល់​របស់​ខ្លួន​ចេញ​ពី​ស្ថានទូត​នៅ​ក្រុង​ការ៉ាកាស ​ខណៈ​វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នោះ​។​


លោក​ ប៉ុមប៉េអូ ​បាន​សរសេរ​នៅ​ក្នុង​គេហ​ទំព័រ​ធ្វីធើរ​ថា៖ «​ការ​សម្រេច​ចិត្ត​នេះ ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ស្ថានការណ៍​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​វ៉េណេស៊ុយអេឡា​​ និង​មាន​ការ​សន្និដ្ឋាន​ថា ​វត្តមាន​របស់​បុគ្គលិក​ទូត​អាមេរិក​នៅ​ស្ថានទូត​ បាន​ក្លាយ​ទៅ​ជា​លក្ខខណ្ឌ​មួយ​ទៅ​លើ​នយោបាយ​អាមេរិក​»​។​


កាល​ពី​ថ្ងៃ​ទី ​២៤​ ខែ ​មករា​ ​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​ចេញ​បញ្ជា​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ទាំង​អស់​ ចេញ​ពី​ប្រទេស ​វ៉េណេស៊ុយអេឡា ​ជា​បន្ទាន់ ​ជា​ទី​ដែល ប្រធានាធិបតី​ លោក ​នីកូឡាស ម៉ាឌូរ៉ូ ​កំពុង​ប្រឈម​នឹង​​ការ​ប្រកួត​ប្រជែង​ដណ្តើម​អំណាច​យ៉ាង​ស្វិតស្វាញ​ ជាមួយ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​Juan​ Guaido​ នៅ​ចំ​ពេល​ប្រទេស​ ​វ៉េណេស៊ុយអេឡា​ មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ​៕ AFP/SK