ក្រុងវ៉ាស៊ីនតោន៖ អាមេរិកកាលថ្ងៃអង្គារបានដាក់លិខិតជូនដំណឹងអំពីការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិជាផ្លូវការដោយបានបញ្ជាក់នៅក្នុងញត្តិនៃការចាកចេញរបស់ប្រទេសនេះពីអង្គការសកលមួយនេះ ស្របពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋការរបស់លោកបានរិះគន់ WHO ជាច្រើនខែមកហើយ និងបានគំរាមកាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការនេះ។ លោក ត្រាំ ក៏បានប្រកាសកាលពីពាក់កណ្តាលខែមេសាដែរថា រដ្ឋការរបស់លោកនឹងឈប់ផ្តល់ជំនួយដល់ WHO តទៅទៀត។
ក្រុមអ្នកជំនាញ និងបក្សប្រជាធិបតេយ្យបានរិះគន់ថា រដ្ឋការរបស់លោក ត្រាំ កំពុងព្យាយាមចៀសវាងពីការស្តីបន្ទោសចំពោះការដោះស្រាយការឆ្លើយតបរបស់ខ្លួនមិនបានល្អទៅនឹងជំងឺកូវីដ ១៩ និងធ្វើឲ្យខូចប្រយោជន៍ដល់ការដោះស្រាយវិបត្តិសុខភាពសាធារណៈ។
សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យលោក បូបមេណេនដេ ដែលជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់ព្រឹទ្ធសភាបានថ្លែងនៅលើគេហទំព័រធ្វីធើរកាលពីថ្ងៃអង្គារថា៖ «ការហៅការឆ្លើយតបរបស់លោក ត្រាំ ទៅនឹងជំងឺកូវីដ ១៩ ថាច្របូកច្របល់ និងស្មុគស្មាញនេះ ពិតជាមិនធ្វើឲ្យវាមានភាពត្រឹមត្រូវទេ»។
យោងតាមវេបសាយរបស់អង្គការ WHO បានឲ្យដឹងថា អាមេរិកនឹងចាកចេញពីអង្គការ WHO នៅថ្ងៃទី ៦ ខែ កក្កដាឆ្នាំ ២០២១ ហើយបច្ចុប្បន្ននេះអាមេរិក ជំពាក់អង្គការនេះ នូវទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក ជាវិភាគទានដែលត្រូវគេវាយតម្លៃ។
យោងតាមចំនួនសរុបថ្មីបំផុតរបស់សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ប្រទេសនេះ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៩៩ លាននាក់ និងស្លាប់ជាង ១៣១ ០០០ នាក់។ តួលេខទាំង ២ នេះ ខ្ពស់ជាងតួលេខនៅក្នុងប្រទេសដទៃទៀត ឬនៅក្នុងតំបន់។
ក្រោយពីមានវិធានការបិទប្រទេស ត្រូវបានបន្ធូរបន្ថយនៅក្នុងរដ្ឋខ្លះនោះ អាមេរិកកំពុងខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងការខូចខាតបណ្តាលមកពីជំងឺកូវីដ ១៩ ថ្វីបើមានការលំបាកក្តី។
លោក អានថូនី ហ្វូស៊ី ប្រធានវិទ្យាស្ថានប្រតិបត្តិកម្ម និងជំងឺឆ្លងជាតិ បានថ្លែងតាមវីដេអូពីចម្ងាយជាមួយលោក ហ្វ្រង់ស៊ីស ខូលីនស៍ ប្រធានវិទ្យាស្ថានសុខភាពជាតិកាលពីថ្ងៃចន្ទថា៖ «យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលយើងមានករណីឆ្លងថ្មី ជាមធ្យមប្រហែល ២ ម៊ឺននាក់ ក្នុង ១ ថ្ងៃ»។
លោក ហ្វូស៊ី បានថ្លែងថា ការពិតជាបន្តបន្ទាប់ដែលទាក់ទងនឹងបណ្តារដ្ឋ និងក្រុងជាច្រើនដែលកំពុងព្យាយាមបើកឡើងវិញ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យវិលទៅរកសភាពធម្មតាឡើងវិញ បាននាំឲ្យស្ថានភាពមួយដែលប្រទេសនេះ នាពេលបច្ចុប្បន្នបានកត់ត្រាករណីឆ្លងវីរុសយ៉ាងច្រើន។
យោងតាមចំនួនសរុបថ្មីបំផុតបានឲ្យដឹងថា រដ្ឋកាលីហ្វ័រនីញ៉ា ហាវ៉ៃ មីសស៊ូរី ម៉ុងតាណា អូឡាហូម៉ា និងរដ្ឋតិចសាស់ កាលពីថ្ងៃអង្គារ បានកត់ត្រាករណីឆ្លងថ្មីប្រចាំថ្ងៃកម្រិតខ្ពស់។
សេវាសុខភាព និងមនុស្សនៅរដ្ឋតិចសាស់ បានឲ្យដឹងថា រដ្ឋតិចសាស់បានរាយការណ៍ករណីឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីជាង ១ ម៊ឺននាក់ ជាការកើនឡើងច្រើនបំផុតក្នុង ១ ថ្ងៃ នៅក្នុងរដ្ឋនេះ៕ Xinhua/PSA