ក្រុង​ដាម៉ាស៖ ​យោង​តាម​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រធានាធិបតី​ស៊ីរី​បាន​ឲ្យ​ដឹង​ថា​ ប្រធានាធិបតី​ស៊ីរី ​លោក​ បាសារ​-អាល់-អាសាដ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ទទួល​ប្រេសិត​ពិសេស​របស់​​ប្រធានាធិបតី​រុស្ស៊ី​ ប្រចាំ​នៅ​ប្រទេស ​ស៊ីរី ​គឺ​លោក ​Alexander​ Lavrentiev ​ហើយ​បាន​ពិភាក្សា​ជាមួយ​លោក​នៅ​ក្នុង​ជំនួប​កំពូល​ត្រីភាគី​ ដែល​បាន​ចាប់​ផ្តើម​រៀបចំ​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​អង់ការ៉ា​។​


លោក​ Lavrentiev ​បាន​បញ្ជាក់​អះអាង​ប្រាប់​លោក ​អាសាដ ​អំពី​កាល​បរិច្ឆេទ​នៃ​ជំនួប​កំពូល​ត្រី​ភាគី​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ប្រទេស ​តួកគី​ រុស្ស៊ី​ និង​អ៊ីរ៉ង់​។​


ការ​ពិភាក្សា​នោះ ​បាន​និយាយ​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ ដែល​បាន​បង្ក​ឧបសគ្គ​ជា​ច្រើន​ដោយ ​«​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ និង​បរទេស ​ដែល​មាន​គោល​បំណង​ចង់​ធ្វើ​ឲ្យ​​សង្គ្រាម​នៅ​​ប្រទេស ​ស៊ីរី អូស​បន្លាយ​ពេល​យូរ​​»​។​


មន្ត្រី​រុស្ស៊ី​បាន​បញ្ជាក់​អះអាង​អំពី​ភាព​ស្មោះត្រង់​របស់​ប្រទេស​លោក​ ដើម្បី​បន្ត​ការងារ​ជាមួយ​ក្រុង​ដាម៉ាស​ ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ​និង​ការ​រំដោះ​តំបន់​ទាំង​អស់​នៅ​ក្នុង​ប្រទេស ​ស៊ីរី​។​


កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​កាសែត​ al-Watan ​គាំទ្រ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ការ​បង្កើត​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​ គឺ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ប្រុងប្រយ័ត្ន​ ខណៈ​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស ​ស៊ីរី​ លោក​ Geir Pedersen ​បាន​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី​ និង​បណ្តា​រដ្ឋ​ធានី​ទាំង​អស់​នោះ​។​


កាសែត​នោះ​បាន​និយាយ​ថា​ លោក​ ​Alexander Lavrentiev ​បាន​មក​ដល់​រដ្ឋ​ធានី​ដាម៉ាស​ ដើម្បី​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​មេ​ដឹកនាំ​ស៊ីរី​នៅ​មុន​ជំនួប​កំពូល​ត្រីភាគី​នៅ​អង់ការ៉ា៕​ Xinhua/SK​