កាលពីថ្ងៃចន្ទ ទី ១៩ មេសា ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានបើកច្រកធ្វើដំណើរសុវត្ថិភាព ដែលអនុញ្ញាតឱ្យមានការធ្វើដំណើរដោយសេរីរវាងប្រទេសទាំង ២ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលមកដល់។
ដោយសារការរីករាលដាលជំងឺកូវីដ១៩ អូស្ត្រាលី និងនូវែលសេឡង់បានបិទព្រំដែនរបស់ពួកគេ កាលពីខែមីនា ឆ្នាំមុន និងបានដាក់តម្រូវការឱ្យធ្វើចត្តាឡីស័ក ចំពោះពលរដ្ឋដែលត្រឡប់មកពីបរទេស។ ចាប់តាំងពីខែតុលា អ្នកធ្វើដំណើរពីនូវែលសេឡង់ត្រូវបានអនុញ្ញាតឱ្យចូលរដ្ឋអូស្ត្រាលីភាគច្រើន ដោយមិនបាច់ធ្វើចត្តាឡីស័ក ប៉ុន្តែអ្នកធ្វើដំណើរពីអូស្ត្រាលីចូលនូវែលសេឡង់ នៅតែត្រូវធ្វើចត្តាឡីស័ក ដោយសារការព្រួយបារម្ភការរីករាលដាលកូវីដ១៩។
ឥឡូវនេះប្រទេសទាំង ២ បានទប់ស្កាត់ការរីករាលដាលកូវីដ១៩បានល្អ និងបានរក្សាអត្រាឆ្លងបានទាប ទើបពួកគេសម្រេច បើកច្រកធ្វើដំណើរសុវត្ថិភាពនេះ។ ក្រោយពីការប្រកាសបើកច្រកនេះ អ្នកធ្វើដំណើររាប់ពាន់នាក់ បានធ្វើការកក់ជើងហោះហើរនៅថ្ងៃចន្ទ។
ដើម្បីធ្វើដំណើរតាមច្រកនេះ អ្នកធ្វើដំណើរត្រូវតែចំណាយពេល ១៤ ថ្ងៃ មុនពេលចេញដំណើរនៅក្នុងអូស្ត្រាលី ឬនូវែលសេឡង់។ អ្នកដែលកំពុងរង់ចាំការធ្វើតេស្តសំណាក ឬអ្នកមានរោគសញ្ញាកូវីដ១៩ គឺមិនអនុញ្ញាតឱ្យធ្វើដំណើរទេ៕