ក្រុងខារទុំៈ ហ្វូងមនុស្សដែលមានទឹកចិត្តសប្បាយរីករាយបានឡើងទៅតាមដងផ្លូវនានាកាលពីថ្ងៃសៅរ៍ ខណៈក្រុមឧត្តមសេនីយ៍ និងក្រុមមេដឹកនាំតវ៉ាបានចុះកិច្ចព្រមព្រៀងមួយជាប្រវត្តិសាស្ត្រដែលបើកផ្លូវឲ្យស៊ីវិលគ្រប់គ្រងប្រទេសវិញនោះ។
ប្រជាជនរាប់ពាន់នាក់ដែលមានក្តីសប្បាយរីករាយបានជួបជុំគ្នានៅជុំវិញសាលមិត្តភាពនៅក្បែរទន្លេនីល ជាទីដែលឯកសារជាច្រើនដែលគ្របដណ្តប់ការផ្ទេរអំណាចរយៈពេល ៣៩ ខែរបស់ប្រទេសនេះត្រូវបានចុះហត្ថលេខា។
Saba Mohammed ជាស្ត្រីមានវ័យ ៣៧ ឆ្នាំដែលគ្រវីទង់ជាតិប្លាស្ទិកមួយបាននិយាយថា៖ «នេះគឺជាការប្រារព្ធពិធីដ៏ធំបំផុតដែលខ្ញុំមិនធ្លាប់បានឃើញទេ»។
ប៉ុន្មាននាទីមុននេះកិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខាដោយលោក Mohamed Hamdan Daglo អនុប្រធានក្រុមប្រឹក្សាយោធា និងលោក Ahmed al-Rabie ដែលតំណាងឲ្យសម្ព័ន្ធមិត្តដើម្បីសេរីភាព។
ក្រុមប្រមុខរដ្ឋនាយករដ្ឋមន្ត្រី និងអ្នកមុខអ្នកការមកពីប្រទេសជាច្រើនក្នុងនោះមាននាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed និងនាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mustafa Madbuli បានចូលរួមពិធីចុះហត្ថលេខានោះ៕ PSA