ក្រុង​​អ៊ីស្តង់ប៊ុល៖ ​ប្រធានាធិបតី​តួកគី​លោក ​រ៉េសិប​ តៃយីប ​អេរដូហ្គែន ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ព្រមាន​ប្រទេស ​អឺរ៉ុប ​ថា​ ខ្លួន​អាច​នឹង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ថ្មី​ចេញ​ពី​ក្រុម​អង្គការ​ភេរវករ​ ប្រសិន​បើ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស ​លីប៊ី ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ដួល​រលំ​មែន​នោះ​។​


នៅ​ក្នុង​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​សារព័ត៌មាន​ប៉ូលីទីកូ ​ស្តីពី​កិច្ច​ប្រជុំ​សន្តិភាព​នៅ​លីប៊ី​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ លោក ​អេរដូហ្គែន ​បាន​ថ្លែង​ថា​ ការ​ខកខាន​មិន​បាន​គាំទ្រ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ​(GNA)​ ឲ្យ​បាន​គ្រប់គ្រាន់​របស់​ប្រទេស​អឺរ៉ុប​ គឺ ​«​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​តម្លៃ​ដ៏​សំខាន់​ផ្ទាល់​របស់​ខ្លួន​ នៅ​ក្នុង​នោះ​រួម​មាន​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​»​។​

រដ្ឋាភិបាល ​GNA ​ដឹកនាំ​ដោយ​លោក ​ហ្វាយីស​ អាល់​-​សាររ៉ាច​ បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ចាប់​តាំង​ពី​ខែ​មេសា​ ចេញ​ពី​កងកម្លាំង​របស់​បុរស​ខ្លាំង​លោក ​ហ្គាលីហ្វាហាហ្វតា​ មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​ប្រទេស ​លីប៊ី​ ដោយ​មាន​ការ​វាយ​ប្រហារ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ជាង​ ២៨០ ​នាក់ ​និង​ក្រុម​យុទ្ធជន​ ​២ ០០០ ​នាក់​ផ្សេង​ទៀត​ស្លាប់ ​នៅ​ក្នុង​ជម្លោះ​នៅ​លីប៊ី​។​


លោក Giuseppe Conter (ស្តាំ) ​ពិភាក្សា​ជាមួយ​​បុរសខ្លាំង​លោក​ ហ្គាលីហ្វា ហាហ្វ​តារ(ឆ្វេង)នៅ​ទី​ក្រុង​រ៉ូម។ AFP


លោក ​អេរដូហ្គែន ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​របស់​លោក​ថា​៖ «​ប្រទេស​អឺរ៉ុប​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ និង​ការ​គំរាម​កំហែង​សាជា​ថ្មីៗ​ ប្រសិន​បើ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស ​លីប៊ី ​ពិត​ជា​ដួល​រលំ​មែន​នោះ​»​។​


«​ក្រុម​អង្គការ​ភេរវកម្ម​ដូច​ជា​ ​ក្រុម​អាយស៊ីស​ ISIS ​និង​ក្រុម​អាល់កៃដា​ ដែល​បាន​បរាជ័យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​យោធា​នៅ​ក្នុង​ប្រទេស ​ស៊ីរី​ និង​អ៊ីរ៉ាក់​ ហើយ​ពួក​គេ​អាច​នឹង​ស្វែងរក​ទឹក​ដី​ថ្មី​មួយ​ទៀត​ ដើម្បី​រៀប​ចំ​កម្លាំង​ឡើង​វិញ​»​។​

នៅ​ក្នុង​ការ​ផ្តួច​ផ្តើម​គំនិត​រួម​មួយ​ ប្រទេស ​តួកគី​ និង​រុស្ស៊ី ​បាន​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់បាញ់​គ្នា​មួយ​ ប៉ុន្តែ​លោក ​ហាហ្វតារ ​បាន​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​នៅ​សប្តាហ៍​នេះ​ ដោយ​មាន​គោល​បំណង​ចង់​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ចុង​ក្រោយ​។​

បុរសខ្លាំង​លោក​ ហ្គា​លីហ្វា ហាហ្វតារ​(​ទី​២​ស្តាំ)​ត្រូ​វ​​បាន​អមដោយ​បុគ្គលិក​​សន្តិសុខ​ផ្ទាល់របស់​លោក​។ AFP

លោក ​អេរដូហ្គែន ​បាន​ខឹង​យ៉ាង​ខ្លាំង​ ហើយ​បាន​ចោទ​ប្រកាន់​លោក ​ហាហ្វតារ​ ពី​បទ​ដើរ​ចេញ​ពី​ក្រុង​ម៉ូស្គូ​ ហើយ​បាន​ថ្លែង​ថា​ លោក​នឹង ​«​ផ្តល់​មេរៀន​ដល់​លោក ​ហាហ្វតារ​» ​ប្រសិន​បើ​លោក​ចាប់​ផ្តើម​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​ទៀត​នោះ​។​

រដ្ឋាភិបាល​របស់​លោក ​អេរដូហ្គែន ​បាន​គាំទ្រ​លោក ​សាររ៉ាច​ ហើយ​រដ្ឋសភា​តួកគី​កាល​ពី​ដើម​ខែ​នេះ​បាន​អនុម័ត​ឲ្យ​ដាក់​ពង្រាយ​កង​កម្លាំង​នៅ​​លីប៊ី​ ក្រោយ​ពី​បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្តិសុខ​៕ AFP/SK