កាលពីថ្ងៃពុធទី ២០ មករា ប្រទេសអេហ្ស៊ីប និងកាតាបានផ្ញើសេចក្តីសម្រេចជាផ្លូវការចំពោះការបន្តទំនាក់ទំនងការទូត។ បណ្តាប្រទេសនៅអារ៉ាប់ដឹកនាំដោយអារ៉ាប់រួម ឬ UAE ធ្លាប់មិនមានទំនាក់ទំនងការទូតល្អជាមួយកាតារួមទាំងការចោទប្រកាន់ថា រដ្ឋាភិបាលបានគាំទ្រក្រុមសកម្មប្រយុទ្ធក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមបាននិយាយថា លោករំពឹងនឹងបើកស្ថានទូតរបស់អារ៉ាប់រួមនៅកាតាឡើងវិញហើយទំនាក់ទំនងការទូតរវាងភាគីទាំង ២ នឹងចាប់ផ្តើមឡើងវិញនាពេលឆាប់ៗនេះ។ អារ៉ាប់រួមនឹងបើកច្រកចេញ-ចូលទៅកាតា ប៉ុន្តែការស្តារទំនាក់ទំនងការទូតឡើងវិញនឹងត្រូវការពេលវេលា។
ក្រុមមន្ត្រីអេហ្ស៊ីបបានឯកភាពលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចប្រជុំជាបន្តបន្ទាប់លើបញ្ហាមួយចំនួនដូចជាលីប៊ី និងក្រុម Muslim Brotherhood។
ការសម្រេចចិត្តស្តារទំនាក់ទំនងភាគីទាំង ២ ឡើងវិញដោយសារតែមានកិច្ចព្រមព្រៀង Al-Ula ដែលត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី ៤១ នៅអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ការធ្វើពហិការប្រឆាំងនឹងកាតាដោយកងពលអារ៉ាប់ អេហ្ស៊ីប អារ៉ាប់រួម និងបារ៉ែន។
ទំនាក់ទំនងក្នុងចំណោមប្រជាជាតិអារ៉ាប់បានរំជើបរំជួលក្នុងឆ្នាំ ២០១៧ នៅពេលដែលអារ៉ាប៊ីសាអ៊ូឌីត និងសម្ព័ន្ធមិត្តដូចជាអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីបបានហាមឃាត់ទំនាក់ទំនងការទូតពាណិជ្ជកម្ម និងការធ្វើដំណើរទៅកាតា។
បណ្តាប្រទេសទាំងនោះបានចោទប្រកាន់កាតាថា បានគាំទ្រដល់អំពើភេរវកម្ម និងស្និទ្ធស្នាល ជាមួយអ៊ីរ៉ង់ ហើយកាលពីឆ្នាំ ២០១៧ បណ្តាប្រទេសក៏ដូចជាអារ៉ាប់រួមបានចោទប្រកាន់ថា កាតា បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១៤ ជាមួយសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមានប្រទេសកាតាជាសមាជិក។ អេហ្ស៊ីប និងអារ៉ាប់រួម (UAE) ក៏មានទំនាស់ជាមួយប្រទេសកាតា និងតួកគីដែលទាក់ទងនឹងប្រទេសលីប៊ីផងដែរដែលរដ្ឋាភិបាលគាំទ្រភាគីប្រឆាំងនៅក្នុងសង្គ្រាមស៊ីវិល។
កាតាក៏បានទទួលស្គាល់ថាខ្លួនបានផ្តល់ជំនួយដល់ក្រុមអ៊ិស្លាមមួយចំនួន ប៉ុន្តែបានបដិសេធទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ិស្លាមអ៊ីរ៉ាក់។ កាតាបានអះអាងផងដែរថា ខ្លួនបានជួយដល់សហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងភេរវកម្ម និងអន្តរាគមន៍យោធាដែលកំពុងបន្តប្រឆាំងនឹងរដ្ឋអ៊ិស្លាមអ៊ីរ៉ាក់។
អេហ្ស៊ីប បានជំរុញឱ្យកាតាកាត់ផ្តាច់ទំនាក់ទំនងជាមួយ ក្រុម Muslim Brotherhood ដែលត្រូវបានគេអះអាងថាជាប្រភពដើមនៃភេរវកម្មអ៊ិស្លាម។
កាលពីឆ្នាំ ២០១៧ អារ៉ាប់រួមមិនទទួលនាវាកាតាដែលគ្រប់គ្រងដោយក្រុមហ៊ុន ឬបុគ្គលកាតាឡើយ។ អារ៉ាប៊ីសាអ៊ូឌីត បានបិទព្រំដែនជាមួយប្រទេសកាតារួមទាំងបានដាក់កម្រិតដែនអាកាសរបស់ខ្លួនទៅជើងហោះហើរកាតាផងដែរ។ ដូច្នេះជើងហោះហើររបស់កាតាទៅកាន់ទ្វីបអាហ្វ្រិក និងអឺរ៉ុបត្រូវហោះតាមរយៈដែនអាកាសអ៊ីរ៉ង់។ បន្ថែមពីការរឹតបន្តឹងទាំងនោះ អារ៉ាប់រួមក៏បានហាមធនាគារកណ្តាលរបស់ខ្លួនមិនឱ្យធ្វើពាណិជ្ជកម្មជាមួយកាតា ផងដែរ។
ក្រសួងការបរទេសកាតាបានរិះគន់ការហាមឃាត់នេះដោយលើកហេតុផលថា សកម្មភាពបែបនេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកាតា។ កាតាបានបដិសេធការអះអាងរបស់អារ៉ាប៊ី សាអ៊ូឌីតដែលថា កាតាបានគាំទ្រអ៊ីរ៉ង់ ដោយលើកឡើងថា ប្រទេសកាតា គឺជាអ្នកផ្តល់មូលនិធិប្រឆាំងនឹងអ៊ីរ៉ង់៕