ក្រុង​តេអេរ៉ង់៖ ប្រមុខ​ទីភ្នាក់ងារ​អាតូមិក​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​រិះគន់​ក្រុម​ប្រទេស​មហា​អំណាច​នៅ​អឺរ៉ុប ដោយ​បាន​និយាយ​ថា ជា​ការ​​ក្បត់​​កិច្ច​សន្យា​របស់​ពួក​គេ​ ដែល​បាន​ផ្តល់​​ឲ្យ​សាធារណរដ្ឋ​អ៊ិស្លាម​នេះ​នូវ​ជម្រើស​តិចតួច ​ប៉ុន្តែ​ប្រទេស​នេះ​បាន​​កាត់​បន្ថយ​ការ​ប្តេជ្ញា​របស់​ខ្លួន​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​មួយ។


លោក Ali Akbar Salehi ​បាន​ថ្លែង​នៅ​កាន់​ក្រុម​អ្នក​កាសែត​រួម​ជា​មួយ​លោក ​Cornel Feruta ប្រមុខ​ស្តីទី​នៃ​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ ​(IAEA) ​ដែល​បំពេញ​ទស្សនកិច្ច​មួយ​ថ្ងៃ​នៅ​ក្រុង​តេអេរ៉ង់។


ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ IAEA ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​​អ៊ីរ៉ង់​និយាយ​ថា​ ខ្លួន​កំពុង​ដំឡើង​ម៉ាស៊ីន​បំបែក​ធាតុ​ទំនើបៗ​ជា​ច្រើន​គ្រឿង​ដែល​អាច​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នូវ​អាត្រា​មួយ​លឿន ជា​វិធាន​ការ​ថ្មី​បំផុត​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥ ​ជា​ប្រវត្តិសាស្ត្រ​នេះ។


វិធានការ​នេះ ​គឺ​ជា​ជំហាន​ទី ៣ ​នៅ​ក្នុង​យុទ្ធសាស្ត្រ​មួយ​ដែល​អ៊ីរ៉ង់​បាន​អនុវត្ត​នៅ​ក្នុង​ខែ​ឧសភា​ ដោយ​បាន​កាត់​បន្ថយ​ការ​ប្តេជ្ញា​​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ ដើម្បី​បង្ខំ​ឲ្យ​ភាគី​ដែល​នៅ​សល់​នៃ​កិច្ច​ព្រមព្រៀង​នេះ​ គោរព​ពាក្យ​សន្យា​ចំពោះ​​ការ​កាត់​បន្ថយ​ទណ្ឌកម្ម​របស់​អាមេរិក​។


អង់គ្លេស​ បារាំង​ និង​អាល្លឺម៉ង់ ​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ​ដែល​បាន​​ចាប់​ផ្តើម​ប្រេះ​ស្រាំ​កាល​ពី​ឆ្នាំ​ទៅ​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ ​US ​ដូណាល់ ​ត្រាំ​ បាន​ដក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ និង​បាន​ចាប់​ផ្តើម​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ប្រទេស ​អ៊ីរ៉ង់ ​ជា​ថ្មី។


លោក Salehi​ បាន​ថ្លែង​ទៀត​ថា៖ ​«សហភាព​អឺរ៉ុប​ ត្រូវ​បាន​សន្មត​ថា​ជា​អ្នក​ជំនួស​អាមេរិក​ ដោយសារ​តែ​ពួក​គេ​បាន​ខកខាន​មិន​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ពួក​គេ​»៕ AFP/PSA