កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ​១០ ខែ មករា ​គណៈ​ប្រតិភូការ​ទូត​កូរ៉េ​ខាង​ត្បូង បាន​ទៅ​ដល់​ប្រទេស​អ៊ីរ៉ង់ ​ដើម្បី​ចរចា​ករណី​នាវា​ដែល​មាន​ទង់​ជាតិ​កូរ៉េ​ខាង​ត្បូង ​ដែល​បាន​ឃាត់​ដោយ​អ៊ីរ៉ង់។ ប្រទេស​អ៊ីរ៉ង់ ​បាន​និយាយ​ថា ករណី​កប៉ាល់​នេះ​ត្រូវ​ដោះស្រាយ​នៅ​តុលាការ។


ប្រទេស​អ៊ីរ៉ង់ ​បាន​និយាយ​ថា ការ​ឃាត់​កប៉ាល់​នេះ គឺ​ដោយសារ​កប៉ាល់​នេះ​បាន​ល្មើស​ទៅ​លើ​គោលការណ៍​បរិស្ថាន។ នៅ​លើ​កប៉ាល់​នោះ​មាន​ផ្ទុក​មនុស្ស​ប្រមាណ ​២០ ​នាក់។ អ្នក​ទាំង ​២០ ដែល​នៅ​លើ​កប៉ាល់​នោះ​មាន​ជនជាតិ​ឥណ្ឌូនេស៊ី ​វៀតណាម មីយ៉ាន់ម៉ា​ និង​កូរ៉េ​ខាង​ត្បូង​។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក​ Mohammad Javad Zarif ​បាន​និយាយ​ថា​ ករណី​កប៉ាល់​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ និង​យុត្តិធម៌ ហើយ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​រដ្ឋាភិបាល។ ​


ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ ខ្លួន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា ​កប៉ាល់​នេះ​បាន​ល្មើស​នូវ​គោល​ការណ៍​បរិស្ថាន។


ក្រោយ​ជំនួប​រវាង​ភាគី​ទាំង ២ ​នៅ​ថ្ងៃទី ​១១ ​មករា ​អនុរដ្ឋមន្រ្តី​ ក្រសួង​ការ​បរទេស​កូរ៉េខាងត្បូង ​លោក ​Choi Jong-kun ​និង​លោក​ Mohammad Javad Zarif បាន​និយាយ​ថា អ៊ីរ៉ង់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទឹក​ប្រាក់​ប្រមាណ ៧ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ដែល​ជាប់​នៅ​ធនាគារ​កូរ៉េខាងត្បូង ​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។


ប្រទេស​អ៊ីរ៉ង់​ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​អំពី​ការ​រឹបអូស​យក​នាវា​ដឹក​ប្រេង​នោះ​ថា​ ជា​ការ​ចាប់​ចំណាប់​ខ្មាំង។​ ប៉ុន្តែ​អ៊ីរ៉ង​បាន​ទទូច​ថា​ កូរ៉េខាងត្បូង​បាន​កាន់​កាប់​នូវ​ប្រាក់​អ៊ីរ៉ង់​ទុក​ដោយ​ខុស​ច្បាប់​អស់​រយៈពេល​ជាង ​២ ឆ្នាំ ​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។

ទេសាភិបាល​ធនាគារ​កណ្តាល​អ៊ីរ៉ង់ ​លោក AbdolnaserHemmati​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ប្រកាន់​យក​នូវ​វិធីសាស្រ្ត​ឯករាជ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក​បាន​លើក​ឡើង​ពី​ការ​បញ្ចេញ​ប្រាក់​របស់​អ៊ីរ៉ង់​ ដែល​នោះ​ជាប់គាំង​នៅ​ធនាគារ​កណ្តាល​ប្រទេស​កូរ៉េខាងត្បូង។

ទោះបី​ជា​មាន​ការ​បដិសេធ​ពី​ភាគី​អ៊ីរ៉ង់​ក៏​ដោយ​ប្រទេស​នេះ​ហាក់បី​ដូចជា​ចង់​ដោះ​ស្រាយ​បញ្ហា​នាវា​នេះ​ ដោយ​ទឹក​ប្រាក់​ដែល​​ជាប់​គាំង​នៅ​ធនាគារ​កណ្តាល​​កូរ៉េខាងត្បូង។​ ក្នុង​កិច្ច​ប្រជុំ​រវាង​ភាគី​កូរ៉េខាងត្បូង ​និង​អ៊ីរ៉ង់ លោក​ Hemmati​ បាន​និយាយ​ថា​៖ «ទឹក​ប្រាក់​ចំនួន ​៧ ពាន់​លាន​​ដុល្លារ ដែល​ជា​កម្មសិទ្ធិ​របស់​ប្រទេស​អ៊ីរ៉ង់ ​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ធនាគារ​កូរ៉េ​ខាង​ត្បូង​អស់​រយៈពេល​ជាង ​២ ឆ្នាំ​មក​ហើយ​រឿង​នេះ ​យើង​មិន​អាច​ទទួល​យក​បាន​ឡើយ​ហើយ​អ៊ីរ៉ង់​ច្បាស់​ជា​មិន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ទេ»។

លោក ​Hemmati​ បាន​និយាយ​បន្ត​ថា៖ «ធនាគារ​កូរ៉េខាងត្បូង​បាន​បង្កក​ប្រាក់​របស់​យើង​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ ​សូម្បី​តែ​ប្រាក់​បញ្ញើ​របស់ យើង​ក៏​មិន​បាន​ទទួល​ការ​ប្រាក់​​ដែរ។ ​ការ​បង្កក​ប្រាក់​របស់​យើង​នៅ​កូរ៉េ​ខាង​ត្បូង ​គឺ​ជា​​បញ្ហា​ប្រឈម​ចម្បង​របស់​យើង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង»។

លោក​បាន​បន្ត​ថា ​អ៊ីរ៉ង់​មាន​ប្រាក់​នៅ​ប្រទេស​ផ្សេងៗ​ដែរ ប៉ុន្តែ​អ៊ីរ៉ង់​អាច​ប្រើប្រាក់​ទាំង​នោះ​បាន ​ទោះបី​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ក៏​ដោយ។​ ប៉ុន្តែ​កូរ៉េខាងត្បូង​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​ប្រើ​ប្រាក់​ទាំង​នោះ​ទេ​។

អ៊ីរ៉ង់​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ ​២២០ ​លាន​ដុល្លារ​អាមេរិក ​ដើម្បី​ចំណាយ​លើ​វ៉ាក់សាំង​កូវីដ ១៩។​ ដូច្នេះ​ប្រាក់​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ធនាគារ​កណ្តាល​កូរ៉េ​ខាង​ត្បូង​អាច​ដើរ​តួ​សំខាន់​ក្នុង​ការ​ដែល​ប្រទេស​អ៊ីរ៉ង់ ​ចំណាយ​ទៅ​លើ​វ៉ាក់សាំង​កូវីដ ​១៩។

មក​ដល់​បច្ចុប្បន្ន​​ អ្នក​ទាំង ​២០ ​នាក់​ ដែល​នៅ​លើ​នាវា​នោះ​ត្រូវ​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​មាន​សុវត្ថិភាព​ហើយ​មិន​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ណា​មួយ​ឡើយ។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន ABC News៕