កាលពីថ្ងៃអង្គារ ទី ៦ មេសា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវដល់អង្គការណាតូ (NATO) ដើម្បីរៀបចំផ្លូវសម្រាប់ប្រទេសចូលរួមជាមួយសម្ព័ន្ធភាពយោធាលោកខាងលិចនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពនៅជិតតំបន់ព្រំដែនមានជម្លោះ Donbass។
បើតាមសេចក្ដីថ្លែងការណ៍មួយរបស់ខុទ្ទកាល័យប្រធានាធិបតី លោក Zelenskiy បានប្រាប់លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូតាមទូរស័ព្ទថា៖ «ណាតូគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាមនៅ Donbass»។
លោកបានបន្តទៀតថាផែនការសមាជិកភាពរបស់អ៊ុយក្រែនចូលទៅក្នុងសម្ព័ន្ធភាព« នឹងជាសញ្ញាដ៏ពិតប្រាកដមួយសម្រាប់ប្រទេសរុស្ស៊ី»។
ការអត្ថាធិប្បាយរបស់លោក Zelenskiy បានទាក់ទាញការរិះគន់ជាបន្ទាន់ពីទីក្រុងមូស្គូ ដែលបាននិយាយថា ការខិតទៅរកណាតូអាចធ្វើឱ្យស្ថានភាពនៅ Donbass កាន់តែពិបាកថែមទៀត ដែលអំពើហិង្សាបានកើនឡើងនៅតំបន់នេះក្នុងប៉ុន្មានថ្ងៃថ្មីចុងក្រោយនេះ។
ក្រុមផ្ដាច់ខ្លួននៅតំបន់ Donbass ដែលគាំទ្រដោយរុស្ស៊ីបានប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដែលជម្លោះនេះបានសម្លាប់មនុស្ស ១៤.០០០ នាក់។ ក្រុង Kyiv បានរាយការណ៍ថាមានទាហាន ២ នាក់ទៀតត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ហើយនៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតលោក Zelenskiy បាននិយាយថា ទាហានអ៊ុយក្រែន ២៤ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីដើមឆ្នាំនេះ។
អ៊ុយក្រែនបានរាយការណ៍ថា ទាហានរុស្សីបានប្រមូលផ្ដុំនៅព្រំដែននៅព្រំដែនចាប់ផ្ដើមពីចុងខែមីនា រហូតមកដល់ពេលនេះ។ រុស្សីបាននិយាយថា ការចល័តកងទ័ពនេះ គឺគ្រាន់តែជាចលនាការពារប៉ុណ្ណោះ ហើយការចូលរួមរបស់ណាតូនឹងបង្កឱ្យស្ថានភាពពិបាកជាងមុន។