អ៊ុយក្រែន​ពង្រឹង​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត


20140523_19
ទាហាននៃកងទ័ពអ៊ុយក្រែន ឈរការពារលើរថពាសដែក នៅក្រុង Izyum នៃតំបន់ខារគីវ AFP

ក្រុងកៀវៈ អាមេរិក បាន​បង្កើន​សម្ពាធ​លើ​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ ជុំវិញ​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ជា​ទី​ដែល​ក្រុម​អាជ្ញាធរ​កំពុង​តែ​ចល័ត​ប៉ូលិស​រាប់​ម៉ឺន​នាក់​ដើម្បី​ការពារ​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​គំរាមកំហែង​ដោយ​ការ​បះបោរ​បង្ហូរ​ឈាម​ដែល​កំពុង​រឹតរួត​នៅ​ភាគ​ខាង កើត​។

អនុប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​គំរាមកំហែង​បន្ថែម​ទណ្ឌកម្ម​លើ​ក្រុង​ម៉ូស្គូ បើ​សិន​ជា​ក្រុង​ម៉ូស្គូ រំខាន​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ ថ្ងៃ​អាទិត្យ ដែល​គេ​ឃើញ​ថា​មាន​សារៈសំខាន់​ដើម្បី​រារាំង​សង្គ្រាម​ស៊ីវិល​ពេញ​បន្ទុក នៅ​មាត់​ជណ្ដើរ​របស់​អឺរ៉ុប។

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​នៅ​មុន​ការ​បោះឆ្នោត​នេះ អំពើ​ហិង្សា​ហាក់​បាន​ថយ​ចុះ​បន្តិច​នៅ​ភាគ​ខាង​កើត ដែល​កងទ័ព​អ៊ុយក្រែន បាន​និង​កំពុង​ប្រយុទ្ធ​ស្ទើរតែ​៦​សប្ដាហ៍ ដើម្បី​កម្ទេច​ការ​បះបោរ​គាំទ្រ​រុស្ស៊ី។

ក្នុង ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅ កាន់​ក្រុង​ចំណុច​ក្ដៅ​ស្លាវយាន់ស្គ៍ ប្រធានាធិបតី​បណ្ដោះអាសន្ន​លោក​អូឡិកសាន់ដ៍ ទួរឈីណូវ​បាន​និយាយ​ថា ប្រជាជន​តំបន់​ខាង​កើត «កំពុង​ចាប់ផ្ដើម​យល់​ថា​ក្រុម​ភេរវករ​ទាមទារ​បំបែក​ខ្លួន​កំពុង​ដឹកនាំ ប្រទេស​ទៅ​កាន់​បាតសមុទ្រ​ដ៏ជ្រៅ​»។

ក្នុង​ជំហាន​ដ៏សំខាន់​មួយ ដែល លោក​ខាង​លិច​បាន​ទាមទារ​ដើម្បី កាត់បន្ថយ​ភាព​តានតឹង រុស្ស៊ី​បាន​និយាយ​ថា​ក្រុម​ទាហាន​របស់​ខ្លួន​កំពុង​វេច​ខោអាវ​និង​ចាកចេញ ពី​ព្រំដែន​អ៊ុយក្រែន ថ្វីបើ​ក្រុង​វ៉ាស៊ីនតោន និង​ណាតូ​ទទូច​ថា​ពួកគេ​មិន​ឃើញ​មាន​សញ្ញា នៃ​ការ​ដក​ចេញ​ក្ដី​។

អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​នឹង​ពង្រាយ​ប៉ូលិស​៥៥​ពាន់​នាក់ និង​អ្នក​ស្ម័គ្រ​ចិត្ត​ពីរ​ម៉ឺន​នាក់​ដើម្បី​ព្យាយាម​ធានា​សុវត្ថិភាព នៅ​ថ្ងៃ​បោះឆ្នោត​។

លោក​បៃដិន​ក៏​បាន​សរសើរ​រដ្ឋាភិបាល​ក្រុង​កៀវ​ដែល គាំទ្រ​លោក​ខាង​លិច​សម្រាប់​«វិធានការ​ជាច្រើន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​នឹង​ពលរដ្ឋ​អ៊ុយក្រែន​ពី​គ្រប់​តំបន់​នៃ ប្រទេស​នៅ​ខាង​កើត និង​ខាង​ត្បូង​លើ​បញ្ហា​ស្ដីពី​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​៕ MN

ព័ត៌មានថ្មីៗ