អ្នកជំនាញ៖ កូវីដ ១៩ ជាមហន្តរាយដែលអាចគ្រប់គ្រងបានដំបូងឡើយ
ការរាតត្បាតនៃជំងឺកូវីដ ១៩ បានបង្ហាញពីការបរាជ័យដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាលនានានៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវឡើងវិញមួយរបស់ក្រុមអ្នកជំនាញឯករាជ្យក្រោមបញ្ជារបស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយកាលពីថ្ងៃទី ១២ ឧសភា ម្សិលមិញ។
របាយការណ៍បានរកឃើញបញ្ហាជាច្រើនចាប់ពីប្រតិកម្មទៅនឹងវីរុសកូរ៉ូណាយឺតពីដំបូងៗរហូតដល់ «តំណខ្សោយនៅគ្រប់ចំណុចនៅក្នុងចង្វាក់នៃការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស» ។
របាយការណ៍កម្រាស់ ៨៦ ទំព័រនេះ ចេញផ្សាយក្រោយពេលដែលក្រុមអ្នកជំនាញឯករាជ្យរបស់ The Independent Panel ត្រូវបានកោះប្រជុំកាលពីខែកញ្ញាឆ្នាំ ២០២០ ជាច្រើនខែ បន្ទាប់ពីសមាជិកសភាសុខភាពពិភពលោកបានបោះឆ្នោត ដើម្បីទាមទារឱ្យអង្គការសុខភាពពិភពលោកបញ្ជាឱ្យពិនិត្យស្រាវជ្រាវជាឯករាជ្យមួយនៃការឆ្លើយតបជាសកលនៃវិបត្តិសុខាភិបាល។
ស្ថាប័នដែលមានសមាជិក ១៣ រូបនេះ ត្រូវបានដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Helen Clark និងអតីតប្រធានាធិបតីលីបេរីយ៉ាលោកស្រី Ellen Johnson Sirleaf ។
របាយការណ៍បាននិយាយថាកូវីដ ១៩ ដំបូងឡើយជាមហន្តរាយដែលអាចការពារបាន ខណៈប្រព័ន្ធនៃការការពារការឆ្លងខ្ពស់ មិនមានភាពច្បាស់លាស់ ដែលធ្វើឱ្យវីរុសកូវ៉ូណាវិវត្តទៅជាជំងឺរាតត្បាត។
បញ្ហានៃការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតបានចាប់ផ្តើមតាំងពីដំបូង។ ក្រុមអ្នកជំនាញបាននិយាយថាអង្គការសុខភាពពិភពលោកគួរតែប្រកាសអាសន្នជាសកលមុនថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០ និងបានផ្តល់អនុសាសន៍ឱ្យមានការរឹតត្បិតការធ្វើដំណើរដើម្បីការពារការផ្ទុះឡើងនៃជំងឺរាតត្បាត បន្ទាប់ពីករណីឆ្លងជាចង្កោមត្រូវបានរាយការណ៍ដំបូងនៅក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ ២០១៩។
របាយការណ៍ដដែលបានឱ្យដឹងថារដ្ឋាភិបាលនានាបានខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃហាក់មិនសូវមានការព្រួយបារម្ភហើយថាប្រទេសទាំងអស់គួរតែធ្វើសកម្មភាពឆ្លើយតបនឹងវីរុស ដើម្បីទប់ស្កាត់ផលប៉ះពាល់នានានៃការរាតត្បាតតាំងពីខែកុម្ភៈ ឆ្នាំ ២០១៩ ជាខែដែលរបាយការណ៍នេះហៅថា «ខែបាត់បង់»។
របាយការណ៍ដែលសិ្ថតក្រោមការបញ្ជារបស់ WHO មួយនេះបានបន្ថែមទៀតថាបើកំណត់បញ្ហាជាប្រព័ន្ធ អង្គការសុខភាពពិភពលោកខ្វះអំណាចក្នុងការស៊ើបអង្កេត និងខ្វះការឆ្លើយតបរហ័សនៅពេលប្រឈមនឹងការផ្ទុះឡើងនៃវីរុសហើយភាពជាអ្នកដឹកនាំនយោបាយសកលបានអវត្តមាននាពេលនោះ។
យោងតាមក្រុមឯករាជ្យថ្លែងក្នុងថ្ងៃចេញរបាយការណ៍ថា ការរួមបញ្ចូលគ្នានៃជម្រើសយុទ្ធសាស្ត្រដែលខ្សោយការមិនចង់ដោះស្រាយភាពមិនស្មើភាពគ្នា និងប្រព័ន្ធដែលគ្មានការសម្របសម្រួលបានអនុញ្ញាតឱ្យជំងឺរាតត្បាតក្លាយទៅជាវិបត្តិសេដ្ឋកិច្ចមនុស្ស។
មកទល់ពេលនេះកូវីដ ១៩ បានឆក់យកជីវិតមនុស្សជាង ៣,៣ លាននាក់ បំផ្លាញប្រាក់រាប់ពាន់លានដុល្លារនៅក្នុងផលិតកម្ម និងធ្វើឱ្យវិសមភាពសង្គមសេដ្ឋកិច្ចកាន់តែអាក្រក់នៅជុំវិញពិភពលោក។
លោកស្រី Sirleaf បានថ្លែងថា៖ «សាររបស់យើងគឺសាមញ្ញ និងច្បាស់៖ ប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នបានបរាជ័យក្នុងការការពារយើងពីជំងឺរាតត្បាតកូវីដ ១៩» ។
ទោះយ៉ាងណារបាយការណ៍ក៏បានចង្អុលបង្ហាញអំពីចំណុចវិជ្ជមានមួយចំនួនផងដែរ ដូចជាការខិតខំប្រឹងប្រែងវីរភាពរបស់បុគ្គលិកសុខាភិបាលការចែករំលែកទិន្នន័យ និងវិទ្យាសាស្ត្រជាសកលការប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្កើតវ៉ាក់សាំង និងភាពជោគជ័យរបស់ប្រទេសមួយចំនួនក្នុងការផ្តួលរំលំកូវីដ ១៩។
របាយការណ៍នេះបាននិយាយថា៖ «ពិភពលោកមិនអាចផ្តោតអារម្មណ៍បានតែលើកូវីដ ១៩ នោះទេ តែត្រូវរៀនពីវិបត្តិមួយនេះ ដើម្បីគ្រោងសម្រាប់ថ្ងៃក្រោយទៀត»៕
ហួន ឌីណា







