អ្នកវិទ្យាសាស្ត្រ​នយោបាយ​ជនជាតិ​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​ម៉ាសាឈូសេត​ត្រូវបាន​គេ​ចោទប្រកាន់ថា​ធ្វើការ​ជាសម្ងាត់​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ ខណៈ​បុគ្គល​នេះ​ប៉ុនប៉ង​បញ្ជុះបញ្ចូល​មន្ត្រី​សហរដ្ឋអាមេរិក​ទាក់ទិន​នឹង​គោលនយោបាយ​នុយក្លេអ៊ែរ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​ថ្នាក់ជាតិ​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​។


ទីភ្នាក់ងារ FBI បាន​ចាប់ខ្លួន​លោក Kaveh LotfolahAfrasiabi នៅឯ​ផ្ទះ​របស់គាត់​នៅ​ទីក្រុង Watertown ក្នុង​រដ្ឋ​ម៉ាសាឈូសេត​កាលពី​ថ្ងៃ​ចន្ទ​។ លោក​ត្រូវបាន​តុលាការ​រដ្ឋ​ញូវយ៉ក ចោទប្រកាន់​ពីបទ​ធ្វើ​សកម្មភាព និង​ឃុបឃិត​ធ្វើ​សកម្មភាព ធ្វើជា​ទីភ្នាក់ងារ​ដែល​មិនបាន​ចុះបញ្ជី​ឱ្យ​អ៊ីរ៉ង់​។

អាជ្ញាធរ​បាន​និយាយថា​លោក Afrasiabi ជា​ពលរដ្ឋ​អ៊ីរ៉ង់ និង​ជា​ពលរដ្ឋ​អចិន្រៃ្តយ៍​ស្របច្បាប់​របស់​សហរដ្ឋ​អាមេរិក ហើយ​ធ្វើការ​ក្រោម​ការឧបត្ថម្ភ​ដោយ​អ្នកការទូត​អ៊ីរ៉ង់ និង​ត្រូវបាន​ចាត់​ឱ្យទៅ​ធ្វើ​បេសកកម្ម​អចិន្រៃ្តយ៍​ឱ្យ​សាធារណរដ្ឋ​អ៊ិ​ស្លាម​អ៊ីរ៉ង់​នៅ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​ញូវយ៉ក ចាប់តាំងពី​ឆ្នាំ ២០០៧ មក​ម្ល៉េះ​។ ក្រុមមន្ត្រី​បាន​បន្តថា ជារឿយៗ លោក​តែង​បង្ហាញខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​សរសេរ​អត្ថបទ និង​បញ្ចុះបញ្ចូល​មន្ត្រី​អាមេរិក​ដើម្បី​គាំទ្រ​របៀបវារៈ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ទៀតផង​។


គួរបញ្ជាក់​ផងដែរ​ថា ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​បាន​បើក​បណ្តឹង​ចោទប្រកាន់​លោក Afrasiabi ទាក់ទិន​នឹង​សកម្មភាព​ឃុបឃិត​ធ្វើជា​ភ្នាក់ងារ​បរទេស ដែល​មិនបាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​អ៊ីរ៉ង់​ដោយ​រំលោភច្បាប់ ចុះឈ្មោះ​ភ្នាក់ងារ​បរទេស​ (FARA)​។


FARA គឺជា​លក្ខន្តិកៈ​មួយ​នៃ​ការបង្ហាញ​ជា​សាធារណៈ​មួយ​ដែល​បាន​បង្កើតឡើង ដើម្បី​លើកកម្ពស់​តម្លាភាព​នៅក្នុង​វិស័យ​នយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​សហរដ្ឋអាមេរិក​ក្នុងចំណោម​ប្រទេស​ដទៃទៀត​ទាក់ទិន​ទៅនឹង​ឥទ្ធិពល​បរទេស​។


ក្នុង​ឆ្នាំ​ ២០០៩ លោក​ Afrasiabi បាន​ជួយ​សមាជិកសភា​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ធ្វើ​សេចក្តីព្រាង​ស្ដីអំពី​កិច្ចចរចា​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​ទៅឱ្យ​ប្រធានាធិបតី​លោក Barack Obama​។ យ៉ាងណាមិញ លោក​មិនដែល​បាន​ប្រាប់​ជា​សាធារណៈ​ថា​លោក ធ្វើការ​ឱ្យ​អ៊ីរ៉ង់​ទេ​។

បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​របស់​យោធា​អាមេរិក​នៅ​ខែមករា ឆ្នាំ​ ២០២០ ដែល​បានសម្លាប់​ឧត្តមសេនីយ៍​លោក Qassem Soleimani ដែលជា​ប្រមុខ​កងកម្លាំង​ Quds របស់​អ៊ីរ៉ង់​លោក Afrasiabi បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ និង​តំណាង​អចិន្រៃ្តយ៍​របស់​អង្គការសហប្រជាជាតិ​ថា ដើម្បី​ជាការ​ឆ្លើយតប​អ៊ីរ៉ង់​គួរតែ «​បញ្ឈប់​រាល់​ការត្រួតពិនិត្យ និង​បញ្ចប់​រាល់​ព័ត៌មាន ទាក់ទិន​នឹង​សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​កំពុងតែ​រង់ចាំ​ការថ្កោលទោស (​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​) ពី​បទឧក្រិដ្ឋ​ខុសច្បាប់ ដែល​ជា​ច្បាប់​របស់​អាមេរិក​»​។

យោងទៅតាម​ឯកសារ​របស់​តុលាការ​លោក Afrasiabi បាន​សរសេរ​ថា ការធ្វើ​ដូចនេះ វា​ជា វិធី​ដែល «​បំបាក់ទឹកចិត្ត​សត្រូវ​» និង «​ធ្វើឱ្យ​លោក​ Donald Trump ចុះខ្សោយ ប៉ុន្តែ​ពង្រឹង​សមត្ថភាព​គូប្រជែង​គាត់​វិញ​» ។

ជំនួយការ​អគ្គព្រះរាជអាជ្ញា​លោក John Demers បាន​និយាយថា លោក Afrasiabi បានបង្ហាញ​ខ្លួន​ឱ្យ​សភា​អ្នកសារព័ត៌មាន និង​សាធារណជន​អាមេរិក​ថា​ជា​អ្នកជំនាញ​អព្យាក្រឹត និង​គោលដៅ ១ ​រូប​ទាក់ទិន​នឹង​ប្រទេស​អ៊ីរ៉ង់​។

លោក William Sweeney ​ជំនួយការ​នាយក​ទទួល​បន្ទុក​ការិយាល័យ​នៅ​ញូវយ៉ក របស់​ភ្នាក់ងារ FBI បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​លោក Afrasiabi មិនដែល​ប្រាប់​សមាជិកសភា​អ្នក​សារព័ត៌មាន​ ឬ​អ្នក​ផ្សេងទៀត ថា​តួនាទី​របស់លោក​មាន​ឥទ្ធិពល​ទៅលើ​ប្រទេស​របស់​យើង ឬថា​ខ្លួន​គាត់​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​ក្នុងការ​ចាក់​ពណ៌​វិជ្ជមាន​ពី​ប្រទេស​នេះឡើយ​»​។

លោក Alireza Jafarzadeh នាយករង​ការិយាល័យ​យុទ្ធសាស្ត្រ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាវជ្រាវ​ជាតិ​ NCRI ​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​ប្រាប់​អ្នក​ត្រួតពិនិត្យ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា «​វា​ជា​សកម្មភាព គួរតែ​ធ្វើ ប៉ុន្តែ​ហួសពេល​យូរពេក​»​។

លោក Jafarzadeh បាន​និយាយថា​៖ «​ជា​អកុសល​ក្នុង​រយៈពេល ៣ ​ទសវត្សរ៍​របប​អ៊ីរ៉ង់​បាន​បើក​ដំណើរការ​បណ្តាញ ភ្នាក់ងារ និង​ប្រតិបត្តិករ​ជាច្រើន​ដែល​ភាគច្រើន​ជា​ជនជាតិ​អាមេរិក និង​រំលោភច្បាប់​អាមេរិក ច្បាស់​ណាស់​។ និទណ្ឌភាព​ដែល​រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​ក្នុង​ការដាក់​ប្រេសិត​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើឱ្យ​ពួកគេ​មាន​ការរីកចម្រើន​»៕