ក្រុង​វ៉ា​មេណាៈ យោធា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កង​កម្លាំង​សន្តិសុខ​ឥណ្ឌូនេស៊ី បាន​រក​ឃើញ​សាក​សព​មនុស្ស ១៦ នាក់ ក្រោយ​ពី​មាន​ការ​សម្លាប់​រង្គាល​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅ​ក្នុង​ខេត្ត​ប៉ាពួ។


អ្នកស្លាប់ ដែល​ត្រូវគេ​អះអាង​នោះ ត្រូវបាន​គេ​ជឿថា ជា​កម្មករសំណង់ ជា​ចំនួន​សម្លាប់​ច្រើន​បំផុត​នៅ​ក្នុង​អំពើ​ហិង្សា​ដែល​កើត​ឡើង​ក្នុង​តំបន់​មួយ​ដែល​រង​ការ​វាយ​ប្រហារ ដោយ​ការ​បះបោរ​ដើម្បី​ឯករាជ្យ។


មេបញ្ជាការ​យោធា​តំបន់​លោក Binsar Panjaitan បាន​ថ្លែងថា សាកសព​ទាំង​នោះ នឹង​ត្រូវ​បាន​នាំ​យក​ចេញ​ពី​ស្រុក Nduga ជា​តំបន់​ភ្នំ​ជាទី​ដែល​ការ​វាយ​ប្រហារ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ទៅ​កាន់​ទីប្រជុំ Timika។


លោក Panjaitan បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅក្នុង​ខេត្ត​ប៉ាពួ​ថា៖ «ព័ត៌មាន​ថ្មី​បំផុត គឺថា សាកសព ១៦ នាក់​ត្រូវ​បាន​រក​ឃើញ»។


មុននេះ​ដំណើររឿង​ដែល​ផ្តល់ ដោយ​យោធា​បាន​រៀបរាប់​លម្អិត អំពី​ការ​សម្លាប់​មនុស្ស​យ៉ាង​តិច ១៩ នាក់​ក្នុង​ទម្រង់​នៃ​ការ​សម្លាប់ ដោយ​ការ​បាញ់ ឬ​អារក។


របាយការណ៍​ជាច្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានដាក់​ចំនួន​ស្លាប់​ចន្លោះ​ពី ២៤ នាក់​និង ៣១ នាក់។ កាល​ពី​ថ្ងៃ​សុក្រ យោធា​នោះ​បាន​ព្រមាន​ថា ខ្លួន​មិន​ទាន់​ច្បាស់​ថា​តើ​អ្នក​ស្លាប់​ទាំង​អស់​នោះ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​បាន​និង​កំពុង​សាង​សង់​ស្ពាន និង​ផ្លូវ​ជា​ផ្នែក​នៃ​កិច្ច​ប្រឹង​ប្រែង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​ក្រីក្រ​មួយ​នេះ។

ចំណែក មនុស្ស ១៥ នាក់​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​និយោជិត ៧ នាក់​របស់​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​តំបន់​នោះ៕