ក្រុងដាម៉ាសៈ អ្នកឆ្លើយឆ្លងសារព័ត៌មាន AFP ម្នាក់ បានរាយការណ៍ថា ប្រេសិតពិសេសថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរីលោក Geir Pedersen បានទៅដល់ក្រុងដាម៉ាសនៅថ្ងៃអង្គារនេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីលោក ត្រូវបានតែងតាំងមក។
អ្នកការទូតន័រវែសនេះ ដែលជំនួសលោក Staffan de Mistura គឺជាអ្នកចរចាទី ៤ ដែលត្រូវបានតែងតាំង ជាប្រេសិតពិសេស អ.ស.ប. ប្រចាំនៅស៊ីរី ចាប់តាំងពីសង្រ្គាមស៊ីវិល បានផ្ទុះឡើងនៅក្នុងឆ្នាំ ២០១១។
លោក ត្រូវគេឃើញដើរចូលទៅក្នុងសណ្ឋាគារមួយនៅក្រុងដាម៉ាស និងត្រូវបានរំពឹងថានឹងធ្វើចរចាជាមួយក្រុមមន្ត្រីជាន់ខ្ពស់ ថ្វីបើគ្មានកម្មវិធីផ្លូវការសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រូវបានចុះផ្សាយក្តី។
ក្រុមមន្តីនៅក្នុងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីបាសារ-អាល់-អាសាដ បានបង្កើតបរិយាកាសសម្រាប់អាណត្តិរបស់ប្រេសិតពិសេសថ្មីនេះក្រោយពីទទួលបានដំណឹងពីការតែងតាំងលោក កាលពីខែតុលា ឆ្នាំ ២០១៧៕ PSA