នៅ​ថ្ងៃ​ពុធ ទី​ ២០ ខែមករា ឆ្នាំ​ ២០២១ លោក Joe Biden និង​លោកស្រី Kamala Harris បាន​ស្បថ​ដើម្បី​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី ទី​ ៤៦ និង​អនុប្រធានាធិបតី​ទី​ ៤៩ របស់​សហរដ្ឋអាមេរិក​។


ពិធី​ចូលកាន់​តំណែង​លោក Biden នៅ​វិមាន​កាពីតូល​ធ្វើឡើង​ក្រោម​ការការពារ​របស់​ទាហាន​ឆ្មាំ​ប្រទេស​ប្រមាណ ២៥ ០០០ ​នាក់​ដែល​បានដាក់​ពង្រាយ បន្ទាប់ពី​ក្រុម​អ្នក​គាំទ្រ​របស់​អតីត​ប្រធានាធិបតី Donald Trump ធ្វើ​កុបកម្ម​វាយ​សម្រុកចូល​អគារ​សភា​នេះ​កាលពី​ ២ ​សប្ដាហ៍​មុន ដែល​បណ្ដាលឱ្យ​មនុស្ស​ ៥ ​នាក់​ស្លាប់ និង​ពន្យារពេល​ការបញ្ជាក់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ជា​ផ្លូវការ​។


លោក Biden បានធ្វើ​ពាក្យសម្បថ​ចូលកាន់​តំណែង​ចំពោះមុខ​ប្រធាន​តុលាការ​កំពូល​អាមេរិក​លោក John Roberts​។ ក្នុងការ​ថ្លែង​សុន្ទរកថា បន្ទាប់ពី​ការស្បថ​លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក​មាន​ស្មារតី​រឹងមាំ​ផ្សះផ្សា​ការបំបែកបំបាក់ និង​សន្យាថា លោក​នឹង​ខំប្រឹង​ធ្វើការ​ជូន​អ្នក​មិន​គាំទ្រ​លោក​និង​ចាត់ទុក​ពួកគេ​ដូចជា​អ្នកគាំទ្រ​លោក​ដែរ​។ លោក Biden ប្រកាសថា​៖ «​លទ្ធិប្រជាធិបតេយ្យ​បាន​ទទួល​ជ័យជម្នះ​»​។


លោក​បាន​និយាយថា​៖ «​នៅ​ទីសក្ការៈ​នេះ ដែល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​អំពើហិង្សា​បាន​ព្យាយាម​រុះរើ​គ្រឹះស្ថាន​នៃ​វិមាន​កាពីតូល យើង​រួមគ្នា​ជា​ប្រជាជាតិ​តែមួយ​ក្រោម​ព្រះ មិន​អាច​បំបែក​បាន ដើម្បី​អនុវត្ត​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​ដូចដែល​យើង​ធ្លាប់ធ្វើ​អស់​រយៈពេល​ជាង​ ២ ​សតវត្សរ៍​មកហើយ​»​។


លោក Biden បាន​ឡើងកាន់​អំណាច​ជា​ផ្លូវការ​នៅ​ម៉ោង ១២ ​ថ្ងៃត្រង់ និង​ចាប់​ផ្ដើមធ្វើការ​ភ្លាមៗ ដោយ​ប្រឈមមុខ​នឹង​វិបត្តិ​កូវីដ​១៩ ដែល​បានសម្លាប់​ប្រជាជន​អាមេរិក​ជាង ៤០០ ០០០ ​នាក់ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​។


អ្នកនាំពាក្យ​សេតវិមាន​លោកស្រី Jen Psaki បាន​និយាយថា លោក Biden បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ចំនួន ១៥ ដើម្បី​សម្រេច​គោលដៅ​គោលនយោបាយ​របស់លោក និង​ផ្លាស់ប្ដូរ​គោលនយោបាយ​មួយចំនួន​ដែល​សល់​ពី​រដ្ឋបាល Trump​។

លោក​ Biden ថ្លែង​ក្រោយ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​ ៤៦​។ AFP

ពីដំបូង​មន្ត្រី​សេតវិមាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នឹងមាន​ចុះហត្ថលេខា​បទបញ្ជា​ចំនួន​ ១៧ ផ្ដោតលើ​ការដោះស្រាយ​វិបត្តិ​កូវីដ​១៩ បញ្ហា​សេដ្ឋកិច្ច បញ្ហា​រើសអើង​ពូជសាសន៍ និង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។

បទបញ្ជា​លោក Biden រួមមាន​ការបញ្ជា​ឱ្យ​ពាក់​ម៉ាស់​នៅក្នុង​ដែនដី​រដ្ឋការ ចូលរួម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ការដក​បម្រាម​មិនឱ្យ​ធ្វើដំណើរ​មកពី​ប្រទេស​មូស្លីម​មួយចំនួន​របស់លោក Trump បញ្ឈប់​ការផ្ដល់​ថវិកា ឬ​ការសាងសង់​កំពែង​ព្រំដែន​អាមេរិក-ម៉ិកស៊ិក ការបញ្ជា​ឱ្យ​បញ្ឈប់ ការដកខ្លួន​អាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក​ដែល​ចាប់ផ្ដើម​ដោយ​លោក Trump​។

លោក Biden ក៏បាន​ដកសិទ្ធិ​សាងសង់​បំពង់​បង្ហូរ​ប្រេង Keystone XL ផងដែរ ដែល​នឹង​បញ្ជូន​ប្រេង​ពី​ខេត្ត Alberta កាណាដា​ទៅកាន់​រោងចក្រ​ចម្រាញ់​នៅ​រដ្ឋ Texas និង Louisiana សហរដ្ឋអាមេរិក​។ គម្រោង​នេះ រង​ការតវ៉ា​ពី​ក្រុមសកម្មជន​បរិស្ថាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ តែ​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​របស់​កាណាដា និង​បក្ស​សាធារណរដ្ឋ​អាមេរិក ហើយ​គេ​រំពឹងថា​ការបញ្ឈប់​នេះ​អាច​នឹង​ធ្វើឱ្យ​មាន​ភាពតានតឹង​រវាង​លោក Biden និង​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau​។

លោកស្រី Psaki បាន​និយាយថា នៅ​ថ្ងៃ​សុក្រ​ខាងមុខ​លោក Trudeau នឹង​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​លោក Biden ធ្វើការ​ទាក់ទង​ទៅកាន់​ក្នុងនាម​ជា​ប្រធានាធិបតី​។

អ្នកនាំពាក្យ​រូបនេះ​ក៏បាន​និយាយថា រដ្ឋបាល Biden បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​អន្តោប្រវេសន៍​មួយ​ទៅកាន់​សភា ដែល​ផ្ដល់ឱកាស​ឱ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទទួល​សញ្ជាតិ​អាមេរិក​។

គោលដៅ​ច្បាប់​មួយទៀត​របស់​លោក Biden គឺ​ការអនុម័ត​កញ្ចប់​ថវិកា​ជួយសង្គ្រោះ វិបត្តិ​កូវីដ​១៩​តម្លៃ ១,៩ លាន​លាន​ដុល្លារ ដែល​ឥឡូវនេះ​លោក​កំពុងធ្វើការ​ចរចា​ជាមួយនឹង​ថ្នាក់ដឹកនាំ​សភា​អាមេរិក​។

រីឯ​អនុប្រធានាធិបតី Harris វិញ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ធ្វើ​ពាក្យសម្បថ​បាន​បំពេញ​តួនាទី​ជា​ប្រធានព្រឹទ្ធសភា​អាមេរិក​ទទួល​ពាក្យសម្បថ​ពី​សមាជិក​ព្រឹទ្ធសភា​ថ្មី ៣ ​រូប ដែល ២ ​រូប​ទើបតែ​ជាប់​ការបោះឆ្នោត​ជុំ​ទី​​ ២ ​នៅ​រដ្ឋ Georgia និង​ ១ ​រូប​តែងតាំង​ដោយ​រដ្ឋ California ដើម្បី​បំពេញ​អាណត្តិ​សល់​របស់​លោកស្រី​ផ្ទាល់​។ សមាជិក​ថ្មី​ទាំង ៣ ​រូបនេះ​ធ្វើឱ្យ​បក្ស​ប្រជាធិបតេយ្យ​ទទួល​សំឡេង​ភាគច្រើន ៥០-៥០ ​ដោយមាន​លោកស្រី Harris ដើរតួ​ជា​អ្នក​បំបែក​សំឡេង​ស្មើគ្នា​។

នៅ​ថ្ងៃ​ដដែល​ព្រឹទ្ធសភា​បាន​បញ្ជាក់​ការតែងតាំង​មន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​លោក Biden ដំបូង​គេ​។ លោកស្រី Avril Haines ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​ក្នុង​សំឡេង ៨៥-១០ បញ្ជាក់​ការតែងតាំង​ជា​នាយក​ចារកម្ម​ជាតិ ដែលមាន​តួនាទី​ដឹកនាំ និង​ត្រួតពិនិត្យ​ទីភ្នាក់ងារ​ចារកម្ម​ទាំង​ ១៨ របស់​អាមេរិក​។

យ៉ាងណាមិញ ការផ្ទេរ​អំណាច​នេះ​បាន​បញ្ចប់​ការតវ៉ា​លទ្ធផល​បោះឆ្នោត​ដោយ​លោក Trump ដែល​បានធ្វើការ​អះអាង​ដោយ​មិនមាន​ភ័ស្តុតាង​ថា បក្ស​ប្រជាធិបតេយ្យ​បាន​លួច​ជ័យជម្នះ​របស់លោក​តាមរយៈ​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត និង​អ្នកបោះឆ្នោត​ខ្នាត​ធំ​នៅ​រដ្ឋ​សំខាន់ៗ​ចំនួន​ ៦​។ បើទោះបី​ការតវ៉ា​របស់លោក​បាន​បរាជ័យ​ទាំងស្រុង ហើយ​លោក​ត្រូវ​ចុះ​ចេញពី​តំណែង និង​ធ្វើការ​ផ្ទេរអំណាច លោក Trump នៅ​មិនទាន់​និយាយថា លោក​ទទួលយក​ការចុះចាញ់​ជា​ផ្លូវការ​នៅឡើយ​។

លោក Trump បដិសេធ​ជួប​លោក Biden និង​មិន​ចូលរួម​កម្មវិធី​ចូលកាន់​អំណាច​ទេ​។ ផ្ទុយទៅវិញ​នៅ​ព្រឹក​ថ្ងៃ​ពុធ លោក Trump រៀបចំ​ពិធី​ចាកចេញ​មួយ​នៅឯ​មូលដ្ឋានទ័ព​រួម Andrew រដ្ឋ Maryland មុន​ពេល​ហោះហើរ​ទៅ​គេហដ្ឋាន​របស់លោក​នៅ Palm Beach រដ្ឋ Florida​។

មុនពេល​ចាកចេញ​ពី​សេតវិមាន​លោក Trump បាន​ប្រើ​អំណាច​ចុងក្រោយ​ដើម្បី​លើកលែង​ទោស​មនុស្ស​ចំនួន ៧៣ នាក់ និង​កាត់​បន្ថយទោស ៧០ ​នាក់​ផ្សេងទៀត​។ ក្នុង​ចំណោម​បុគ្គល​ទទួល​ការលើកលែង​ទោស​មាន​លោក Steve Bannon ដែលជា​អ្នករៀបចំ​យុទ្ធសាស្ត្រ និង​ជា​អតីត​ទីប្រឹក្សា​ដ៏សំខាន់​របស់លោក Trump​។ លោក​ត្រូវបាន​រដ្ឋអាជ្ញា​ចោទប្រកាន់​កាលពី​ខែសីហា​ឆ្នាំមុន ពីបទ​ឆបោក​លើ​យុទ្ធនាការ​រៃអង្គាសប្រាក់​ដើម្បី​សាងសង់​កំពែង​នៅតាម​ព្រំដែន​អាមេរិក-ម៉ិកស៊ិក​។

លោក Trump មិនបាន​ចេញ​ការលើកលែង​ទោស​សម្រាប់​ខ្លួន​ ឬ​សមាជិកគ្រួសារ​ជាមុន​ទេ​។ លោក​ប្រឈម​នឹង​ការជំនុំជម្រះ​ក្ដី​នៅ​ព្រឹទ្ធសភា ពីបទ​ញុះញង់​ឱ្យមាន​ការបះបោរ​ទាក់ទង​នឹង​ការធ្វើ​កុបកម្ម​វាយសម្រុក​ចូល​អគារ​សភា​ដោយ​ក្រុម​អ្នកគាំទ្រ​លោក​៕