ក្រុង​វ៉ាស៊ីនតោន៖ សារព័ត៌មាន ​CNN ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​រូបភាព​ផ្កាយ​រណប​ថ្មី​បាន​បង្ហាញ​ទីតាំង​មិន​ប្រកាស​របស់​កូរ៉េ​ខាង​ជើង​ដែល​អ្នក​ជំនាញ​សង្ស័យ​ថា​ អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។


របាយការណ៍​នោះ​ បាន​រាយការណ៍​ថា​ រូបភាព​ជា​ច្រើន​ដែល​ត្រូវ​បាន​ថត​ដោយ​មន្ទីរ​ពិសោធន៍ ​Planet Labs និង​ត្រូវ​បាន​វិភាគ​ដោយ​ក្រុម​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​Middlebury ​បាន​បង្ហាញ​ទីតាំង​ដ៏​សកម្ម​មួយ​នៅ​ក្នុង​ភូមិ ​Wollo-ri ​នៅ​ក្បែរ​ក្រុង​ព្យុងយ៉ាង​។


លោក​ Jeffrey Lewis ​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​នោះ​ ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ដោយ​និយាយ​ថា ​រូបភាព​នោះ មាន​ចំណុច​ពិសេស​ជា​ច្រើន​របស់​ទីតាំង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​ព្រំដែន​សន្តិសុខ​កន្លែង​ស្នាក់នៅ​កន្លែង​គោរព​បូជា​សម្រាប់​ក្រុម​មេ​ដឹកនាំ​ធ្វើ​ទស្សនកិច្ច​ និង​អគារ​ក្រោម​ដី។ ​ទីតាំង​នេះ ​ស្ថិត​នៅ​ក្បែរ​រោងចក្រ​ផលិត​ដប​ទឹក ​ដែល​​មិន​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ទីតាំង​នោះ​ឡើយ។


លោក​បាន​ថ្លែង​ប្រាប់ CNN ថា ​រូបភាព​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចរាចរណ៍​យាន​ជំនិះ ​រថយន្ត​តូចៗ រថយន្ដ​ដឹក​ទំនិញ ​និង​ការ​ដឹក​ជញ្ជូន​កុងតឺន័រ​។ រោងចក្រ​នេះ​សកម្ម​ណាស់។ ​សកម្មភាព​មិន​បាន​បន្ថយ​ល្បឿន​ឡើយ ​មិន​នៅ​ក្នុង​អំឡុង​ការ​ចរចា​ទេ ​និង​មិន​មែន​ឥឡូវ​នេះ​ទេ។ ​រោងចក្រ​នេះ ​នៅ​តែ​ផលិត​អាវុធ​នុយក្លេអ៊ែរ​។


កិច្ចការ​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​រវាង​ក្រុង​វ៉ាស៊ីនតោន ​និង​ក្រុង​ព្យុងយ៉ាង​បាន​ជាប់​គាំង ​ដោយ​ភាគី​ទាំង ​២ ​បាន​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ទំហំ​នៃ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ពី​អាមេរិក​។


CNN បាន​ឲ្យ​ដឹង​ថា ​ទីតាំង​នេះ​ត្រូវ​កំណត់​អត្តសញ្ញាណ​ក្នុង​ឆ្នាំ ​២០១៥ ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល ​James Martin ​ដើម្បី​សិក្សា​អំពី​ការ​ទប់ស្កាត់​ការ​រីក​សាយ​អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្តែ​លោក Lewis និង​ក្រុម​អ្នក​ស្រាវជ្រាវ មិន​បាន​បោះ​ពុម្ព​ផ្សាយ​ទីតាំង​នោះ​ទេ​ ដោយសារ​​មិន​អាច​កំណត់​តួនាទី​របស់​ទីតាំង​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​​៕ Yonhap/PSA