ក្រុង​លុចសំបួ៖ ​ក្រុម​មន្ត្រី​ការបរទេស​អឺរ៉ុប​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​សម្តែង​​ការ​ព្រួយ​បារម្ភ ​និង​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​របស់​តួកគី​ទៅ​លើ​កងកម្លាំង​ឃើដ​នៅ​ស៊ីរី​ភាគ​ខាង​ជើង​ ប៉ុន្តែ​បាន​ព្រមាន​អំពី​ជម្រើស​របស់​ពួក​គេ ​ដើម្បី​ឲ្យ​មាន​​វិធានការ​​សម្របសម្រួល​នៅ​ទូទាំង​ប្លុក​នេះ​មាន​កម្រិត។​


ប្រទេស​អឺរ៉ុប​ខ្លះ​នៅ​ក្នុង​នោះ​មាន​ អាល្លឺម៉ង់ ​និង​បារាំង ​បាន​​ផ្អាក​នាំ​​អាវុធ​ទៅ​ប្រទេស ​តួកគី ​ជុំវិញ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​ និង​ខ្លះ​ទៀត​ដូច​ជា​ប្រទេស ​អ៊ីតាលី​ កំពុង​ជំរុញ​ឲ្យ​អឺរ៉ុប​ហាម​ប្រាម​នាំ​អាវុធ​ជា​ផ្លូវ​ការ​មួយ​។​


ប៉ុន្តែ​ដោយ​មាន​ប្រទេស​អឺរ៉ុប​ខ្លះ​ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ដូច្នេះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ជា​មួយ​ប្រធានាធិបតី​តួកគី​លោក ​រ៉េសិប​ តៃយីប​ អេរដូហ្គែន ​​ទេ​ ចំណែក​កិច្ច​ប្រជុំ​ក្រុម​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ក្នុង​ប្រទេស ​លុចសំបួ​ មើល​ទៅ​មិន​ទំនង​ជា​យល់​ព្រម​ចំពោះ​ចាត់​វិធាន​ការ​តឹងរ៉ឹង​នោះ​ឡើយ​​។​


លោក​​រដ្ឋមន្ត្រី​ការ​បរទេស​ អេស្ប៉ាញ​ Josep ​Borrell ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ ខណៈ​ដែល​លោក​បាន​ទៅ​ដល់ ដើម្បី​​ចូលរួម​កិច្ច​ប្រជុំ​នោះ​​ថា​៖ «​យើង​គ្មាន​ឥទ្ធិពល​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​នោះ ​គឺ​ចាត់​វិធានការ​ទាំង​អស់​ទៅ​តាម​លទ្ធភាព​ ដើម្បី​បញ្ឈប់​សកម្មភាព​វាយ​ប្រហារ​នេះ​​»​។​


លោក​ Borrell ថ្លែង​ថា ប្រទេស ​អេស្ប៉ាញ ​នឹង​គាំទ្រ​បម្រាម​លក់​អាវុធ​នៅ​ទូទាំង​អឺរ៉ុប​ ប៉ុន្តែ​ខ្លួន​នឹង​មាន​ការ​ពិបាក​ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​ប្រទេស​សមាជិក​សហភាព​អឺរុប​ទាំង ​២៨ ​នោះ​។


លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ Heiko Maas ​បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​របស់​តួកគី​ គំរាម​មិន​ឲ្យ​​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ចំពោះ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី៕ AFP/PSA