កាលពី​ថ្ងៃ​សុក្រ ទី ១៦ មេសា អ្នកវិទ្យាសាស្ត្រ​ពី​ក្រុមហ៊ុន​ដែល​ផលិត​វ៉ាក់សាំង​ Johnson & Johnson បាន​ច្រានចោល​របាយការណ៍​ដែល​អះអាងថា ការរចនា​វ៉ាក់សាំង​របស់​ពួកគេ​ស្រដៀង​នឹង​វ៉ាក់សាំង AstraZeneca ដែល​អាចមាន​ទាក់ទង​នឹង​ការកកឈាម​ក្នុង​ខួរក្បាល​ដ៏កម្រ។


ការឆ្លើយតប​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ Nebraska ដែល​បាន​បញ្ជាក់ថា​ការ​កកឈាម​កម្រ​អាចទាក់ទង​នឹង​វ៉ាក់សាំង​នេះ។


ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាង​ថា វ៉ាក់សាំង​ទាំង ២ ប្រភេទ​ប្រើ​បច្ចេកវិទ្យា​ដូចគ្នា​ ប៉ុន្តែ​បង្កើត​ប្រូតេអ៊ីនផ្សេងៗគ្នា​ទៅ​នឹង​កោសិកា។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា វ៉ាក់សាំង​ទាំង ២ អាចមាន​ឥទ្ធិពល​ជីវសាស្ត្រ​ខុសៗ​គ្នា។


កាលពីដើម​សប្តាហ៍​នេះ​សហរដ្ឋអាមេរិក​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson ដើម្បី​ពិនិត្យមើល​ករណី​ឈាមកក​ចំនួន ៦ ករណី​ដែលជា​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល (cerebral venous sinus thrombosis)៕