ក្រុងសេអ៊ូលៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យមើលកន្លែងបាញ់សាកល្បង «អាវុធ» ប្រភេទថ្មី ១ ទៀត ដោយបានធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅមុនដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសអាមេរិកប្រចាំនៅក្រុងព្យុងយ៉ាង ទៅកាន់ក្រុងសេអ៊ូលនៅសប្តាហ៍នេះ។
ការបាញ់អាវុធថ្មីកាលពីថ្ងៃសុក្រ គឺជាការធ្វើតេស្តលើកទី៦ របស់កូរ៉េខាងជើងកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលខ្លួនតវ៉ាប្រឆាំងនឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំអាមេរិក-កូរ៉េខាងត្បូង ដែលក្រុងព្យុងយ៉ាង ចាត់ទុកថា ជាការហាត់សមដើម្បីឈ្លានពានកូរ៉េខាងជើង។
ក្រុមមន្ត្រីការពារជាតិនៅក្រុងសេអ៊ូលបានថ្លែងថា ក្រុងព្យុងយ៉ាងបានបាញ់អ្វីដែលទំនងជាមីស៊ីលបាលីស្ទិកចម្ងាយជិត ២ គ្រាប់ កាលពីថ្ងៃសុក្រ ដែលហោះបានចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រនៅចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។
របាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ បាននិយាយថា ការធ្វើតេស្តនោះ គឺ «ទទួលបានលទ្ធផលល្អឥតខ្ចោះ» ដែលបានជួយ «ពង្រឹងទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងលើប្រព័ន្ធសព្វាវុធប្រភេទថ្មីនេះ»។
ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា៖ «មីស៊ីលនោះ ត្រូវបានបាញ់នៅក្រោមវត្តមានរបស់ក្រុមមេដឹកនាំកំពូលកូរ៉េខាងជើង»។
តាមទម្លាប់ របបក្រុងព្យុងយ៉ាង បានបង្ហាញនូវការខឹងសម្បានៅពេលដែលមានធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើង មិនឈប់សាកល្បងអាវុធនោះទេ នៅពេលសមយុទ្ធកំពុងតែបន្តធ្វើនោះ៕ AFP/SK