ក្រុង​សា​ណាៈ ​អង្គការ​សហ​ប្រជាជាតិ​ បាន​ថ្លែង​​ថា ​ក្មេង​ ១២ ​នាក់​ និង​ស្ត្រី ​១០ ​នាក់​បាន​ស្លាប់​ ដោយ​សារ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ខេត្ត​ហាចា​ភាគ​ខាង​ជើង​នៃ​ប្រទេស ​យេម៉ែន នៅ​ក្នុង​រយៈ​ពេល ​៤៨ ​ម៉ោង​។​


នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ការិយាល័យ​សម្របសម្រួល​ជំនួយ​មនុស្ស​ធម៌​របស់​អង្គការ​សហ​ប្រជាជាតិ (OCHA) ​បាន​ថ្លែង​ថា ​មនុស្ស​ ​៣០ ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​រង​របួស ​នៅ​ក្នុង​នោះ​មាន​ក្មេង ​១៤ ​នាក់​ ហើយ​មួយ​ចំនួន ទៀត​ ​«​បង្ខំ​ចិត្ត​​រត់​ភៀស​ខ្លួន​ទៅ​តាម​លទ្ធភាព ​ដើម្បី​រក្សា​ជីវិត​» ​របស់​ពួក​គេ​​។​


អង្គការ​សហ​ប្រជាជាតិ​មិន​បាន​និយាយ​អំពី​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​នោះ​ទេ​ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​ បាន​​ចោទ​ប្រកាន់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ី ​សាអ៊ូឌីត​​ថា ​កំពុង​វាយ​ប្រហារ​ទៅ​លើ​ភាគី​រដ្ឋាភិបាល​យេម៉ែន​ ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​។​


តំបន់​ខ្លះ​នៃ​ខេត្ត​ហាចា ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​ ចំណែក​តំបន់​ផ្សេង​ទៀត ​ដូច​ជា​ស្រុក​គូហ្សា​ ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី មាន​សម្ព័ន្ធមិត្ត​ ជា​មួយ​ប្រទេស​ អ៊ីរ៉ង់​​។​


នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ដែល​ធ្វើ​ឡើង​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​សាបា​ របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​ បាន​ថ្លែង​ថា​ មន្ត្រី​ហ៊ូធី ​លោក​ Deifallah al-Shami ​បាន​ចោទ​ប្រកាន់​ក្រុម​ចម្រុះ​ពី​បទ​​សម្លាប់​រង្គាល​​ដោយ​ចេតនា​»​។​


ក្រុម​ចម្រុះ​នោះ​ មិន​បាន ឆ្លើយ​តប​ភ្លាមៗ​ ទៅ​នឹង​សំណើ​របស់​ AFP ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​អំពី​ ​ការ​វាយ​ប្រហារ​នោះ​នៅ​ឡើយ​ទេ​៕ AFP/SK