បុរីញូវយ៉កៈ សេច​ក្តី​ថ្លែង​ការ​ណ៍​មួយ​របស់​អ.ស.ប.​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​ជន​ភៀ​ស​ខ្លួន​រ៉ូហ៊ីង​យ៉ា​នៅ​មីយ៉ាន់​ម៉ា​ បាន​ប្រាប់​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ម្នាក់ដែល​បាន​ទៅ​ទស្សន​កិច្ច​ជំរំ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​នៅ​សប្តាហ៍​នេះ​ ដែល​ថា ​ពួក​គេ ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ ​ប្រសិន​បើ​មាន​សុវត្ថិ​ភាព​ និង​ប្រសិន​បើ​​​ពួក​គេ ​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​ឲ្យ​នោះ​។


ប្រេសិត​ពិ​សេស​អង្គ​ការ​សហ​ប្រជា​ជាតិ​លោក​ស្រី Christine Schraner Burgener ​បាន​ជួប​ក្រុម​ជន​ភៀស​ខ្លួន​មូស្លីម​រ៉ូហ៊ីង​យ៉ា​នៅ​ក្នុង​ស្រុក​បាហ្សារ ​នៅ​ក្នុង​អំឡុង​ទស្សន​កិច្ច​បី​ថ្ងៃ​ទៅ​កាន់​បង់​ក្លា​ដែស ​ពី​ថ្ងៃ​ទី​១៤​កក្កដា​ ដល់​១៦​កក្កដា ​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ ក្រោយ​ពី​ការ​ពិ​ភាក្សា​ជា​មួយ​​ក្រុម​មេ​ដឹក​នាំ​របស់​មីយ៉ាន់ម៉ា​អំពី​វិបត្តិ​ជន​ភៀស​ខ្លួន​នេះ។


សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ប្រេ​សិត​ពិសេស​រូប​នេះ​ បាន​ទទួល​ដំណឹង​អំពី​អំពើ​សាហាវ​ព្រៃ​ផ្សៃ​ ដែល​​មិន​អាច​ស្រមៃ​ដល់​នោះ​ ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ​រ៉ាក់​ឃីន​។


សេច​ក្តី​ថ្លែង​ការណ៍​នោះ​ បាន​បន្ថែម​ថា៖​«ថ្វី​បើ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្តី​ ក៏​ពួក​គេ​​បាន​សម្តែង​ក្តី​សង្ឃឹម​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រេ​សិត​ពិសេស​រូប​នោះ​ថា​ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​កន្លែង​កំណើត​វិញ ​ប្រសិន​បើ​សន្តិ​សុខ ​អាច​ត្រូវ​បាន​ធានា ​និង​សញ្ជាតិ​អាច​ត្រូវ​បាន​គេ​ផ្តល់​ឲ្យនោះ​​»៕ PSA ​