បុរីញូវយ៉ក៖ ​លោក​អគ្គលេខាធិការ UN ​អង់តូនីញ៉ូ​ ហ្គុយតឺរេស ​កាល​ពី​ថ្ងៃ​ពុធ​បាន​លើក​ឡើង​ពី​តម្រូវ​ការ​ការងារ​សមរម្យ ​ដើម្បី​ជួយ​ការ​ស្តារ​ឡើង​វិញ​ ​​​ក្រោយ​​ពី​ជំងឺ​កូវីដ ​១៩ ​រាត​ត្បាត​។ ​


នៅ​ក្នុង​សារ​តាម​វីដេអូ​មួយ ​លោក​អគ្គលេខាធិការ​បាន​ថ្លែង​ប្រាប់​ក្រុម​​ប្រមុខ​រដ្ឋ ​និង​រដ្ឋាភិបាល​ និង​អ្នក​ដទៃ​ទៀត​ ដែល​ចូលរួម​ជំនួប​ជាក់​ស្តែង​មួយ ​ដែល​ពួក​គេ​មាន​សារៈសំខាន់​ណាស់​ចំពោះ​កិច្ច​ប្រឹងប្រែង​សកល​ ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង ​ក្រោយ​ពី​ការ​ឆ្លង​​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​។

លោក​បាន​ថ្លែង​ថា​៖ «​រួបរួម​គ្នា​ ទើប​យើង​អាច​ងើប​ចេញ​ផុត​ពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ ​ដោយ​មាន​ការងារ​សមរម្យ​មាន​ការ​រីក​ចម្រើន​ស្មើ​គ្នា ​និង​មាន​អនាគត​ភ្លឺ​ស្វាង​ទាំង​អស់​គ្នា»​។


ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​ជាង ​៥០ ​រួម​ជាមួយ​មេ​ដឹកនាំ​និយោជក​ និង​សហជីព​សកល​ជា​ច្រើន​រូប​ទៀត ​បាន​ចូលរួម​កិច្ច​ពិភាក្សា​ពី​ចម្ងាយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​សម្លឹង​មើល​ការ​​ប៉ះពាល់​ពី​ជំងឺ​កូវីដ ​១៩ ​ទៅ​លើ​ពិភព​ការងារ។​


ជំនួប​នេះ ​គឺ​ជា​ផ្នែក​នៃ​ព្រឹត្តិការណ៍ ​៥ ​ថ្ងៃ​ ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ខែ​នេះ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ដើម្បី​តាមដាន​បញ្ហា​នានា ​ដែល​រួម​មាន​ការ​ប្រឈម​នឹង​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​ និង​សង្គម​ពី​វិបត្តិ​នេះ​។


យោង​តាម​ទិន្នន័យ​ពី​អង្គការ​ ILO ​បាន​ឲ្យ​ដឹង​ថា ជំងឺ​កូវីដ ​១៩ ​បាន​បង្ហាញ​ឲ្យ​កម្មករ​ និង​អាជីវកម្ម​រាប់​លាន​ងាយ​រង​ប៉ះពាល់​នៅ​ទូទាំង​ពិភព​លោក។ ​វា​បាន​នាំ​ឲ្យ​ធ្លាក់​ចុះ​ម៉ោង​ការងារ ​១៤ ​ភាគរយ​​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី២ ​នៃ​ឆ្នាំ​នេះ ​ស្មើ​នឹង​ការ​បាត់បង់​ការងារ​ពេញ​ម៉ោង​ចំនួន ​៤០០ ​លាន​ការងារ។

លើស​ពី​នេះ​ទៅ​ទៀត​នោះ ​ភាគ​ច្រើន​នៃ​កម្មករ​នៅ​ក្នុង​ពិភព​លោក ​គឺ ​៩៣ ​ភាគរយ​បន្ត​រស់នៅ​ក្នុង​ប្រទេស​ ដែល​បាន​អនុវត្ត​ទម្រង់​ខ្លះ​នៃ​ការ​បិទ​កន្លែង​ការងារ។

គិត​ត្រឹម​ថ្ងៃ​ពុធ​ ​WHO បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​ជាង ​១១,​៦ លាន​នាក់ និង​ស្លាប់​ជិត ​៥៤ ​ម៊ឺន​នាក់​នៅ​ក្នុង​ពិភព​លោក​។

លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​​​បាន​បញ្ជាក់​ថា​ ខណៈ​ប្រទេស​ខ្លះ​កំពុង​ឈាន​ចូល​ដល់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ដ៏​អាក្រក់​ជា​ច្រើន​ថ្ងៃ​នោះ ​ប្រទេស​ដទៃ​ទៀត​កំពុង​ប្រឹងប្រែង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ស្រប​ពេល​មាន​ការ​គំរាម​កំហែង​អំពី​ការ​កើន​ឡើង​ករណី​ឆ្លង​ជា​ថ្មី​ទៀត​។

លោក​បាន​ថ្លែង​បន្ថែម​ថា​៖ «​ប៉ុន្តែ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ វា​មិន​មែន​ជា​ជម្រើស​មួយ​រវាង​សុខភាព ​ឬ​ការងារ​ និង​សេដ្ឋកិច្ច​ទេ»​។ ​«ពួក​គេ​ផ្សារ​ភ្ជាប់​គ្នា​។ យើង​នឹង​ទទួល​បាន​ជោគជ័យ​លើ​ការងារ​ដែល​​កំពុង​ប្រឈម​នេះ ​ហើយ​ក៏​អាច​បរាជ័យ​ដែរ​»។

លោក​​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​​សកល ​ខណៈ​គ្មាន​ប្រទេស​ណា ​១ អាច​ដោះ​ស្រាយ​វិបត្តិ​នេះ ​តែ​ម្នាក់​ឯង​បាន​នោះ​ទេ៕ Xinhua/PSA