ក្រុង​វ៉ាស៊ីន​តោនៈ ​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ប្រកាន់​អតីត​ប្រមុខ​ការិយាល័យ​សន្តិសុខ​ប្រទេស ​ស៊ូដង់ ​ពី​បទ​ធ្វើ​ទារុណកម្ម​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​បាន​​​ដាក់​បម្រាម​លើ​រូប​​លោក​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​។​


លោក​ សាឡាហ៍​ ហ្គូស ​បាន​ដឹកនាំ​ការិយាល័យ​សន្តិសុខ​ និង​ចារកម្មជាតិ (NISS) ​របស់​ប្រទេស ​អាហ្វ្រិក​មួយ​នេះ​ រហូត​ដល់​លោក​បាន​លាលែង​ពី​តំណែង​កាល​ពី​ខែ ​មេសា ​ឆ្នាំ ​២០១៩​ រយៈពេល ​២ ​ថ្ងៃ ​ក្រោយ​ពី​ក្រុមប្រឹក្សា​យោធា​បាន​ឡើង​កាន់​អំណាច​ ហើយ​បាន​ទម្លាក់​ប្រធានាធិបតី​លោក អូមារ អាល់-​បាសៀរ ​របស់​ប្រទេស ​ស៊ូដង់​ ក្រោយ​ពី​មាន​ការ​តវ៉ា​ដោយ​ប្រជាជន​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​។​


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ម៉ៃក៍​ ប៉ុមប៉េអូ ​បាន​ថ្លែង​ថា ​ការិយាល័យ​របស់​លោក ​«​បាន​ផ្តល់​ព័ត៌មាន​គួរ​ឲ្យ​ជឿជាក់​ថា ​លោក​ សាឡាហ៍-ហ្គូស​ បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​ នៅ​អំឡុង​ពេល​លោក​កាន់​តំណែង​ជា​ប្រមុខ ​NISS​»​​។​


លោក​​ ប៉ុមប៉េអូ​ បាន​ថ្លែង​ថា​ លោក ហ្គូស​ ដែល​មាន​ឈ្មោះ​ពេញ​ថា​ សាឡាហ៍​ អាប់ដាលឡាហ៍ ​ម៉ូហាម៉ាដ សាឡិហ៍ ​ត្រូវ​បាន​​ដាក់​បម្រាម​មិន​ឲ្យ​ឈាន​ជើង​ចូល​ទឹកដី​អាមេរិក​ជា​ដាច់​ខាត ​នៅ​ក្នុង​នោះ​មាន​ភរិយា​ និង​កូន​​ស្រី​របស់​លោក​ផង​ដែរ​។​


នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ លោក​ ប៉ុមប៉េអូ ​បាន​ថ្លែង​ថា​៖ «​យើង​បាន​ចូលរួម​ជាមួយ​ប្រជាជន​ស៊ូដង់​នៅ​ក្នុង​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ផ្លាស់ប្តូរ​មួយ​ ដែល​ត្រូវ​ប្រគល់​អំណាច​ដោយ​ស្មោះ​ត្រង់​ទៅ​ឲ្យ​ស៊ីវិល​គ្រប់គ្រង​ជំនួស​វិញ​ និង​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា ​ដែល​កើត​ចេញ​ពី​របប​របស់​លោក​ បាសៀរ ​នោះ​ ហើយ​ជាពិសេស​អំពី​ការ​ការពារ​សិទ្ធិ​មនុស្ស​ជា​ដើម​»​។​


លោក​ សាឡាហ៍ ហ្គូស​ គឺ​ជា​វិស្វករ​​ម្នាក់​ធ្វើ​ការ​ឲ្យ NISS​​៕ AFP/SK