ក្រុងវ៉ាស៊ីនតោនៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងកាលពីថ្ងៃពុធថា លោកនឹងបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើការចរចាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរមានការរីកចម្រើននោះ។
ពាក្យសម្តីរបស់លោក ប៉ុមប៉េអូ ហាក់ដូចជាបង្ហាញសញ្ញានៃភាពបត់បែនខ្លះនៅក្នុងជំហររបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងការចរចាជាមួយក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែកុម្ភៈ បានបញ្ចប់ទៅដោយគ្មានការចុះកិច្ចព្រមព្រៀងអ្វីឡើយជុំវិញការកាត់បន្ថយទណ្ឌកម្មចំពោះប្រទេស កូរ៉េខាងជើង។
លោក ប៉ុមប៉េអូ បានថ្លែងទៅកាន់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា និងត្រូវបានចោទសួរដោយសមាជិកព្រឹទ្ធសភា លោក Cory Gardner ថា តើលោក បានឯកភាពថា គ្មានទណ្ឌកម្មណាមួយ គួរត្រូវបានដកចេញ ប្រសិនបើ កូរ៉េខាងជើងមិនបង្ហាញការប្តេជ្ញាចិត្តចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងអាចផ្ទៀងផ្ទាត់បាន។
លោកបានឆ្លើយថា៖ «ខ្ញុំចង់កាត់បន្ថយទណ្ឌកម្ម»។
«ជួនកាល មានលក្ខខណ្ឌ ជាពិសេសខ្លះ ប្រសិនបើយើងកំពុងធ្វើឲ្យមានការរីកចម្រើនធំធេង ដែលមនុស្សម្នាក់គិតថា នោះគឺជារឿងត្រឹមត្រូវ ដែលចាំបាច់ ត្រូវធ្វើឲ្យសម្រេចជោគជ័យ។
រដ្ឋការរបស់លោក ដូណាល់ ត្រាំ បានទទូចឲ្យបន្តការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង រហូតដល់ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ ត្រូវបានសម្រេចទាំងស្រុង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលជាអ្នកគាំទ្រដល់ទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាង បានជួបជាមួយលោក ដូណាល់ ត្រាំ នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សារកមធ្យោបាយទម្លាយភាពទាល់ច្រកនុយក្លេអ៊ែរនេះ៕ Yonhap/SK