ក្រុងវ៉ាស៊ីន​តោនៈ ​សេតវិមាន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​អាមេរិក​នឹង ​«​មិន​អន្តរាគមន៍​» ​​​ទេ ​ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង ​សម្រេច​ចិត្ត​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ទៅ​ឲ្យ​ប្រទេស ​កូរ៉េ​ខាង​ជើង ​មែន​នោះ​។​


ការិយាល័យ​ប្រធានាធិបតី​បាន​ថ្លែង​ថា ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​​ជំនួយ​មនុស្ស​ធម៌​ដល់​កូរ៉េ​ខាង​ជើង​ទៅ​​តាម​លទ្ធភាព​របស់​កូរ៉េ​ខាង​ត្បូង ​នៅ​អំឡុង​ពេល​​សន្ទនា​តាម​ទូរស័ព្ទ​មួយ​ជាមួយ​ប្រធានាធិបតី​ លោក​ មូន​ ជេអ៊ីន​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​។​


រដ្ឋមន្ត្រី​ព័ត៌មាន​នៃ​សេតវិមាន​ លោក​ស្រី​ Sarah Sanders ​ត្រូវ​បាន​គេ​សួរ​សំណួរ​នៅ​ឯ​ជំនួប​មួយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ តើ​លោក ​ត្រាំ ​នឹង​យល់​ស្រប​ទៅ​តាម​ផែនការ​នោះ​ដែរ ឬ​យ៉ាង​ណា​ ព្រោះ​​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ជា​ច្រើន​គ្រាប់​ កាល​ពី​ចុង​​សប្តាហ៍​មុន​។​


រដ្ឋមន្ត្រី​ព័ត៌មាន​នៃ​សេតវិមាន លោកស្រី Sarah Sanders ថ្លែង​អំពី​បញ្ហា​កូរ៉េ​ទៅ​កាន់​អ្នក​កាសែត​។ Yonhap


លោកស្រី​ Sanders ​បាន​ថ្លែង​ថា​៖ «​ទាក់ទង​ទៅ​នឹង​កូរ៉េ​ខាង​ជើង ​តួនាទី​របស់​ពួក​យើង​នឹង​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​។ ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​យើង ​គឺ​ផ្តោត​ទៅ​លើ​ការ​លុប​បំបាត់​កម្មវិធី​អាវុធនុយ​ក្លេអ៊ែរ​»​ ដោយ​និយាយ​សំដៅ​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ដឹកនាំ​ដោយ​អាមេរិក ​ដែល​មាន​បំណង​ចង់​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​។​


លោកស្រី​បាន​បន្ថែម​ថា​៖ «​ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង បន្ត​វិធានការ​ទៅ​មុខ​ទៀត​មែន​នោះ​ យើង​នឹង​មិន​ធ្វើ​អន្តរាគមន៍​ជា​ដាច់​ខាត​»​។​

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ និង​អង្គការ​កសិកម្ម​ និង​ស្បៀង​អាហារ​ បាន​ឲ្យ​ដឹង​ថា ​តាម​ការ​វាយ​តម្លៃ​មួយ​មាន​ប្រជាជន ​១០ ​លាន​នាក់ ​នៅ​កូរ៉េ​ខាង​ជើង​ ឬ​ប្រជាពលរដ្ឋ​ចំនួន ​៤០ ​ភាគរយ​ កំពុង​ត្រូវ​ការ​ស្បៀង​ជា​បន្ទាន់​​។​

ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ ជា​ញឹក​ញាប់​ត្រូវ​បាន​រារាំង​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ពី​​អន្តរជាតិ​ទៅ​លើ​របប​នេះ​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ​និង​មីស៊ីល​បាលីស្ទីក​។​

កាល​ពី​ឆ្នាំ ​២០១៧ ​កូរ៉េ​ខាងត្បូង​ បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ ៨ ​លាន​ដុល្លារ ​ដល់​​កូរ៉េ​ខាង​ជើង​៕ ​Yonhap/SK