វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្នមាន ការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ដោយក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលក្នុងព្រះរាជាណាចក្រនេះមានចំនួន ៧ ក្រុមហ៊ុន និងមានព្រលានយន្តហោះធំៗ ៣ ទីតាំងកំពុងប្រតិបត្តិការយ៉ាងមមាញឹក។ ប៉ុន្តែអ្វីដែលគួររំឭកដែរនោះ គឺកម្ពុជាហាក់បានភ្លេចមរតកកាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលកាលនោះរាជាណាចក្រកម្ពុជាមានព្រលានយន្តហោះរហូតដល់ ១៤ កន្លែង និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ ១ ដ៏សកម្មបំផុត។
តើអតីតអាកាសយានដ្ឋានទាំង ១៤ កន្លែងនោះមាននៅទីណាខ្លះ? តើមរតកទាំងនោះអាចមានសក្តានុពលសម្រាប់ការវិនិយោគ ឬការអភិវឌ្ឍសេដ្ឋកិច្ចសម័យបច្ចុប្បន្នដែរឬទេ?
ជាការពិតប្រទេសកម្ពុជាមានព្រលានយន្តហោះពីអតីតកាល ១៥ ទីតាំងស្ថិតនៅតាមខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ កោះកុង កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ និងក្រុងប៉ៃលិន។
ខាងក្រោមនេះគឺជាការបង្ហាញអំពីទីតាំង និងប្រវត្តិខ្លះៗនៃអតីតព្រលានយន្តហោះសំខាន់ៗមួយចំនួនដែលស្ទើរតែនៅរ៉ាយប៉ាយទូទាំងផ្ទៃប្រទេសកម្ពុជា ដូចខាងក្រោម ៖
១- អាកាសយានដ្ឋានជាតិ និងអន្តរជាតិភ្នំពេញ ៖ ឈរនៅលំដាប់ទី ១ សម្រាប់ប្រទេសកម្ពុជាដោយសារព្រលានយន្តហោះនេះស្ថិតនៅក្នុងរាជធានីភ្នំពេញ វាមានសកម្មភាពរស់រវើកគ្រប់សម័យកាលដែលប្រទេសកម្ពុជាបានឆ្លងកាត់ ហើយជារឿយៗព្រលាននេះក៏បានធ្វើការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ផងដែរ។ ក្នុងឋានៈជាព្រលានយន្តហោះអន្តរជាតិសម្រាប់ប្រទេសកម្ពុជាព្រលាននេះមានសមត្ថភាពអាចចុះចត និងហោះហើរបានស្ទើរតែគ្រប់ប្រភេទយន្តហោះទាំងអស់។
តួលេខចុងក្រោយប្រចាំឆ្នាំ ២០១៦ របស់ក្រសួងទេសចរណ៍បានបង្ហាញថា ព្រលានយន្តហោះភ្នំពេញទទួលបានភ្ញៀវទេសចរបរទេស ១,១៦៤,២៤០ នាក់។
២- អាកាសយានដ្ឋានជាតិ និងអន្តរជាតិសៀមរាប ៖ ឈរនៅលំដាប់ទី ២ និងជាព្រលានយន្តហោះដែលតែងតែទទួលបានការកោតសរសើរពីភ្ញៀវទេសចរនៅទូទាំងពិភពលោកថា «ជាព្រលានយន្តហោះតូចច្រឡឹង ស្រស់ស្អាតនៅក្នុងតំបន់» គឺរាប់ទាំងរចនាប័ទ្មសំណង់ ហេដ្ឋារចនាសម្ព័ន្ធទូទៅ និងសេវាកម្មដ៏រស់រវើក។
កាលពីឆ្នាំ ២០០៥ ព្រលានយន្តហោះខេត្តសៀមរាបបានធ្វើការអភិវឌ្ឍជាលើកចុងក្រោយ ដើម្បីលើកស្ទួយសមត្ថភាពរបស់ខ្លួនឲ្យមានលទ្ធភាពអាចចុះចតបានចាប់ពីប្រភេទយន្តហោះតូចរហូតដល់យន្តហោះធំៗប្រភេទ Boeing 737 និង Airbus A320 ជាដើម។
តួលេខប្រចាំឆ្នាំ ២០១៦ អាកាសយានដ្ឋានសៀមរាបទទួលបានភ្ញៀវទេសចរបរទេសចំនួន ១,៥០៧០៣៩ នាក់។
៣- អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (កងកេង) ៖ ព្រលានយន្តហោះនេះត្រូវបានជួសជុល និងដាក់ឲ្យដំណើរការឡើងវិញកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះឯង ដើម្បីផ្តល់សេវាកម្មដល់យន្តហោះប្រភេទ Boeing 737 និង Airbus A320 ផងដែរ។ ប៉ុន្តែតួលេខនៃអ្នកដំណើរឆ្លងកាត់ព្រលាននេះមានត្រឹមតែ ៣៣,០៨៨ នាក់ប៉ុណ្ណោះនេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់ក្រសួងទេសចរណ៍។ ព្រលានយន្តហោះកងកេងត្រូវបានស្ថាបនាឡើងក្នុងអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ ដោយសាងសង់នៅលើផ្ទៃដីជិត ១០០០ ហិកតានៅក្បែរមាត់សមុទ្រនាជាយឧទ្យានជាតិរាម ស្ថិតក្នុងភូមិសាស្ត្រសង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ។
ប៉ុន្តែកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ លោក យន្ត មីន គណៈអភិបាលខេត្តព្រះសីហនុបានប្រកាសថា៖ «អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (កងកេង) មានទំហំផ្ទៃដីជាង ៧០០ ហិកតានឹងក្លាយជាព្រលានយន្តហោះធំជាងគេបំផុតនៅប្រទេសកម្ពុជា»។
ព្រលានយន្តហោះកងកេងមានសក្តានុពលយ៉ាងខ្លាំងដោយសារស្ថិតនៅតំបន់ទេសចរណ៍នៃខេត្តមាត់សមុទ្រកម្ពុជាដែលត្រូវបានកត់ត្រាចូលទៅក្នុងបញ្ជីក្លឹបឆ្នេរសមុទ្រស្អាតរបស់ពិភពលោកតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ក្រុងព្រះសីហនុ គឺជាទីក្រុងកំពង់ផែសមុទ្រតែមួយគត់ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា ហើយមានទាំងប្រព័ន្ធគមនាគមន៍ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស តភ្ជាប់ទៅរាជធានីភ្នំពេញ។ ម្យ៉ាងទៀតរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុក៏កំពុងក្លាយជាគោលដៅវិនិយោគផ្នែកអចលនទ្រព្យទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ជាពិសេសពីប្រទេសចិន។
៤- អាកាសយានដ្ឋានខេត្តបាត់ដំបង៖ ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ផងដែរ និងធ្លាប់ជាព្រលានយន្តហោះដែលមានសកម្មភាពមមាញឹកបង្គួរកាលពីសម័យនោះ។
ប៉ុន្តែដោយសារប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមកាលពីអំឡុងឆ្នាំ ១៩៧០ និងជាពិសេសក្នុងរបបប៉ុលពតរវាងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ព្រលានយន្តហោះនាខេត្តជង្រុកស្រូវនៃភាគខាងលិចទីក្រុងភ្នំពេញនេះបានផ្អាកដំណើរការស្ទើរតែទាំងស្រុងតែម្តង។ បន្ទាប់ពីរបប ប៉ុលពត ដួលរលំទៅរដ្ឋាភិបាលថ្មី និងប្រជាជនកម្ពុជាក៏ចាប់ផ្តើមរស់រានមានជីវិតឡើងវិញ ទន្ទឹមនឹងនោះព្រលានយន្តហោះបាត់ដំបងក៏ត្រូវបានបើកដំណើរការឡើងវិញទាំងរអាក់រអួលផងដែរ ប៉ុន្តែគឺទើបតែមកដល់ចុងទសវត្សរ៍ឆ្នាំ ១៩៩០ និងបន្តរហូតដល់បច្ចុប្បន្ននេះ ទើបសេវាកម្មទាំងស្រុងនៃព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានអាក់ខានទាំងស្រុងតែម្តង។
កាលពីចុងសប្តាហ៍មុនមន្ត្រីជាន់ខ្ពស់ ១ រូបនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែងក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា៖ «ទីតាំងដ៏ធំនៃព្រលានយន្តហោះនេះគឺនៅតែត្រូវបានរក្សាទុកជាសម្បត្តិរដ្ឋដដែល គឺពុំមានបុគ្គលណាហ៊ានរំលោភបំពានទេ»។ លោកបន្តថា៖ «ថ្នាក់ខេត្តពុំបានដឹងច្បាស់លាស់ពីព្រលានយន្តហោះនេះទេ ព្រោះវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា»។
៥- អាកាសយានដ្ឋានខេត្តកោះកុង៖ ទីក្រុងខេមរភូមិន្ទ អតីតទីរួមខេត្តកោះកុង មានចម្ងាយ ២៧១ គីឡូម៉ែត្រ ភាគនិរតីនៃរាជធានីភ្នំពេញ។ ដោយសារមធ្យោបាយធ្វើដំណើរដោយយានយន្តមានការលំបាកខ្លាំងនាអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ និងឆ្នាំ ១៩៦០ ទើបរដ្ឋាភិបាលកម្ពុជាបានសម្រេចកសាងព្រលានយន្តហោះក្រុងខេមរភូមិន្ទ ហើយបានបើកដំណើរការតាំងពីសម័យសង្គមរាស្ត្រនិយមរហូតសម័យប៉ុលពត (១៩៧៥-៧៩) ទើបផ្អាកដំណើរការ។ រួចចាប់ផ្តើមដំណើរការឡើងវិញចាប់ពីសម័យ UNTAC និងការរៀបចំការបោះឆ្នោតជាតិលើកទី ១ ឆ្នាំ ១៩៩៣។ ហើយជាចុងក្រោយនៅអំឡុងដើមទសវត្សរ៍ឆ្នាំ ២០០០ គឺរាល់សកម្មភាពដឹកជញ្ជូនផ្លូវអាកាសរវាងខេត្តកោះកុង-ភ្នំពេញ ត្រូវបានផ្អាកជាស្ថាពរ។
បច្ចុប្បន្ននៅក្នុងរបងបេតុងយ៉ាងរឹងមាំមានកម្ពស់ជាង ២ ម៉ែត្រនោះឃើញមានតែឧទ្ធម្ភាគចក្រយោធា ១ គ្រឿងត្រូវបានគេចតចោលនៅក្នុងព្រលាននោះ ចំណែកឯអតីតផ្លូវយន្តហោះរត់ឡើងចុះ នោះត្រូវបានគ្របដណ្តប់ដោយស្មៅ និងព្រៃតែម្តង។ របងដ៏រឹងមាំដែលគេបានសាងសង់ព័ទ្ធជុំវិញព្រលានយន្តហោះនេះ គឺនៅតែខណ្ឌចែកបរិវេណព្រលានយន្តហោះនេះជាមួយនឹងដីកម្មសិទ្ធិផ្សេងៗនៅព័ទ្ធជុំវិញតំបន់នោះយ៉ាងច្បាស់លាស់ដដែល។
មន្ត្រីយោធាវ័យប្រមាណ ៤០ ឆ្នាំ ១ រូបដែលប្រចាំការនៅទីតាំងព្រលានយន្តហោះខេត្តកោះកុងជាង ១០ ឆ្នាំមកហើយបានសន្និដ្ឋានថា៖ «បណ្តោយពីលិចទៅកើតនៃព្រលានយន្តហោះនេះមានប្រវែងជាង ៣ គីឡូម៉ែត្រ និងទទឹងប្រហែល ២ គីឡូម៉ែត្រ»។ លោកបន្តថា៖ «ក្រៅពីឧទ្ធម្ភាចក្ររបស់មេគាត់ត្រូវចុះឡើងម្តងម្កាល គឺមិនដែលឃើញមានយន្តហោះណាមកចុះចតនៅព្រលាននេះទេ។ តួនាទីរបស់ខ្ញុំ គេឲ្យនៅការពារថែរក្សាព្រលាននេះ»។
៦- អាកាសយានដ្ឋានរតនគិរី៖ ដោយស្ថិតនៅលើចម្ងាយផ្លូវ ៥៨៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទីក្រុងបានលុង អតីតទីរួមខេត្តរតនគិរីដែលជាខេត្តទេសចរណ៍ធម្មជាតិនាភូមិភាគឦសាន្តដ៏ល្បីល្បាញមួយនេះ ស័ក្តិសមនឹងមានព្រលានយន្តហោះ និងការធ្វើដំណើរដោយផ្លូវអាកាសសម្រាប់ភ្ញៀវទេសចរអន្តរជាតិក៏ដូចជាប្រជាជនក្នុងមូលដ្ឋានផងដែរ។ ការពិតទីក្រុងបានលុងមានព្រលានយន្តហោះតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ហើយព្រលានយន្តហោះនេះនៅតែតស៊ូដំណើរការរហូតដល់ឆ្នាំ ២០០៦ ទើបត្រូវបានផ្អាកដំណើរការទាំងស្រុងគឺបន្ទាប់ពីការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គឺក្រុមហ៊ុន President Airline និង Phnom Penh Airways។
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថា៖ «នៅអាកាសយានដ្ឋានរតនគិរី គឺពុំមានសំណង់ហេដ្ឋារចនាសម្ព័ន្ធអ្វីធំដុំរឹងមាំនោះទេ ហើយសូម្បីតែផ្លូវយន្តហោះចុះឡើងក៏ជាដីក្រួសក្រហមដែរ។ ប៉ុន្តែបរិវេណព្រលានយន្តហោះនេះមានផ្ទៃដីធំទូលាយ និងមានចម្ងាយផ្លូវសម្រាប់យន្តហោះរត់ឡើង-ចុះ ប្រវែងជាង ៣ គីឡូម៉ែត្រ»។
សូមរំឭកថាអាកាសយានដ្ឋានខេត្តរតនគិរីបានបើកដំណើរឡើងវិញចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៦ ដោយមានការហោះហើរប្រចាំសប្តាហ៍ជាច្រើនជើងពីក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដូចជាក្រុមហ៊ុន Royal Air Cambodge (រ៉ូយ៉ាល់ កាំខែមបូត) ក្រុមហ៊ុន Phnom Penh Airways (ភ្នំពេញអ៊ែវេ) និងក្រុមហ៊ុន President Airlines (ប្រេស៊ីឌិន អ៊ែឡាញ)៕