កម្ពុជា​ចេញ​ពី​សេដ្ឋ​កិច្ច​ផែន​ការ​មក​សេដ្ឋ​កិច្ច​ទីផ្សារ​សេរីៈ​កំណើន​សេដ្ឋ​កិច្ច​បន្ត​មាន ទោះ​ពិភព​លោក​មាន​វិបត្តិ


Content image - Phnom Penh Post
ប្រជាពលរដ្ឋស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធស្ពានព្រែកក្តាមនាពេលកន្លងមក
Content image - Phnom Penh Post

ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៨​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​តម្រង់​ទិស​ដៅ​របស់​ខ្លួន​ទៅ​រក​រដ្ឋា​ ភិបាល​សេដ្ឋ​កិច្ច ​បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​សន្តិភាព​ និង​មាន​ការ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​។ កម្ពុជា​បាន​ចាក​ចេញ​ពី​សេដ្ឋ​កិច្ច​ផែន​ការ​នៅ​ក្នុង​សម័យ​សង្គ្រាម ​មក​ជា​សេដ្ឋ​កិច្ច​ទីផ្សារ​ សេរី​ និង​ធ្វើ​សមាហរណ​កម្ម​ចូល​ក្នុង​តំបន់ ​និង​ពិភព​លោក​ទាំង​មូល។​ កម្ពុជា​បាន​ទទួល​កំណើន​សេដ្ឋ​កិច្ច​ដ៏ខ្លាំង​នៅក្នុង​អំឡុង​ដើម​ឆ្នាំ ​២០០០​ ដែល​ឡើង​រហូត​ ពីរខ្ទង់​ក្នុង​រយៈ​ពេល​បី​ឆ្នាំជាប់​ៗគ្នា ​ដែល​ធ្វើឲ្យ​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​ GDP​ របស់​ប្រជាជន​កើន​ឡើង​។ បើ​ទោះបីជា​កម្ពុជា​ទទួល​ ឥទ្ធិ​ពល​ពីវិបត្តិ​សេដ្ឋកិច្ច​ពិភ​ពលោក​ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​កើន​ជានិច្ច​។

ធនាគារ​ពិភព​លោក បាន​ប្រកាស​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១០ មាន​ចំនួន ៦,៧%។ កំណើន​នេះ​បាន​កើន​លើស​ពី​ការ​រំពឹង​ទុក​ នៅ​អំឡុង​ឆ្នាំ​ ២០១០។ កំណើន​សេដ្ឋកិច្ច​ដែល​ត្រូវ​ធនា​គារ​ពិភព​លោក​ពន្យល់​ថា ​ដោយ​សារ​តែ​មាន​កំណើន​ផ្នែក​កសិ​កម្ម ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់​ដេរ និង​កំណើន​ក្នុង​វិស័យ​ទេស​ចរណ៍​។

ការ​នាំ​ចេញ​សម្លៀក​បំពាក់ បាន​កើន​ឡើង ២៤​ភាគ​រយ នៅ​ឆ្នាំ​២០១០ បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក បាន​ធ្វើ​ឲ្យ​វិស័យ​នេះ ធ្លាក់​ចុះ ២០​ភាគ​រយ កាល​ពី​ឆ្នាំ​២០០៩។ ស្រប​ពេល​នោះ​ដែរ ការ​នាំ​ចេញ​ស្បែក​ជើង ក៏​បាន​កើន​ឡើង ៦០​ភាគ​រយ​ផង​ដែរ កាល​ពី​ឆ្នាំ​មុន។ ធនាគារ​ពិភព​លោក បាន​លើក​ឡើង​ថា៖ «ជា​លទ្ធផល ឧស្សាហកម្ម​ទាំង​ពីរ បាន​បង្កើន​ការ​ងារ​ថ្មី​ៗ​ដល់​ប្រជាជន​ប្រហែល ៥៥ ៣០០​នាក់ កាល​ពី​ឆ្នាំ​២០១០។ តួ​លេខ​នេះ អាច​ទូរ​ទាត់​ការ​បាត់​បង់​ការ​ងារ ក្នុង​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច បាន​ធ្លាក់​ចុះ កាល​ពី​ឆ្នាំ​២០០៩»។

ធនាគារ​ពិភព​លោក បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ ជា​កត្តា​ជំរុញ​សេដ្ឋ​កិច្ច ក្នុង​រយៈ​ពេល​នេះ។ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា បាន​កើន​ឡើង ១៦​ភាគ​រយ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ពោល​គឺ​កើន​ឡើង​ដល់ ២,៥​លាន​នាក់ ខណៈ​ពេល​ដែល​ប្រាក់​ចំណូល​ទទួល​បាន​ពី​វិស័យ​នេះ បាន​កើន​ឡើង ១៤​ ភាគ​រយ​​ រហូត​ដល់ ១,៨​ពាន់​លាន​ដុល្លារ។ ធនាគារ​ពិភព​លោក ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កម្ពុជា «ក៏​បាន​បង្កើត​មូល​ដ្ឋាន​ផលិតកម្ម និង​ការ​នាំ​ចេញ​របស់​ខ្លួន​ចម្រុះ​បែប» ដោយ​ការ​នាំ​ចេញ​អង្ករ បាន​កើន​ឡើង​ស្ទើរ​តែ​ជិត ៣​ដង នៅ​ឆ្នាំ​២០១០ ហើយ​ដើម​ទុន​វិនិយោគ​បរទេស​ដែល​បាន​ចុះ​បញ្ជី បាន​កើន​ឡើង ១៦​%។

អ្នក​សេដ្ឋកិច្ច​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១០ វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា មាន​សន្ទុះ​ខ្លាំង​លើ​ផ្នែក​សេវាកម្ម ឧស្សាហ​កម្ម និង​វិស័យ​កសិកម្ម។ នៅ​ឆ្នាំ​ ២០១០ ​កន្លង​មក អ្នក​វិនិយោគ​កូរ៉េ​ខាង​ត្បូង បាន​ឈរ​នៅ​លំដាប់​លេខ​១ បន្ទាប់​មក​ប្រទេស​ចិន​ផ្នែក​វិនិយោគ​ទុន​នៅ​កម្ពុជា។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ មាន​ចំនួន ១១ ៧១៣ លាន​ដុល្លារ និង​នៅ​ឆ្នាំ​២០១១ នឹង​អាច​កើន​ដល់ ១២ ៧០១ លាន​ដុល្លារ​អាមេរិក​ថែម​ទៀត។ ​ចំពោះ​វិស័យ​អចលន​ទ្រព្យ​ដី​ធ្លី​នៅ​កម្ពុជា ​អ្នក​សេដ្ឋ​កិច្ច​ធនាគារ​ពិភព​លោក បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​វិស័យ​អចលន​ទ្រព្យ បាន​ងើប​ឡើង​ក្នុង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ធំ តែ​កម្ពុជា​មិន​ទាន់​ងើប​ឡើង ដូច​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ចិន និង​តៃវ៉ាន់​នៅ​ឡើយ​ទេ។ ប្រទេស​ទាំង​នេះ​មាន​ការ​កើន​ឡើង​ខ្លាំង​។

អំពី​អតិផរណា នៅ​កម្ពុជា ក្នុង​ឆ្នាំ​ ២០១០ ត្រូវ​បាន​ធនាគារ​ពិភព​លោក លើក​ឡើង​ថា មាន​ត្រឹម​តែ ៣,១%។ ធនាគារ​ពិភព​លោក​បាន​ព្យាករ​ថា ទោះ​បី​តម្លៃ​ទំនិញ​ក្នុង​តំបន់​ប្រែប្រួល​ខ្លាំង ពិសេស​នៅ​វៀតណាម និង​នៅ​ប្រទេស​ថៃ ក៏​ប៉ុន្តែ​អត្រា​អតិផរណា​ទំនិញ នៅ​កម្ពុជា អាច​នឹង​មាន​ប្រហែល ៥% ប៉ុណ្ណោះ នៅ​ឆ្នាំ​ ២០១១។ ជាមួយ​គ្នា​នេះ ធនាគារ​ពិភព​លោក បាន​បញ្ជាក់​ថា គ្រោះ​មហន្តរាយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​នៅ​ប្រទេស​ជប៉ុន កាល​ពី​សប្តាហ៍​មុន មិន​បាន​ប៉ះ​ពាល់ ឬ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ទេ។

ចំណែក​នៅ​ឆ្នាំ​ ២០១១ អ្នក​សេដ្ឋ​កិច្ច​ធនាគារ​ពិភព​លោក បាន​វាយ​តម្លៃ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅតែ​បន្ត​ងើប​ឡើង​ក្នុង​កម្រិត ៦,៥% បន្ត​ទៀត​នា​ឆ្នាំ​ខាង​មុខ​។ បើ​តាម​ក្រុម​អ្នក​សេដ្ឋ​កិច្ច​ដដែល ការ​នាំ​ចេញ​របស់​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា នឹង​នៅតែ​ល្អ​ប្រសើរ ដោយ​សារ​តែ​ការ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ខណៈ​ពេល​ដែល​ការ​វិនិយោគ​នឹង​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​ងើប​ឡើង​វិញ​ជា​ បន្ត​នៅ​លើ​ការ​វិយោគ​ផ្ទាល់​ពី​បរទេស (FDI ) និង​ឥណទាន​សម្រាប់​វិស័យ​ឯកជន។ ទោះ​បី​ជា​យ៉ាង​ណា ធនាគារ​ពិភព​លោក បាន​និយាយ​ថា ការ​នាំ​ចេញ «អាច​នឹង​ប្រឈម​នឹង​ឧបសគ្គ ដោយ​សារ​តែ​ស្ថាន​ភាព​នៃ​ការ​ងើប​ឡើង​វិញ​របស់​សេដ្ឋកិច្ច»។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​មោទន​ភាព​ចំពោះ​កំណើន​សេដ្ឋ​កិច្ច​ដែល​កម្ពុជា​ទទួល​បាន ​ខណៈ​ពិភព​លោក​ទាំង​មូល​បាន​ ទទួល​រង​នូវ​ព្យុះ​បោក​បក់​នៃ​វិបត្តិ​សេដ្ឋ​កិច្ច។​ នៅ​ក្នុង​ទស្សន​វិស័យ​នៃ​ការ​អភិវឌ្ឍ​ជាតិ ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ដាក់​ទិស​ដៅ​តាំង​ពី​យូរ​មក​ហើយ​ ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ស្ពាន​ ប្រព័ន្ធ​ធារា​សាស្ត្រ ​ការ​អភិវឌ្ឍ​ផ្នែក​វិស័យ​អគ្គិសនី​សម្រាប់​ប្រជា​ពលរ​ដ្ឋ និង​ការ​ កសាង​ធន​ធាន​មនុស្ស​សម្រាប់​គ្រប់​គ្រង​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា ​លោក​ធ្វើ​ការ​កសាង​សាលា​រៀន ​មន្ទីរ​ពេទ្យ​ ផ្លូវ​ថ្នល់ ​ស្ពាន​ឆ្លង​កាត់​ទន្លេ​នានា ​ព្រម​ទាំង​បង្កើន​ប្រព័ន្ធ​ស្រោច​ស្រព​ក្នុង​វិស័យ​កសិកម្ម ​និង​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត ​ហើយ​និង​ធ្វើ​យ៉ាង​ណា​ឲ្យ ​ប្រជា​ពលរដ្ឋ​មាន​ចរន្ត​អគ្គិសនី​ប្រើ​ប្រាស់​បាន​គ្រប់​គ្រាន់​ តាម​រយៈ​ការ​អភិវឌ្ឍ​វារី​អគ្គិសនី។

ប៉ុន្តែ​សម្រាប់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​មិន​ទាន់​បាន​ល្អ​ទាំង​ស្រុង​ឡើយ ​និង​បាន​ លើក​ឡើង​ថា ​កម្ពុជា​ត្រូវ​ការ​ខិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ប្រទេស។​ លោក​កឹម​ សុខា ​ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា៖​ «រដ្ឋា​ភិបាល​បាន​លើក​ឡើង​ពី​កំណើន​សេដ្ឋ​កិច្ច ​ប៉ុន្តែ​អ្នក​ក្រីក្រ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ឡើងៗ។​ ពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​មាន​មុខ​របរ​ជា​កសិករ​ ប៉ុន្តែ​ពួក​គាត់​គ្មាន​ដីគ្រ​ប់គ្រាន់​ដើម្បី​ប្រកប​របរ​កសិកម្ម​ បាត់​បង់​ដី​ធ្លី ​ខ្វះ​ខាត​ម្ហូប​អាហារ​ ខ្វះ​ការ​រស់​នៅ​សម​រម្យ ​គ្មាន​ផ្ទះ​សម្បែង​ត្រឹម​ត្រូវ ​គ្មាន​ បង្គន់​អនាម័យ»​។ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​រិះគន់​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​ មន្ត្រី​ហ៊ុន ​សែន ​ថា ​បែប​ប្រជា​ធិបតេយ្យ​ចង្អៀត ​ចង្អល់​ មាន​ប្រព័ន្ធ​តុលាការ​ពុក​រលួយ​ និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ទាំង​នៅ​ក្រៅ និ​ងក្នុង​សភា ​និង​គ្មាន​ប្រព័ន្ធ​ធានា​រ៉ាប់រង​សង្គម​សម្រាប់ ​មនុស្ស​ចាស់​ជរា​ ហើយ​ប្រជា​ជន​ធ្វើ​ចំណាក​ស្រុក​ច្រើន​ទៅ​ក្រៅ​ប្រទេស​​ដើម្បី​រក​ការ​ងារ​ ធ្វើ ​និង​ប្រព័ន្ធ​អប់រំ​មិន​សូវ​មាន​គុណ​ភាព ​និង​ ប្រព័ន្ធ​កសិ​កម្ម​មិន​ទំនើប​ដោយ​សារ​តែ​ប្រជា​កសិករ​នៅ​តែ​បន្ត​ធ្វើ​ស្រែ​ ប្រវាស់​មេឃ​ដដែល​។

យល់​ឃើញ​ផ្ទុយ​ពីនេះ​ លោក​រស់ ​ចន្ត្រា​បុត្រ ​សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ និង​ជា​ប្រវត្តិ​វិទូ​កម្ពុជា​ បាន​លើក​ឡើង​ថា ​ការ​ដាក់​ចុះ​នយោបា​យមួយ​ដើម្បី​អភិវឌ្ឍ​ប្រទេស ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​គឺមាន​ផែន​ការ​ច្បាស់លា​ស់ និង​បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​អំពី​ហេតុ​ ផល ​លទ្ធផល​ និង​ផល​ដែល​ទទួល​បាន។​ លោក​បាន​បញ្ជាក់​ថា ​បើប្រៀប​ធៀប​​នឹង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ កម្ពុជា​ជា​ប្រទេស​ដែល​ មាន​នីតិ​រដ្ឋច្រើន​ជាង​ប្រទេស​ទាំង​នោះ។

ចំណែក​ឯ​ទំនាក់​ទំនង​ការ​ទូត​ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ដែរ​ ដោយ​បាន​កៀង​គរ វិនិយោគ​ទុន​បរទេស​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ និង​បាន​ស្នើ​សុំ​ជំនួយ​មនុស្ស​ធម៌​ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​បាន​ថ្លែង​ថា៖​«ទាំង​នយោបាយ​សេដ្ឋ​កិច្ច ​និង​ការ​ទូត​ សម្តេច​ហ៊ុន ​សែន ​បាន​ និង​កំពុង​អនុវត្ត​បាន​យ៉ាង​ល្អ ​និង​ប្រកប​ដោយ​ផ្លែផ្កា​ដែល​យើង​ប្រជា​ពល​រដ្ឋខ្មែរ​ត្រូវ​បន្ត​ គាំទ្រ​សម្តេច​តទៅ​ទៀត​។ ប្រសិន​បើមាន​ការ​ខ្វះខាត​ផ្សេងៗ​ គឺជា​ការ​ខ្វះខាត​របស់​អ្នក​នៅ​ក្រោម​បង្គាប់​របស់​លោក​ ដែល​មិន​បាន​អនុវត្ត​គោល​ជំហរ​របស់​សម្តេច​ហ៊ុន​ សែន​ តែ​ប៉ុណ្ណោះ»​។

គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​របាយ​ការណ៍​ស្ទង់​មតិ​របស់​ខ្លួន​ កាល​ពីដើម​ឆ្នាំ ​២០១១ ​វិទ្យា​ស្ថាន​សាធារណ​រដ្ឋ​អន្ត​រជាតិ​ (IRI​) បាន​បង្ហាញ​ ថាប្រជាព​លរដ្ឋ​កម្ពុជា​ ៧៦%​ ក្នុង​ចំណោម​អ្នក​សម្ភាសន៍ ​២០០០ ​នាក់ ​បាន​ឆ្លើយ​ថា ​កម្ពុជា​កំពុង​ដើរ​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ​ ដោយ​សារ​តែ​ការ​កសាង​ផ្លូវ​ថ្នល់​ស្ពាន​ សាលា​រៀន​ ប្រព័ន្ធ​ធារា​សាស្ត្រ ​និង​មណ្ឌ​លសុខ​ភាព​តាម​មូល​ដ្ឋាន។​ ប៉ុន្តែ ​២៣%​ បាន​ឆ្លើយ​ថា ​កម្ពុជា​ដើរ​លើ​ផ្លូវ​មិន​ត្រឹម​ត្រូវ​ដោយ​សារ​តែ​មាន​អំពើ​ពុក​រលួយ​កាន់​ តែ​ច្រើន​៕ រាយការណ៍​បន្ថែម​ដោយ Tom Brennan

ព័ត៌មានថ្មីៗ