នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​សម្តេច​ឪ នរោត្តម សីហនុ​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​ស្ថាបនា​កិច្ច​ព្រម​ព្រៀង​សន្តិភាព


«ត្រកូល​រាស្ត្រ ប៉ះ​ព្រះ​អង្គ​ម្ចាស់» គឺជា​អ្វី​ដែល​បាន​កើត​ឡើង​លើ​ជីវិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ លោក​ហ៊ុន សែន ​បាន​ដឹក​នាំ​ការ​ចរចា​ស្វែង​រក​សន្តិ​ភាព​ដោយ​ជួប​ជា​មួយ​ដៃ​គូ​របស់់​ខ្លួន​គឺ​សម្តេច​ឪ នរោត្តម សីហនុ នៅ​ចុង​ទសវត្សរ៍ ១៩៨០។

Content image - Phnom Penh Post
នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចឪ នរោត្តម សីហនុ ត្រូវបានស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩១ ពេលព្រះអង្គយាងនិវត្តចូលមាតុប្រទេសវិញ ក្រោយពីភាគីខ្មែរទាំងបួនក្នុងជម្លោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
Content image - Phnom Penh Post
Content image - Phnom Penh Post
ភាគីខ្មែរមានជម្លោះចូលរួមក្នុងកិច្ចចរចានៅទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ឯកសារ

រហូត​មក​ទល់​ពេល​នេះ ​គឺមាន​រយៈ​ពេល​២០​ឆ្នាំហើយ​ដែល​ខ្មែរ​ទាំង​បួន​ភាគី​មាន​ជម្លោះ​ប្រដាប់​ អាវុធ​នឹង​គ្នា​បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នៅ​ ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ថ្ងៃ​ទី ២៣​ តុលា ​ឆ្នាំ​១៩៩១​ ដោយ​មាន​អគ្គ​លេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ​រួម​នឹង​តំណាង​ប្រទេស​ហត្ថលេខី​ចំនួន​១៨​ ទៀត​ធ្វើ​ជា​សាក្សី។​ កិច្ច​ព្រមព្រៀង​នេះ ​គឺ​ជាការ​បើក​ទំព័រ​ប្រវត្តិ​សាស្រ្ត​ថ្មី​ និង​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទទួល​បាន​មក​វិញ​ នូវ​សុខ​សន្តិភាព​ និង​កសាង​ឡើង​វិញ​នូវ​ខឿន​សេដ្ឋ​កិច្ច​ និង​ លទ្ធិ​ប្រជាធិប​តេយ្យ ​បន្ទាប់​ពី​បាន​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាម​ស៊ីវិល​ជិត​ពីរ​ទសវត្សរ៍​រួច ​មក​។
ភាគី​ខ្មែរ​ទាំង​បួន​ដែល​មាន​ជម្លោះ​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នោះ​ រួម​មាន​ អ្នក​សីហនុ​និយម​ តំណាង​ដោយ​សម្តេច​ឪ ​នរោត្តម​ សីហនុ​ អ្នក​ជាតិ​និយម​ដឹក​នាំ​ដោយ​លោក​សឺន ​សាន​ ក្រុម​ខ្មែរ​ក្រហម​ដឹក​នាំ​ដោយ​ខៀវ ​សំផន​ និង​ក្រុម​រដ្ឋ​កម្ពុជា​ដែល​គ្រប់​គ្រង​ទឹក​ដី​ភាគ​ច្រើន​របស់​កម្ពុជា ​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​។​ កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ ទម្រាំ​នឹង​ប្រសូត​ចេញ​មក​បាន​ គឺ​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ មាន​ «ការ​លំបាក​យ៉ាង​ខ្លាំង​» និង​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដោយ​ចាប់​ផ្តើម​ពី​ជំនួប​លើក​ទី១​ រវាង​សម្តេច​ឪ ​នរោត្តម​ សីហនុ​ តំណាង​ឲ្យ​រដ្ឋាភិបាល​ត្រី​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​និង​លោក​នាយក​រដ្ឋ​ មន្ត្រី ​ហ៊ុន​ សែន​ តំណាង​ភាគី​រដ្ឋ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២ ​ខែធ្នូ​ ឆ្នាំ ​១៩៨៧​ នៅ​ទីក្រុង​ហ្វែរ​អង់​តា​ដឺន័រ ​(Fere-en Tardenois)​ ភាគ​ខាង​កើត​ប្រទេស​បារាំង​។

លោក​ហ៊ុន​ សែន​ ដែល​នៅ​ពេល​នោះ ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ផង​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ផង​ បាន​ ដឹក​នាំ​ការ​ចរចា​យ៉ាង​ស្វិត​ស្វាញ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ចូល​រួម​ដោយ​ត្រី​ភាគី​ដើម្បី​បញ្ចប់​សង្គ្រាម​។​ បើ​ទោះ​បី​ជា​លោក​មាន​វ័យ​ក្មេង​ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ​ ជា​អ្នក​ស្រលាញ់​សន្តិភាព​ ព្រោះ​លោក​មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​បន្ត​រង​គ្រោះ​ដោយ​សារ​ សង្គ្រាម​ ដូច​ជំនាន់​លោក​ឡើយ។

យោង​តាម​សៀវ​ភៅ​មាន​ចំណង​ជើង​ថា ​«ហ៊ុន ​សែន ​បុរស​ខ្លាំង​របស់​កម្ពុជា​» និពន្ធ​ដោយ​លោក​ ហារីស្ហ​មេហ៍តា​ និង​អ្នក​ស្រី ​ជូលី ​មេហ៍តា ​លោក​ហ៊ុន សែន ​បាន​បញ្ជាក់​ទស្សនៈ​របស់​លោក​ថា​៖ «​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​រក​ដំណោះ​ស្រាយ​នយោបាយ​តាម​រយៈ​ការ​ ចរចា​។​ កំណែ​ទម្រង់​សេដ្ឋ​កិច្ច​បាន​ដើរ​ជាមួយ​កំណែ​ទម្រង់​នយោ​បាយ​។ ​ប៉ុន្តែ​ស្ថិរភាព​នយោបាយ​ត្រូវ​បាន​រក្សា​ទុក​ ធ្វើ​ដូច្នេះ​ដើម្បី​កែ​ទម្រង់​ខាង​សេដ្ឋកិច្ច​អាច​អនុវត្ត​បាន​ស្រប​ជាមួយ​ នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​សង្គ្រាម​ និង​នាំ​មក​នូវ​សន្តិ​ភាព​»។

កិច្ច​ចរចា​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​សម្តេច​ព្រះ​នរោត្តម​ សីហនុ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​ ជួប​គ្នា​លើក​ទី១​នៅ​ទីក្រុង​ហ្វែរ​អង់​តាដឺន័រ​។​ កិច្ច​ចរចា​សន្តិភាព​ទីក្រុង​ប៉ារីស​ដំបូង​ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ជា​ផ្លូវ​ការ​ នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​ ១៩៨៩​ គឺ​មួយ​ខែ​មុន​ការ​ដក​កង​ទ័ព​វៀត​ណាម​ចេញ​ពី​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​បាន​លើក​ទ័ព​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ជួយ​កម្លាំង​តស៊ូ​ ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​។​ ការ​ដក​កង​ទ័ព​វៀត​ណាម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ខែ​កញ្ញា​ ឆ្នាំ​ ១៩៨៩​។​ ទាក់​ទង​នឹង​បញ្ហា​នេះ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ បាន​ថ្លែង​នា​ពេល​កន្លង​ មក​ដោយ​ស្រង់​បន្ទូល​របស់​សម្តេច​ឪ​ដែល​បាន​ប្រាប់​លោក​ថា​ ភាគី​ខ្មែរ​ក្រហម​ដែល​ដឹក​នាំ​ដោយ​លោក​ខៀវ​ សំផន​ បាន​សន្យា​ចំពោះ​ព្រះ​អង្គ​ថា​ នៅ​ពេល​ដែល​កង​ទ័ព​វៀត​ណាម​ដក​ចេញ​ នោះ​«រដ្ឋាភិបាល​របស់​រដ្ឋ​កម្ពុជា​នឹង​ប៉ើង​ដូច​ក្រដាស​»​។​ ប៉ុន្តែ​លោក​ហ៊ុន​ សែន​ បាន​ឆ្លើយ​នៅ​ពេល​នោះ​ថា​៖ «​ចាំ​មើល​ មើល​! តើ​នរណា​ប៉ើង​ នរណា​មិន​ប៉ើង​»​។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​ទៀត​ថា​៖ «​ឆ្នាំ​ ១៩៨៩​ កង​ទ័ព​វៀត​ណាម​បាន​ដក​ចេញ​អស់​ពី​ប្រទេស​កម្ពុជា​ ប៉ុន្តែ​សង្គ្រាម​នៅ​តែ​បន្ត​ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៩​ រហូត​ដល់​ឆ្នាំ​ ១៩៨៩​ គេ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​កង​ទ័ព​វៀត​ណាម​។​ ប៉ុន្តែ​ពេល​កង​ទ័ព​វៀត​ណាម​ដក​អស់​ គេ​នៅ​តែ​បន្ត​សង្គ្រាម​ប្រឆាំង​ជាមួយ​ប្រជាជន​កម្ពុជា​។​ យើង​ស្អប់​សង្រ្គាម​ ប៉ុន្តែ​យើង​ទទួល​ស្គាល់​សង្គ្រាម​ ដែល​សត្រូវ​តម្រូវ​ឲ្យ​យើង​ធ្វើ​។​ ដូច្នេះ​ការ​ប្រយុទ្ធ​របស់​យើង​នៅ​ពេល​នោះ​ មិន​មែន​ជា​ការ​និយម​សង្រ្គាម​ឡើយ​ ប៉ុន្តែ​វា​ជា​សង្គ្រាម​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ និង​រក​ភាព​សុខ​សាន្ត​ជូន​ប្រជាជន​ បន្ទាប់​មក​ភាគី​ជម្លោះ​ព្រម​ មក​តុ​ចរចា​រក​សន្តិភាព​នៅ​ឆ្នាំ​១៩៩១​»​។

ដំណើរ​ការ​ចរចា​ដោយ​មាន​ការ​ជំរុញ​ពី​មហា​អំណាច​ទាំង​ ៥​ (បារាំង​ សហ​រដ្ឋ​អាមេរិក​ ចិន​ អង់​គ្លេស​ និង​សហភាព​សូវៀត​)​ ព្រម​ទាំង​មាន​ប្រទេស​ផ្សេងៗ​ជា​សាក្សី​ បាន​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​។ ដំណោះ​ស្រាយ​ជម្លោះ​កម្ពុជា​ដែល​សម្រេច​ចេញ​មក​នេះ​ ត្រូវ​បាន​លោក​ រស់​ ចន្ត្រា​បុត្រ​ សាស្ត្រាចារ្យ​ ផ្នែក​វិទ្យាសាស្ត្រ​នយោបាល​ និង​ប្រវត្តិវិទូ​កម្ពុជា​ បាន​ពន្យល់​ថា​ កត្តា​ធំ​បំផុត​គឺ​មក​ពី​ការ​ដួល​រលំ​លទ្ធិ​កុម្មុយ​និស្ត​សហភាព​សូវៀត​ និង​ធ្វើ​ឲ្យ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​នឹម​របប​កុម្មុយ​និស្ត​រើប​ម្រះ​ និង​ប្រទស​សម្ព័ន្ធ​មិត្រ​ខ្លះ​គឺ​មាន​ការ​ព្រួយ​បារម្ភ​ថា​ នឹង​គ្មាន​អ្នក​ណា​គាំទ្រ​ខ្លួន​ទៀត​ដែរ​។

លោក​បន្ត​ថា​៖ «​សហភាព​សូវៀត​ក៏​មាន​ឥទ្ធិពល​លើ​ប្រទេស​វៀត​ណាម​ផង​ដែរ​។​ ការ​ដួល​រលំ​របស់​សហភាព​សូវៀត​ បាន​ជំ​រុញ​ឲ្យ​ប្រទេស​វៀត​ណាម​ (ដែល​សម័យ​នោះ​គាំទ្រ​របប​រដ្ឋ​កម្ពុជា)​ ផ្លាស់​ប្តូរ​នយោបាយ​ និង​ផ្លាស់​ប្តូរ​ការ​គិត​របស់​ខ្លួន​។​ ការ​ដួល​រលំ​នេះ​ ក៏​បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​​ចិន​ដែល​តែង​តែ​គាំទ្រ​ក្រុម​កម្ពុជា​ ប្រជាធិបតេយ្យ​ ឲ្យ​មាន​ការ​គិត​គូរ​ឡើង​វិញ​ផង​ដែរ​។​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​សន្តិភាព​នេះ​ឡើង​ បន្ទាប់​ពី​ប្រឈម​មុខ​ផ្នែក​យោធា​ដាក់​គ្នា​ជា​យូរ​មក​ហើយ​»​។

ក្រៅ​ពី​បរិបទ​អន្តរជាតិ​ កត្តា​សំខាន់​ជាង​គេ​មួយ​ទៀត​ ដែល​បាន​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​នៅ​ថ្ងៃ​ទី​២៣ ​តុលា​ឆ្នាំ​១៩៩១​ ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា​ គឺ​ដោយ​សារ​តែ​គុណ​សម្បត្តិ​ និង​ទេព​កោសល្យ​នយោបាយ​របស់​សម្តេច​ឪ​ នរោត្តម​ សីហនុ​ ព្រម​ទាំង​ការ​ស៊ី​ចង្វាក់​គ្នា​យ៉ាង​ល្អ​ រវាង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​អង្គ​ និង​បុគ្គលិក​លក្ខណៈ​របស់​លោក​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋ​កម្ពុជា​សម័យ​នោះ​ផង​ដែរ​។​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ដែល​ត្រូវ​បាន​ពិភព​លោក​កត់​សម្គាល់​ថា​ ជា​អ្នក​បញ្ចប់​ទាំង​ស្រុង​នូវ​អង្គការ​ចាត់​តាំង​នយោបាយ​ និង​យោធា​របស់​ខ្មែរ​ក្រហម​ និង​នាំ​សន្តិភាព​ពេញ​លេញ​ និង​គ្មាន​ការ​បែង​ចែក​ទឹកដី​កម្ពុជា​ជា​ពីរ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​១៩៩៨​ មក​។

កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ដែល​ភាគី​ខ្មែរ​ក្នុង​ជម្លោះ​ទាំង​បួន​យល់​ព្រម​ មាន​គោល​បំណង​បី​សំខាន់ៗ​។​ ទី​១ កិច្ច​ព្រមព្រៀង​លើ​ដំណោះ​ស្រាយ​នយោបាយ​រួម​លើ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​អនុវត្ត​កិច្ច​ឈប់​បាញ់​គ្នា​ និង​ការ​រំសាយ​អាវុធ​នៅ​ក្នុង​ជួរ​ទ័ព​នៃ​ភាគី​ជម្លោះ​ទាំង​អស់​ មាន​អាណត្តិ​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​ របស់​ អ​.ស​.ប​.នៅ​កម្ពុជា​ រៀប​ចំ​ការ​បោះ​ឆ្នោត​សកល​មួយ​ រៀបចំ​បញ្ចូល​មក​វិញ​ជន​ភៀស​ខ្លួន​ និង​រៀប​ចំ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ មួយ​សម្រាប់​ប្រទេស​កម្ពុជា​។​ ទី២​ គឺ​ការពារ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ពេញ​សិទ្ធិ​មួយ​ តាម​រយៈ​ការ​ធានា​នូវ​អធិបតេយ្យ​ភាព​ ឯក​រាជ​ភាព​ បូរណ​ភាព​ដែនដី​ និង​ភាព​ពុំ​អាច​រំលោភ​បំពាន​បាន​ឡើយ​ទឹក​ដី​អព្យាក្រឹត​ភាព​ និង​ឯក​ភាព​ជាតិ​ នៃ​ប្រទេស​កម្ពុជា។​ ទី៣​ សេចក្តី​ថ្លែង​ការណ៍​មួយ​ទាក់​ទង​នឹង​ការ​សាង​សង់​ប្រទេស​កម្ពុជា​ឡើង​វិញ​។

លោក​ រស់​ ចន្ត្រាបុត្រ​ បាន​ថ្លែង​ថា​៖ «​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ ​ទី២៣​ ខែ​តុលា​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ធំ​បំផុត​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​សុខ​សន្តិភាព ​ និង​ការ​រៀប​ចំ​នគរ​មួយ​ឲ្យ​មាន​នីតិរដ្ឋ​សម្រាប់​ ប្រទេស​កម្ពុជា​មួយ​ ដែល​ទើប​តែ​ចេញ​ពី​សង្គ្រាម​ និង​កម្ពុជា​មួយ​ ដែល​ទើប​ចេញ​ពី​លទ្ធិ​កុម្មុយនិស្ត​។​ កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​ជា​ការ​កំណត់​នូវ​ព្រំ​ដែន​ បូរណភាព​ទឹកដី​ និង​លទ្ធិ​ប្រជាធិបតេយ្យ​»​។

បើ​តាម​លោក​រស់​ ចន្ត្រាបុត្រ​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​តែ​មាន​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​ជានិច្ច​ បើ​ទោះ​បី​ជា​កម្ពុជា​បាន​ទទួល​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ​ហើយ​ក៏​ដោយ​។​ ប្រវត្តិវិទូ​រូប​នេះ​ បាន​លើក​ឡើង​ថា​៖ ​«​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ គឺ​ជា​ការ​ចាប់​ផ្តើម​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ និង​សន្តិសុខ​ និង​ភាគី​ទាំង​អស់​ចូល​មក​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​។​ ដោយ​សារ​តែ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទៅ​ក្រុង​ប៉ារីស​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នានា​ក្នុង​សហគមន៍​អន្តរជាតិ​ ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​»​។

លោក​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​អ្វី​ដែល​អង្គការ​សហ​ប្រជា​ជាតិ​ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មិន​បាន​សម្រេច​នោះ​ គឺ​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ឲ្យ​បាន​ ១០០%​។​ មិន​បាន​ ១០០%​ដោយ​សារ​តែ​ខ្មែរ​ក្រហម​ ដែល​ជា​ហត្ថ​លេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ មិន​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ ១៩៩៣​ ដោយ​សារ​តែ​នយោបាយ​របស់​ចិន​នៅ​ពេល​នោះ​មិន​ទាន់​មាន​ការ​កែប្រែ​នៅ​ឡើយ​ នៅ​តែ​បន្ត​គាំទ្រ​ខ្មែរ​ក្រហម និង​មួយ​ទៀត​ដោយ​សារ​តែ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​សម្តេច​ឪ​ និង​តំណាង​របស់​អ៊ុន​តាក់​ក្នុង​ការ​រៀបចំ​ប្រទេស​កម្ពុជា​ ជា​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជា​ដើម​។​ ប៉ុន្តែ​ចុង​ក្រោយ​ កម្ពុជា​បាន​ស្រុះ​ស្រួល​គ្នា​ក្នុង​ការ​បង្កើត​រាជា​និយម​ឡើង​វិញ​»​។​ លោក​បាន​បន្ថែម​ថា​៖ «​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​សព្វ​ថ្ងៃ​ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ ភាគី​ផ្សេងៗ​នា​ពេល​ក្រោយៗ​មក​ទៀត​ ជា​ពិសេស​គឺ​រដ្ឋាភិបាល​ដែល​ ដឹក​នាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​»​។

ចំណែក​ឯ​លោក​ លឺ​ ឡាយ​ស្រេង​ អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ជា​ភាគី​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ធ្លាប់​បាន​ថ្លែង​ថា​ ថ្ងៃ​ទី​២៣​ តុលា​ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល​។​ លោក​មាន​ប្រសាសន៍​ថា​៖​ «ថ្ងៃទី​ ២៣​ តុលា​ គឺ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​នៃ​ការ​រួប​រួម​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ​ ដែល​មាន​ជម្លោះ​គ្នា​ និង​រួម​គ្នា​ដើម្បី​ស្វែង​រក​សុខ​ សន្តិភាព​។​ ប្រសិន​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​ តុលា​ទេ​ ឈាម​ខ្មែរ​នៅ​តែ​ហូរ​ ខណៈ​ដែល​មុន​នេះ​ ភាគី​ខ្មែរ​ទាំង​បួន​ក្នុង​ជម្លោះ​ បាន​បង្ហូរ​ឈាម​គ្នា​រួច​ទៅ​ហើយ​។​ ប៉ុន្តែ​ឥឡូវ​នេះ​ ខ្មែរ​បាន​រួប​រួម​គ្នា​ហើយ​។​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​សន្តិភាព​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​»​។

សម្តេច​ឪ​ នរោត្តម​ សីហនុ​ ទ្រង់​ក៏​បាន​ឈ្វេង​យល់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ គឺ​ជា​តួអង្គ​ដ៏​សំខាន់​ម្នាក់​ ក្នុង​ការ​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​ដែល​ហែក​ហួរ​ដោយ​ភ្លើង​ សង្គ្រាម​ស៊ីវិល​ជាង​ពីរ​ទសវត្សរ៍​។​ យោង​តាម​សៀវ​ភៅ​«ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​»​ និពន្ធ​ដោយ​លោក​ហារីស្ហមេហ៍តា​ និង​អ្នក​ស្រី​ ជូលី ​មេហ៍តា​ សម្តេច​ឪ​ នរោត្តម​ សីហនុ​ បាន​មាន​បន្ទូល​ថា​៖​«​លោក​ហ៊ុន​ សែន​ ជា​មេ​ដឹក​នាំ​គួរ​ឲ្យ​កត់​សម្គាល់​ម្នាក់​។​ គាត់​ក្មេង​តែ​វាងវៃ​ ហើយ​លោក​មាន​បទ​ពិសោធ​ក្នុង​កិច្ច​ការ​ប្រទេស​ទៀត​ផង​។​ គាត់​ជា​ជន​ស្នេហា​ជាតិ​ ហើយ​មាន​សេចក្តី​ស្នេហា​ពិត​ប្រាកដ​ចំពោះ​ប្រជាជន​ របស់​គាត់​។​ គាត់​មាន​មោទនភាព​ជាតិ​។​ កាល​ដែល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ដូច​គាត់​ ប្រកប​ដោយ​ថាមពល​ ចិត្ត​ខ្លាំង​ដូច​ព្យុះ​សង្ឃរា​ ហិង្សា​ក្នុង​សម្តី​តែ​នេះ​ជា​យុវវ័យ​។​ យើង​ទាំង​អស់​គ្នា​ទុំជោរ​តាម​អាយុ​។​ ប្រទេស​កម្ពុជា​មាន​សំណាង​ ដោយ​មាន​លោក​ ហ៊ុន​ សែន​។​ យើង​ត្រូវ​ការ​ហ៊ុន​ សែន​ ច្រើន​នាក់​ទៀត​»​។

ក្រុម​អ្នក​និពន្ធ​សៀវ​ភៅ​ «សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ប្រសូត​ចេញ​ពី​ត្រកូល​កសិករ​ក៏​បាន​លើក​ឡើង​ពី​គុណ​ សម្បត្តិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ការ​នាំ​យក​នូវ​សន្តិភាព​ជូន​ប្រទេស​ដែរ​។​ អ្នក​និពន្ធ​បាន​ លើក​ឡើង​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​ជា​មនុស្ស​មាន​ថ្វី​មាត់​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ចុះ-​បញ្ចូល​គូ​សន្ទនា​ របស់​ខ្លួន​។​ គ្រប់​ពេល​ដែល​លោក​បាន​បង្ហាញ​មុខ​ចំពោះ​សាធារណជន​ លោក​តែង​តែ​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់​ ហ្មត់ចត់​ ហើយ​ប្រើ​ពាក្យ​សម្តី​ចំ​អន់​ លេង​សើច​ ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ទៀត​ផង​។ ទម្លាប់​នេះ​ត្រូវ​បាន​លោក​ហ៊ុន សែន​អនុវត្ត​នៅ​រៀង​រាល់​ថ្លែង​សុន្ទរ​កថា៕

ព័ត៌មានថ្មីៗ