នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែនៈ ពី​ក្មេង​វត្ត​ក្លាយ​ជា​បុរស​ខ្លាំង​របស់​ប្រទេស​កម្ពុជា


៤​ មេសា​ ឆ្នាំ​ ១៩៥១​ ៤​ មេសា​ ឆ្នាំ​ ២០១១​ គឺ​មាន​រយៈពេល​ ៦០​ ឆ្នាំ​ហើយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ ចាប់​កំណើត​ឡើង​។​ នេះ​បើ​យោង​តាម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​កំណត់​តាម​កាល​បរិច្ឆេទ​នៃ​ការ​ចូល​រួម​នៅ​ក្នុង​ចលនា​តស៊ូ​រំដោះ​ ប្រជាជាតិ​តាម​ការ​អំពាវនាវ​របស់​សម្តេច​ឪ​ នរោត្តម​ សីហនុ​ ក្រោយ​ពី​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះ​អង្គ​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ចូល​ព្រៃ​ម៉ាគី​តស៊ូ​រំដោះ​ជាតិ​នៅ​ថ្ងៃ​ទី​ ៤​ ខែ​មេសា​ ឆ្នាំ​ ១៩៧០​ ជាមួយ​នឹង​យុវជន​ផ្សេង​ទៀត​ ប្រមាណ​ ៣០០​នាក់​។​ តាម​ពិត​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ពិត​ប្រាកដ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​ មែន​ថ្ងៃ​ទី​៤​ ខែ​មេសា​ឡើយ​ ហើយ​ឈ្មោះ​ ពី​កំណើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ គឺ​ហ៊ុន​ ប៊ុន​ណាល់​ ដែល​ជា​ឈ្មោះ​ជួន​នឹង​ឈ្មោះ​ឪពុក​លោក​ផង​ និង​ដើម្បី​ឲ្យ​ស័ក្តិ​សម​នឹង​ភាព​ថ្លោស​របស់​គាត់​ពេល​កើត​មក​ផង​។​ នៅ​ក្នុង​ឱកាស​នៃ​ខួប​កំណើត​របស់​លោក​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នឹង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​នៅ​មូលដ្ឋាន។

Content image - Phnom Penh Post
រូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលនៅពីវ័យក្មេង លោកបានចូលព្រៃម៉ាគីតស៊ូនៅក្នុងឆ្នាំ ១៩៧០
Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(កណ្តាលពាក់វែនតា) ថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកតស៊ូដទៃទៀត នៅក្នុងអំឡុងពេលបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅក្នុងខេត្តក្រចេះនៅឆ្នាំ ១៩៧៨
Content image - Phnom Penh Post
នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា ព្រមទាំងសាច់ញាតិធ្វើពិធីបង្សុកូលដល់កូនប្រុស កំសត់
Content image - Phnom Penh Post
កងកម្លាំងតស៊ូមួយរបស់ភាគីខ្មែរមានជម្លោះនៅកម្ពុជាដែលបានចុះចូលជាមួយរដ្ឋាភិបាល
Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(កណ្តាលពាក់វ៉ែនតា) នៅក្នុងដំណើរបំពេញបេសកកម្មចុះត្រួតពិនិត្យសមរភូមិស្វាយចេក ដែលកាលនោះស្ថិតនៅក្នុងខេត្តបាត់ដំបង ក្នុងខែមីនា ឆ្នាំ ១៩៩០

គឺ​នៅ​កណ្តាល​អធ្រាត្រ​ ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី​ ថ្ងៃ​អង្គារ​ទី​ ៥​ សីហា​ ឆ្នាំ​១៩៥២​ ដែល​ទារក​ហ៊ុន​ ប៊ុន​ណាល់​ បាន​ចាប់​កំណើត​ឡើង​ក្នុង​គ្រួសារ​របស់​លោក​ហ៊ុន​ នាង​ ដែល​ជា​ឪពុក​ និង​លោក​ស្រី​ ឌី​ ប៉ុក​ ជា​ម្តាយ​នៅ​ក្នុង​ភូមិ​ពាម​កោះ​ស្នា​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់​ចាម​ ដែល​ជា​ត្រកូល​កសិករ​។​ យោង​តាម​ឯក​សារ​ស្រាវជ្រាវ​នានា​ កុមារា​ ហ៊ុន​ ប៊ុន​ណាល់​ ត្រូវ​ឪពុក​ម្តាយ​បញ្ជូន​ឲ្យ​ចូល​សិក្សា​នៅ​សាលា​វត្ត​ គឺ​វត្តបុទមកេស​ ហៅ​វត្តពាម​ ដោយ​ស្នាក់​នៅ​ធ្វើ​ជា​កូន​សេកលោក​ បើទោះបី​ជា​ផ្ទះ​របស់​គាត់​នៅ​ជិត​វត្ត​ ក៏​ដោយ​។

យោង​តាម​សៀវ​ភៅ​មាន​ចំណង​ជើង​ថា​ «សម្តេច​អគ្គមហា​សេនាបតី​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​ត្រកូល​កសិករ​»​ អ្នក​ស្រុក​ចាស់​ទុំ​បាន​ឲ្យ​ដឹង​ថា​ កុមារា​ ហ៊ុន​ ប៊ុន​ណាស់​ ជា​ក្មេង​ស្លូត​បូត​ មិន​ចូល​ចិត្ត​ការ​ឈ្លោះ​ប្រកែក​វាយ​តប់​គ្នា​ទេ​។​ ប៉ុន្តែ​គាត់​ជា​ ក្មេង​ក្រមិច​ក្រមើម​បែប​ជា​កុមារ​វៃឆ្លាត​ម្នាក់​។​ គាត់​មាន​និស្ស័យ​ខាង​ការ​សិក្សា​រៀន​សូត្រ​ ជា​ក្មេង​ឧស្សាហ៍​ព្យាយាម​ ហើយ​រៀន​ពូកែ​ ទៀត​ផង​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​ប្រាប់​អ្នក​និពន្ធ​សៀវ​ភៅ​ «​ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​»​ នា​ពេល​កន្លង​ មក​ពេល​លោក​នៅ​កុមារ​ភាព​ថា​ ៖ «​ខ្ញុំ​ស្អប់​ក្មេងៗ​ព្រហើន​ ដែល​ចេញ​មក​ពី​គ្រួសារ​អ្នក​មាន​អំណាច​ និង​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ ហើយ​ដែល​មើល​ងាយ​អ្នកក្រ​។​ ពួកគេ​មិន​ដែល​មើល​សៀវ​ភៅ​រៀន​គេ​ទេ​ ហើយ​រៀន​អន់​ ប៉ុន្តែ​ពួកគេ​តែងតែ​ប្រឡង​ជាប់​»​។

ក្នុង​វ័យ​ ១៣​ ឆ្នាំ​ កុមារា​ ហ៊ុន​ ប៊ុន​ណាល់​ បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ ជាមួយ​នឹង​ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​នាម​ គឹម​ ច្រែង​មក​ស្នាក់​នៅ​ក្នុង​វត្ត​នាគវ័ន​ ដើម្បី​បន្ត​ការ​សិក្សា​ដោយ​សារ​តែ​នៅ​តំបន់​ជន​បទ​ក្នុង​សម័យ​នោះ​មិន​មាន​ សាលា​គ្រប់គ្រាន់​ នោះ​ឡើយ​។​ ទាំង​កុមារា​ ហ៊ុន​ ប៊ុន​ណាល់​ និង​ម្តាយ​ជាទី​ស្រលាញ់​របស់​លោក​មាន​ការ​អាឡោះ​អាល័យ​គ្នា​យ៉ាង​ខ្លាំង​នៅ​ ពេល​ដែល​ កុមារ​រូប​នេះ​លា​គាត់​មក​ទីក្រុង​ភ្នំពេញ​។​ កុមារា​ ប៊ុន​ណាល់​ បាន​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​សាលា​ឥន្ទ្រទេវី​។​ ជីវិត​ជា​ក្មេង​វត្ត​បាន​ ហែល​ឆ្លង​កាត់​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង​ ដោយ​ត្រូវ​ងើប​ពី​ដំណេក​ពី​យប់​ដើម្បី​ដាំ​បបរ​ប្រគេន​ព្រះ​សង្ឃ​ ដើរ​បិណ្ឌ​បាត​ សូត្រ​ធម៌​ បោស​ សំអាត​ទី​ធ្លា​វត្ត​ជាដើម​។​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ប្រាប់​អ្នក​និពន្ធ​សៀវ​ភៅ​«​ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​»​ថា​ នៅ​ពេល​ខ្លះ​ លោក​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយ​សារ​តែ​ដើម​ឈើ​ធំ​ពីរ​ដើម​នៅ​ក្នុង​វត្ត​ ពេល​ខ្លះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​ព្រះ​សង្ឃ​ដោយ​សារ​តែ​បាន​ចង្ហាន់​ យឺត​។​ ជាមួយ​គ្នា​នេះ​ កុមារា​ហ៊ុន​ ប៊ុន​ណាល់​ ក៏​ត្រូវ​ទៅ​រែក​ទឹក​មក​ដាក់​វត្ត​ពី​ផ្លូវ​កម្ពុជា​ក្រោម​ដែរ​។

ភាព​កម្សត់​ទុរគត​នៅ​ពេល​នោះ​មិន​បាន​ឲ្យ​កុមារា​ប៊ុន​ណាល់​ ចុះ​ចាញ់​ឡើយ​ ការ​តស៊ូ​នៅ​តែ​មាន​ជានិច្ច​។​ លោក​នាយក​រដ្ឋ​ មន្ត្រី​បាន​ថ្លែង​នៅ​ក្នុង​សៀវភៅ​ ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​ អំពី​ទុក្ខ​លំបាក​របស់​ខ្លួន​ក្នុង​នាម​ជា​ក្មេង​វត្ត​ ដោយ​បាន​ដេក​របៀប​ ចល័ត​ទៅ​តាម​កន្លែង​ដែល​ទំនេរ​។​ «​ពេល​ណា​រងា​ ខ្ញុំ​ដេក​ក្រោម​គ្រែ​ព្រះ​សង្ឃ​ដើម្បី​ឲ្យ​កក់​ក្តៅ​។​ ពេល​ណា​មាន​មូស​ ពួក​យើង​សុំ​លោក​សង្ឃ​ឲ្យ​ទម្លាក់​ជើង​មុង​ផុត​គ្រែ​ដើម្បី​ការ​ពារ​កុំ​ឲ្យ ​មូស​ខាំ​ពួក​យើង​»​។​ នេះ​គឺ​ជា​ការ​រំលឹក​ឡើង​វិញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពី​អនុស្សាវរីយ៍​ក្នុង​វ័យ​កុមារ​របស់​លោក​ជា​ក្មេង​វត្ត​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ហ៊ុន​ សែន​ បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ចេះ​លេង​អុក​របស់​គាត់​ថា​ នៅ​ថ្ងៃ​អាទិត្យ​ ក្មេង​វត្ត​ត្រូវ​រក​ចង្ហាន់​ឲ្យ​បាន​មុន​ពេល​បន្តិច​ ហើយ​គឺ​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​នេះ​ហើយ​ដែល​ក្មេង​ វត្ត​ ហ៊ុន​ សែន ​រៀន​លេង​អុក​ នៅ​ពេល​ដែល​គាត់​ឈប់​សំចត​តាម​តូប​កាត់​សក់​ក្នុង​ដំណើរ​បិណ្ឌ​បាត​របស់​ គាត់​។​ ជាង​កាត់​សក់​ដែល​ដាក់​ចង្ហាន់​ដល់​ព្រះ​សង្ឃ​តែងតែ​ផ្តល់​ក្តារ​អុក​ដល់​ អតិថិជន​របស់​គេ​ដែល​រង់​ចាំ​វេន​កាត់​សក់​របស់​ខ្លួន​។​ ក្មេង​វត្ត​ហ៊ុន​ សែន​ ក៏​បាន​ឈរ​ បន្ត​ជាមួយ​ពួកគេ​ដែរ​ដើម្បី​លេង​អុក​។​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ប្រាប់​អ្នក​និពន្ធ​សៀវ​ភៅ​ ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​ថា​៖​ «ខ្ញុំ​ចេះ​លេង​អុក​ដោយ​មើល​អ្នក​ដទៃ​លេង​»​។​ រហូត​មក​ទល់​នឹង​ពេល​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​អ្នក​លេង​អុក​ដ៏​ពូកែ​ម្នាក់​។

យុវជន​ហ៊ុន​ ប៊ុន​ណាល់​ បាន​បញ្ឈប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ឥន្រ្ទទេវី​នៅ​ឆ្នាំ​ ១៩៦៩​ ហើយ​ចាក​ចេញ​ពី​សាលា​នៅ​មុន​ពេល​លោក​ប្រឡង​។​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​តាម​រយៈ​សៀវភៅ​ ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​ថា​ ការ​ចាក​ចេញពី​វត្ត​នាគវ័ន​ ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​វិញ​ ដោយ​សារ​តែ​«​ព្រឹត្តិការណ៍​ក្នុង​វត្ត​»​ ដែល​ប៉ូលិស​របស់​សម្តេច​ឪ​ នរោត្តម​ សីហនុ​ចាប់​បង​ប្អូន​  ជីដូន​មួយ​របស់​លោក​ ហើយ​លោក​ខ្លាច​។​ ក្រោយ​មក​លោក​ចង់​វិល​ត្រឡប់​មក​វត្ត​នាគវ័ន​វិញ​ ក្រោយ​ពី​បង​ជីដូន​មួយ​លោក​ត្រូវ​បាន​ ដោះ​លែង​ឲ្យ​មាន​សេរីភាព​។​ ប៉ុន្តែ​ការ​ប៉ុនប៉ង​វិល​ត្រឡប់​របស់​លោក​ត្រូវ​បាន​អាក់​ខាន​ដោយ​សារ​តែ​ មាន​រដ្ឋ​ប្រហារ​ថ្ងៃទី​ ១៨​ មីនា​ ឆ្នាំ​ ១៩៧០​ ទម្លាក់​សម្តេច​ឪ​ នរោត្តម​ សីហនុ​ពី​តំណែង​។

រដ្ឋ​ប្រហារ​របស់​លន់​ នល់​ទម្លាក់​សម្តេច​ឪ​ បាន​កាត់​ផ្តាច់​ការ​សិក្សា​របស់​យុវជន​ហ៊ុន​ ណាល់​ ហើយ​ប្រែ​ក្លាយ​ជីវិត​ក្មេង​វត្ត​ ម្នាក់​នេះ​ទៅ​ជា​យុទ្ធជន​រំដោះ​ជាតិ​ពី​ក្រញាំ​ដៃ​នៃ​ក្រុម​អ្នក​ធ្វើ​រដ្ឋ ​ប្រហារ​ និង​អ្នក​គាំទ្រ​ពី​ក្រោយ​។​ គឺ​នៅ​ថ្ងៃទី​ ៤​ ខែមេសា​ ឆ្នាំ​ ១៩៧០​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចូល​ធ្វើការ​តស៊ូ​តាម​ការ​អំពាវនាវ​របស់​ សម្តេច​ឪ​ពី​ទីក្រុង​ប៉េកាំង​ ឲ្យ​កូន​ចៅ​ព្រះ​អង្គ​ចូល​ព្រៃ​ម៉ាគី​តស៊ូ​។​ នៅ​ក្នុង​ការ​តស៊ូ​នេះ​ យុវជន​ ហ៊ុន​ ប៊ុន​ណាល់​ បាន​ប្តូរ​ឈ្មោះ​មក​ជា​ ហ៊ុន​ សំរេច ​វិញ​ដើម្បី​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​។​ ក្នុង​បទ​សម្ភាស​ដល់​អ្នក​និពន្ធ​សៀវភៅ​ ហ៊ុន​ សែន​ បុរស​ខ្លាំង​របស់​កម្ពុជា​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ «​ខ្ញុំ​ចូល​ព្រៃ​ ពីព្រោះ​ខ្ញុំ​មើល​ឃើញ​ពពក​ភ្លើង​សង្គ្រាម​កំពុង​ពូន​ផ្តុំ​នៅ​ឯជើង​មេឃ​រួច ​ទៅ​ហើយ​»​។

ទើប​តែ​ចូល​ព្រៃ​ម៉ាគី​ និង​ហាត់​ហ្វឹកហ្វឺន​ទ័ព​បាន​ប្រមាណ​ពីរ​សបា្តហ៍​ យុវជន​ ហ៊ុន​ សំរេច​ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជាការ​កង​អនុសេនា​តូច​ដែល​មាន​ទាហាន​ ចំនួន​ ៣៦​ នាក់​នៅ​ក្រោម​បញ្ជា​។​ នៅ​ថ្ងៃទី​ ១​ ខែ​ឧសភា​ ឆ្នាំ​ ១៩៧០​ គឺ​ជា​ការ​ប្រយុទ្ធ​លើក​ ដំបូង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ នៅ​ក្នុង​សម័យ​តស៊ូ​ ហើយ​សមរភូមិ​បាន​ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ប្រយទ្ធ​ជាមួយ​នឹង​កង​ទ័ព​របស់​របប​សាធារណ​រដ្ឋ​លន់​ នល់​។​ ការ​ប្រយុទ្ធ​គ្នា​មាន​ពេល​ខ្លះ​ឈ្នះ​ មាន​ពេល​ខ្លះ​ចាញ់​ ពេល​ខ្លះ​បាក់​ទ័ព​ ប៉ុន្តែ​ទឹក​ចិត្ត​ប្រយុទ្ធ​នៅ​តែ​មាន​ដើម្បី​ប្រទេស​ជាតិ​។​ លោក​ហ៊ុន​ សំរេច​ បាន​ឡើង​តួនាទី​រហូត​ គឺ​សីហា​ ឆ្នាំ​ ១៩៧៥​ជា​ប្រធាន​សេនា​ធិការ​កង​វរសេនា​ធំ​។​ ប៉ុន្តែ​អកុសល​ មួយ​ថ្ងៃ​នៃ​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​លន់​ នល់​ គឺ​នៅ​ថ្ងៃទី​១៦​ មេសា​ ឆ្នាំ​ ១៩៧៥​ លោក​ ហ៊ុន​ សែន​ ដែល​បាន​ប្តូរ​ឈ្មោះ​ពី​ហ៊ុន​ សំរេច​ នៅ​ឆ្នាំ​ ១៩៧៥​ បាន​ត្រូវ​របួស​ធ្ងន់​ សន្លប់​អស់​៧​ យប់​ ៧​ ថ្ងៃ​ ហើយ​បាន​បណ្តាល​ឲ្យ​ លោក​ពិការ​ភ្នែក​ខាង​ឆ្វេង​។

នៅ​ថ្ងៃ​៥​ មករា​ ឆ្នាំ​ ១៩៧៦​ លោក​មេ​បញ្ជាការ​ ហ៊ុន​ សែន​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​យុវនារី​ ប៊ុន​ រ៉ានី​ ដែល​ជា​គ្រូ​ ពេទ្យ​ម្នាក់​។​ កាល​នោះ​គឺ​លោក​ទាំង​ពីរ​បាន​រៀប​ការ​ក្នុង​របប​ប៉ុល​ ពត​ ចំនួន​ ១៣​ គូ​ ហើយ​គូ​លោក​នាយក​រដ្ឋ​មន្ត្រី​ ជា​គូ​ទី​១៣​។​  ដោយ​ដឹង ​និង​ជា​សាក្ស៊ី​ផ្ទាល់​ភ្នែក​ចំពោះ​គោល​នយោបាយ​ប្រល័យ​ពូជ​សាស​នៃ​របប​ប៉ុល​ពត​ នៅ​ឆ្នាំ​១៩៧៧​ លោក ​ហ៊ុន​ សែន ​បាន​ចាក​ចេញ​ពី​គ្រួសារ​ជា​ទី​ស្រឡាញ់​ម្តង​ទៀត​ដើម្បី​ដឹក​នាំ​ចលនា​មួយ​ ក្នុង​គោល​បំណង​រំដោះ​ប្រទេស​កម្ពុជា​ និង​ប្រជាជន​របស់​លោក​ពី​របប​ប្រល័យ​ពូជ​សាសន៍​នេះ​។​ នៅ​ឆ្នាំ​១៩៧៨​ លោក​ ហ៊ុន​ សែន​ បាន​ក្លាយ​ទៅ​ជា​ប្រធាន​ស្ថាបនិក​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​ ដោយ​ការ​សហការ​ជា​មួយ​ចលនា​ស្នេហា​ជាតិ​ដទៃៗ​ និង​មាន​ការ​គាំ​ទ្រ​ពី​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ ​នៅ​ថ្ងៃ​ទី​៧ ​មករា​ ឆ្នាំ​១៩៧៩​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​រំដោះ​ប្រទេស​កម្ពុជា​និង​ ប្រជាជន​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។

នៅ​ថ្ងៃ​ទី ២៤​ កុម្ភៈ​ ឆ្នាំ​ ១៩៧៩​ លោក​ ហ៊ុន​ សែន​ បាន​ជួប​ជុំ​គ្រួសារ​ឡើង​វិញ​ ប៉ុន្តែ​កូន​របស់​លោក​ឈ្មោះ​ហ៊ុន​ ម៉ាណែត​ នៅ​ពេល​នោះ​មិន​ស្គាល់​ថា​ លោក​ជា​ឪពុក​របស់​ខ្លួន​ឡើយ​ បាន​ហៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ជា​ឪពុក​ថា​ ពូៗ​ជា​ច្រើន​សបា្តហ៍​ នេះ​ដោយ​សារ​តែ​លោក​ពុំ​បាន​ស្ថិត​នៅ​ជាមួយ​គ្រួសារ​ និង​កូន​ ដោយ​ជាប់​រវល់​ក្នុង​ការ​តស៊ូ​រំដោះ​ប្រទេស​ជាតិ​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ភាព​ក្តុកត្តូល​រំជួល​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​បាន​ជួប​មុខ​ ក្រុម​គ្រួសា​ឡើង​វិញ​ បន្ទាប់​ពី​បាន​បែក​គ្នា​អស់​ជា​ច្រើន​ខែ​ឆ្នាំ​។

ចាប់​ពី​ឆ្នាំ​១៩៧៩​ ដល់​ឆ្នាំ​១៩៩៣​ លោក​ ហ៊ុន​ សែន​ បាន​ទទួល​តំណែង​ផ្សេង​ៗ​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ ដូច​ជា​នៅ​ក្នុង​សម័យ​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ និង​សម័យ​រដ្ឋ​កម្ពុជា​។​ ក្នុង​នាម​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស ​នៅ​ឆ្នាំ​១៩៧៩​ និង​ក្នុង​នាម​ជា​ឧបនាយក​រដ្ឋ​មន្រ្តី​និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ បរទេស​ពី​ឆ្នាំ​ ១៩៨១ ​ដល់​ ១៩៨៥​ ​និង​បន្ទាប់​មក​ជា​នាយក​រដ្ឋ​មន្រ្តី​និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ បរទេស​ពី​ឆ្នាំ​១៩៨៥​ដល់​១៩៩១​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​សម្រេច​នូវ​សមិទ្ធ​ផល​ជា​ច្រើន​ដូច​ជា​ ​ការ​ដាក់​នូវ​មូល​ដ្ឋាន​សម្រាប់​អនុវត្ត​សន្តិ​ភាព ការ​បង្រួប​បង្រួម​ជាតិ​ និង​ការ​អភិវឌ្ឍន៍​កម្ពុជា​។ ​តាម​រយៈ​ការ​ចូល​រួម​ចំណែក​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ឆន្ទៈ​ ​លោក​បាន​ក្លាយ​ជា​ស្ថាបត្យ​ករ​ដែល​មិន​អាច​ខ្វះ​បាន​ចំពោះ​កិច្ច​ព្រម​ព្រៀង ​ទីក្រុង​បារីស​ស្តី​ពី​កម្ពុជា​។

ជា​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣​ ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៨​ លោក​ ហ៊ុន សែន បាន​បម្រើ​ប្រទេស​កម្ពុជា​ជា​សហ​នាយក​រដ្ឋ​មន្រ្តី​និង​បន្ទាប់​មក​ជា​នាយក​ រដ្ឋ​មន្រ្តី​ទី​ពីរ​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​លើក​ទី​មួយ​។​ នៅ​ក្នុង​តំណែង​នេះ​ ជា​ថ្មី​ម្តង​ទៀត​លោក​បាន​ក្លាយ​ជា​អ្នក​ការ​ពារ​សមិទ្ធ​ផល​ជាតិ​និង​ជា​អ្នក​ការ​ពារ​កិច្ច​ព្រម​ ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ សមិទ្ធ​ផល​របស់​លោក​ក្នុង​អំឡុង​ពេល​នេះ​រួម​មាន​ ការ​បំពេញ​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​ការ​កែ​លំអផ្លូវ​ថ្នល់​នៅ​តាម​ជន​បទ​ សាលា​រៀន​ មន្ទីរ​ពេទ្យ​ មណ្ឌល​សុខ​ភាព​ផ្សេងៗ​ លទ្ធ​ភាព​ទទួល​បាន​ទឹក​ស្អាត​ ខណៈ​កំពុង​អនុវត្ត​គោល​នយោបាយ​ឈ្នះ-ឈ្នះ​ដែល​បាន​បញ្ចប់​ការ​គំរាម​កំហែង​ និង​បង្រួប​បង្រួម​ខ្មែរ​ក្រហម​ឲ្យ​ចូល​មក​ក្នុង​រដ្ឋាភិបាល​កម្ពុជា​។

នៅ​ខែ​កក្កដា​ ឆ្នាំ​១៩៩៨​ ការ​បោះ​ឆ្នោត​ទូទៅ​បាន​នាំ​មក​នូវ​ជ័យ​ជម្នះដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​លោក​ ហ៊ុន​ សែន​ ជា​អនុ​ប្រធាន​គណបក្ស​។​ លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​តែ​មួយ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដោយ​ដឹក​នាំ​រដ្ឋា​ភិបាល​ចម្រុះ​ទី​ពីរ​ដែល​មាន​ការ​ចូល​រួម​ពី​គណបក្ស​ធំ​ពីរ​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ហើយ​បាន​ប្រកាស​ជា​ឱឡារិក​ថា​រដ្ឋា​ភិបាល​របស់​លោក​ជា​រដ្ឋា​ភិបាល​តម្រង់​ ទៅ​រក​សេដ្ឋ​កិច្ច​។​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​អាស៊ាន​។

សម្តេច​ ហ៊ុន សែន ដែល​ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ថ្មី​ម្តង​ទៀត​បាន​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​នៅ​ ក្នុង​ការ​បោះ​ឆ្នោត​​ទូទៅ​ខែ​កក្កដា ឆ្នាំ​២០០៣​។​ បន្ទាប់​ពី​រយៈ​១១​ខែ​នៃ​ភាព​លំបាក​នយោបាយ​ លោក​បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​ នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ២០០៤​ នៅ​ក្រោម​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​កញ្ចប់​ សភា​ជាតិ​បាន​បោះ​ឆ្នោត​ជ្រើ​ស​រើស​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ ហើយ​បាន​ឲ្យ​សច្ចានុម័ត​ទៅ​លើ​រដ្ឋា​ភិបាល​ចម្រុះ​អាណត្តិ​ទី​បី​រវាង​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០០៤​ នៅ​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​នៅ​ក្នុង​នីតិកាល​ទី​បី​នៃ​រដ្ឋ​សភា​ សម្តេច​ ហ៊ុន​ សែន​ បាន​ប្រកាស​នូវ​«យុទ្ធសាស្រ្ត​ចតុកោណ»​ដើម្បី​ កំណើន​ ការ​ងារ​ សមធម៌​ និង​ប្រសិទ្ធ​ភាព​ បន្ថែម​ទៅ​យុទ្ធសាស្រ្ត​ត្រី​កោណ​របស់​លោក​នៅ​ក្នុង​អាណត្តិ​មុន​។

នៅ​ថ្ងៃទី​ ២៣​ វិច្ឆិកា​ ឆ្នាំ​២០០៥​ សមាជ​គណ​បក្ស​ប្រជាជន​កម្ពុជា ​បាន​ចេញ​សេចក្តី​សម្រេច​ជា​ឯក​កច្ឆ័ន្ទ​ បាន​តែង​តាំង​លោក​ ហ៊ុន​ សែន​ ដែល​ជា​អនុ​ប្រជា​គណបក្ស​ ជា​បេក្ខជន​សម្រាប់​តំណែង​នាយក​រដ្ឋ​មន្រ្តី​នៅ​នីតិកាល​ទី​បួន​នៃ​សភា​ជាតិ ​។

នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ បន្ទាប់​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ថ្ងៃ​ទី​២៧​ កក្កដា​ ឆ្នាំ​២០០៨ ​ដែល​ពេល​នោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ឈ្នះ​កៅ​អី​ចំនួន​៩០​ក្នុង​ចំណោម ​កៅ​អី​១២៣​នៅ​ក្នុង​រដ្ឋ​សភា​។ ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ត្រូវ​បាន​តែង​តាំង​ដោយ​នីតិកាល​ទី​បួន​នៃ​រដ្ឋ​សភា​ និង​អនុម័ត​ដោយ​ព្រះ​មហា​ក្សត្រ​ព្រះ​ករុណា​ ព្រះ​បាទ សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ ​ជា​នាយក​រដ្ឋ​មន្រ្តី​សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ​(២០០៨‑២០១៣)​ទៀត​។

នៅ​ក្នុង​បទ​សម្ភាស​ពិសេស​មួយ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ ​២០០៨​ លោក​បាន​បញ្ជាក់​ពី​គោល​ដៅ​នយោ​បាយ​របស់​លោក​ទៅថ្ងៃ​អនា​គត​ថា ​លោក​នឹង​បន្ត​ឈ​រឈ្មោះ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​និង​បម្រើ​ប្រជា​រាស្ត្រ​រហូត​ដល់​ពួក​គាត់​លែង​ត្រូវ​ការ​លោក។​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​ថា​៖​«ការ​ពិត​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ហត់​ណាស់ ​ពិត​ជា​ហត់ ​ក៏ប៉ុន្តែ​យើង​ត្រូវ​ទទួល​យក​នូវ​ការ​ហត់​នឿយ​នេះ​ដើម្បី​សេចក្តី​សុខ​របស់​ប្រជា​ពល​រដ្ឋ។​ ប្រជា​ជន​បើគេ​មិន​ស្រលាញ់​ខ្ញុំ​ទេ​ គឺគេ​ពិត​ជាមិន​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​ទេ។​ គណ​បក្ស​ប្រជា​ជន​បាន​ប្រើ​ប្រាស់​ឈ្មោះ​របស់​ហ៊ុន​ សែន​ទៅ​ឃោសនា​បោះ​ឆ្នោត​ថា ​បើ​គណ​បក្ស​ប្រជា​ជន​ឈ្នះ​ឆ្នោត​ ហ៊ុន​ សែន​ នឹង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។​ ន័យ​នេះ​ច្បាស់​ណាស់​ថា​ បើ​ពេញ​ចិត្ត​ហ៊ុន​ សែន​ សូម​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន»​។

«ខ្ញុំ​ត្រូវ​រែក​ពុន​នូវ​ភារ​កិច្ច​នេះ​ជា​បន្ត​ដើម្បី​សេចក្តី​សុខ​របស់​ ប្រជា​ជន ​ហើយ​ក៏​ទៅ​តាម​សំណូម​ពររបស់​ប្រជាជន ​ប៉ុន្តែ​បើ ​ប្រជា​ជន​មិន​បោះ​ឆ្នោត​ឲ្យ​ គឺ​មាន​ន័យ​ថា ​គាត់​លែង​ត្រូវ​ការ​យើង​ហើយ។​ យើង​ក៏មិន​បាច់​ប្រឹង​នៅត​ទៅទៀត​ដែរ​ យើង​ចាក​ចេញ ​ដោយ​គ្មាន​ការស្តាយ​ស្រណោះ​អ្វី​ទេ។​ ប៉ុន្តែ​ធម្មតា​អ្នក​ធ្វើ​នយោ​បាយ​មិន​ចង់​ចាញ់​ទេ ​ត្រូវតែ​ឈ្នះ»។​ នេះគឺ​ជា​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋម​ន្ត្រី។

លោក​បាន​បន្ត​ទៀត​ថា​៖ «​យើង​ខិត​ខំ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដើម្បី​បន្ត​វេន​ក្នុង​បក្ស។​ យើង​បាន​ និង​កំពុង​ចាប់​ផ្តើម​កសាង​បណ្តើរៗ​ហើយ​ដោយ​បាន​បញ្ជូន​មន្ត្រី​វ័យ​ក្មេង​ របស់​គណ​បក្ស​ទៅ​កាន់​គ្រប់​រចនា​សម្ព័ន្ធរ​បស់​រដ្ឋផង​ដែរ​ ព្រោះ​យើង​ មិន​អាច​រស់​រហូត​ដល់​អាយុ ​៥០០​ឆ្នាំ​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​កម្លាំង​ឯណា​ទៅ​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​រហូត​ដល់​អាយុ ​៩០ ​ឆ្នាំ ​ឬអាយុ​ ១០​០ឆ្នាំ ​នោះ​ដែរ។​ ក៏​ប៉ុន្តែ​ខ្ញុំមាន​លទ្ធភាព​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​រហូត​ដល់​ក្រុម​ប្រឆាំង​ អាយុ​ចាស់​ទ្រុឌ​ទ្រោម ​អស់​កម្លាំង​ប្រកួត​ប្រជែង​ព្រោះ​ពួក​នេះពិស​ពុលខ្លាំង​ណាស់ ​អ៊ីចឹង​មាន​តែយក​ហ៊ុន​ សែន​ទៅ​ទប់​ស្កាត់​ទេ។​ ខ្ញុំនឹង​ឈរ​ឈ្មោះ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​រហូត​ដល់​ប្រជា​ជន​លែង​ត្រូវ​ការ​។ ​ខ្ញុំសូម​បញ្ជាក់​ថា ​ទាល់​តែ​មាន​ការ​គាំទ្រ ​ទើប​យើង​អាច​ទៅរួច​ គ្មាន​ការ​គាំទ្រ ​គឺយើង​មិន​អាច​ទៅ​រួច​ទេ»​៕

ព័ត៌មានថ្មីៗ