ពិធី​មង្គលការ​របស់​ជនជាតិ​ភាគតិច​ព្នង


លោក​យាយ ដំ ប្លេ អាយុ ៧៥ ឆ្នាំ​ជា​ជនជាតិ​ព្នង​នៅ​ខេត្ត​រតនគិរី​បាន​រ៉ាយរ៉ាប់​ឲ្យដឹង​ថា ពិធី រៀបការ​របស់​ជនជាតិ​ព្នង​ដំណើរ​ការ​ទៅបាន លុះត្រា​តែ​ឪពុក​ម្តាយ​ខាង​ប្រុស មាន​អាយុ​ច្រើនជាង​ឪពុកម្តាយ​ខាងស្រី​ទើប​ពិធី​មង្គលការ​អាច​រៀបចំ​ទៅបាន។

ចំពោះ​វប្បធម៌​របស់​ជនជាតិ​ភាគតិច​គឺ​កូនៗ​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង។ ត្រង់​ចំណុចនេះ អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​មណ្ឌលគិរី លោក ស៊្រុន ផល្លី បាន​ឲ្យដឹង​ថា៖ «ប្រសិន​បើ​ឪពុកម្តាយ​របស់​ពួក​គេ​បង្ខំ​កូន​ឲ្យ​រៀបការ​ទាំង​ពួកគេ​មិនព្រម​នោះ ពួកគាត់​នឹង​ត្រូវ មេ​កុល​សម្ព័ន្ធ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​ពួកគាត់។

ចំពោះ​ពិធី​រៀបការ​ជនជាតិ​ភាគ​តិច​មិន​ត្រូវ​បាន​លួច​ធ្វើឡើង​ដោយ​ស្ងាត់ៗ​នោះទេ គឺ​គ្រួសារ​ទាំង​សងខាង​ត្រូវ​ស្គាល់គ្នា​យ៉ាងហោច​ក៏ជិត ២ ឆ្នាំ​សិនដែរ ទើប​អនុញ្ញាត​ឲ្យនាំ​ចាស់​ទុំ​ចូលទៅ​ចែចូវ​តែម្តង។

ពិធីចែចូវ និងស្តីដណ្តឹង

ពិធី​ចែចូវ​របស់​ជនជាតិ​ភាគតិច​គឺ​តម្រូវ​ឲ្យមាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ចូលទៅ​សាកសួរ​សុំ​ការ​អនុញ្ញាត​ពី​គ្រួសារ​ខាងស្រី ដោយ​នាំយក​ទៅ​ជាមួយ​នូវ​ស្រា​ស​មួយ​លីត្រ។

លោក​យាយ ដំ ប្លេ បាន​មាន​ប្រសាសន៍​ទៀតថា បន្ទាប់​ពី​ធ្វើការ​ចែចូវ​ហើយ ព្រមទាំង​មាន​ការ​យល់ព្រម​គ្នា​ហើយ​នោះ ពួកគេ​នឹង​ចាប់​ផ្តើម​ពិធី​ស្តី។ ពិធី​នេះ តម្រូវឲ្យ​សាមី​ខ្លួន​ខាងប្រុស​នាំយក​នូវ​គ្រាប់​អង្កាំ ខ្សែក​ទំហ៊ូ សម្លៀក​បំពាក់​ល្អៗ​ក្រាស់ កញ្ចក់ និងក្រមា។ ចំណែក​ឪពុក​ម្តាយ​ត្រូវ​នាំ​មក​ជាមួយ​នូវ​មេជ្រូក​មួយ​ក្បាល ក្រឡ លំពែង កូន​កាំបិត ស្រា​បី​ឪទិន។ រាល់​បណ្ណាការ​ទាំងនោះ​ត្រូវ​មេ​កុលសម្ព័ន្ធ​យក​ទៅ​ជូន​ខាង​ស្រី​ជួស​មុខ​ឲ្យ​ខាងប្រុស។

ពិធីរៀបមង្គលការ

លោក សាក់ ឡយ៉ាប់ផ្លង់ អ្នកស្រុក​ជនជាតិ​ភាគតិច នៅ​ក្នុង​ខេត្ត​រតនគីរី បាន​និយាយ​ជា ភាសា​ខ្មែរ​មួយៗ​ថា ការ​រៀបការ​របស់​ជនជាតិ​ភាគតិច​គឺ​មិន​បាច់​រក​ថ្ងៃខែឆ្នាំ​ល្អ​នោះទេ សំខាន់​ឲ្យតែ​ពិភាក្សា​ត្រូវរ៉ូវ​គ្នា គេរៀប​ចំ​ការ​ភ្លាម។

មង្គលការ​នេះ​រយៈពេល​ពី ៣ ទៅ ៤ ថ្ងៃ។ នៅ​ថ្ងៃ​ដំបូង មាន​ការរៀប​ពិធី​ចូលរោង​ដោយ​រៀបគ្រឿង​រណ្តាប់​ដើម្បី​សែនព្រេន​ជីដូន​ជីតា។

នៅ​ពី​មុខ​ផ្ទះ​ពួកគេ​មាន​ដាំដើម​រកា​មួយដើម ទុក​សម្រាប់​ចងគោ​ក្របី មាន់ និងជ្រូក។ ល្ងាច​នោះភ្ញៀវ​នាំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ ហើយ​ពិភាក្សា​រឿង​ពិធី​ថ្ងៃស្អែក។

លោក សាក់ ឡយ៉ាប់ផ្លង់ បាន​មាន​ប្រសាសន៍​រ៉ាយរ៉ាប់​ឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​បន្ទាប់ ដំបូង​ឡើយ​យើង​ត្រូវ​សម្លាប់​សត្វ​ទាំងអស់​នោះ​ដើម្បី​យក​ទៅ​ចង​នៅ​នឹង​គល់​ដើមរកា។

នៅពេល​ព្រឹក​ភ្ញៀវ​នឹង​មកដល់​ជា​បណ្តើរៗ កូនកំលោះ​កូនក្រមុំ​ត្រូវ​ឈរ​នៅ​រង់ចាំ​ទទួល ស្វាគមន៍​ភ្ញៀវ។ អ្វី​ដែល​ចម្លែក​នោះគឺ នៅពេល​ដែល​ភ្ញៀវ​មកដល់ គូស្វាមី​ភរិយា​ត្រូវ​ស្តោះ​ទឹកមាត់​ចូល​ទៅ​ក្នុង​ត្រឡោងដូង​ដែលមាន ដាក់​ឈាម​សត្វ​ដែល​បាន​សម្លាប់​នោះ ហើយ​ពួកគេ​ត្រូវយក​ត្រឡោក​ដូង​នោះ​ទៅ​ខោក​ក្បាលភ្ញៀវ​ដែល​ចូលមក​នោះគ្រប់ៗ គ្នា។ នេះមិនមែន​ជា​ការ​មើលងាយ​ទៅដល់​ភ្ញៀវ​របស់​ពួកគេ​នោះទេ តែ​វាជា​និមិត្ត​សញ្ញា​នៃ​អំណោយ និង​ការ​ជូនពរ​ដល់ភ្ញៀវ ចំណែក​ពួកគេ​ក៏មិន​ត្រូវ​ការ​អ្វី​ពី​ភ្ញៀវ​ទាំងនោះ​ដែរ។

លោក​បន្តទៀត​ថា នៅថ្ងៃ​ទីបី​ជា​ការរៀប​ចំ​ពិធី​បិតស្រា ដែល​ពិធីនេះ​គឺ​កូន​កំលោះ​ក្រមុំ លោក​មេបា​ទាំង​សងខាង និង​មេកន្ទ្រាញ​អង្គុយ​ក្រឡឹង​ជុំវិញ​ថាស​ដាក់​សាច់ និង​ស្រា​មួយ​ឪទិន​ដើម្បី​ប្រសិទ្ធិពរ​ដល់​សាមី​ខ្លួន​កូន​ប្រុស​ស្រី​ទាំងពីរ។

លោកស៊្រុន ផល្លី បាន​និយាយ​ថា ក្រោយ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​ពីរបីថ្ងៃ រួចមក ស្វាមី​ត្រូវ​នាំ​ភរិយា​របស់​គេ​ទៅ​លេង​ផ្ទះ​ឪពុកម្តាយ ដើម្បី​ឲ្យ​ស្គាល់​សាច់ញាតិ។ បន្ទាប់ពី​ត្រឡប់​មកវិញ កូន​កំលោះ​ត្រូវ​រស់នៅ​ផ្ទះ​ខាងស្រី​រហូត​អស់​មួយ​ជីវិត ដោយ​មិនអាច​ទៅ​លេង​ផ្ទះ​របស់​ខ្លួនទៀត​បានឡើយ លុះត្រា​តែ​ឪពុក​ម្តាយ ខ្លួន​មាន​ជំងឺ៕

ព័ត៌មានថ្មីៗ