ភ្នំពេញ៖ នៅ​ក្នុង​រូបថត​ទើប​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថ្មីៗ​ ​ដែល​បង្ហាញ​ពីរូបថត​​អប្សរា​ដូន​ចាស់​ រំលេច​នូវ​គ្រឿង​អលង្ការ​ទាន់​សម័យ​​រួម​បញ្ចូល​គ្នា​យ៉ាង​រលូន​ជាមួយ​នឹង​ប្រពៃណី ទទួល​បាន​ការ​គាំទ្រ​​មិន​ត្រឹមតែ​លើ​អាយុ​របស់​អប្សរា​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​តំណាង​ឱ្យ​កេរ្តិ៍ដំណែល​វប្បធម៌​​ស្ថិតស្ថេរ​រាប់​សតវត្សរ៍​មក​ហើយ។

ក្នុង​វ័យ​ ១០៤​ឆ្នាំ លោកយាយ ​ម៉ៅ ដោយ​​មិន​បញ្ចេញ​ឈ្មោះ​ពេញ ដើម្បី​ការពារ​ឯកជនភាព​ អាចជា​អប្សរា​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។​

ជីវិត​របស់​ដូន​ចាស់​រូប​នេះ​ ​ដែល​ឆ្លង​កាត់​ភាព​សប្បាយ​រីករាយ​ សោកនាដកម្ម និង​ការ​តស៊ូ ឥឡូវ​នេះ​បាន​ប្រែ​ក្លាយ​ទៅ​និមិត្ដ​រូប​ដ៏​​ទាក់ទាញ និង​បំផុស​គំនិត។


ដំណើរ​ផ្លាស់ប្តូរ​របស់​ជីដូន​ជាទី​ស្រឡាញ់​របស់​ប្រទេស​កម្ពុជា​ពី​អ្នក​រើស​អេតចាយ​ទៅ​​អប្សរា​គឺជា​រៀបចំ​​ឡើង​ដោយ​អ្នក​និមិត្ត​ទាំងបី​របស់​យុវជន​ តាំង ហ័ង​ហាវ លោក ខេន បូ និងលោក ពេជ្រ ​រ៉ា​ហ្វា​អែល​។​
បុគ្គល​ទាំង​បី​នាក់​នេះ ​ម្នាក់ៗ​សុទ្ធ​តែ​​ស្រឡាញ់​មរតក និង​សហគមន៍​របស់​ពួកគេ បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ភាព​វិសេស​វិសាល​ចេញ​ពី​ដូន​ចាស់​នេះ​។ ​


លោក រ៉ាហ្វាអែល បាន​និយាយ​ថា៖ «យើង​មិន​មានបំណង​ដើរ​តាម​​និន្នាការ​តុបតែង​មុខ​អប្សរា​ដ៏ពេញ​និយម​នោះ​ទេ​។ ខ្ញុំ​រីក​រាយ​នឹង​ការថត​ទិដ្ឋភាព​តាម​ដងផ្លូវ និង​អប្សរា។ ដូច្នេះហើយ​ទើប​ជាការ​ចាប់ផ្ដើម​យុទ្ធនាការ​របស់​យើង​គឺ FeelTheWarmth»។​


គ្រង​សម្លៀក​បំពាក់​​ពណ៌​មាសជា​​អប្សរា ការថតរូប​នាពេល​ថ្មីៗ​នេះ​របស់លោក​យាយ ​ម៉ៅ មិន​ត្រឹមតែ​បាន​ល្បី​រន្ទឺ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ទូលំទូលាយ​លើ​ឫសគល់​​វប្បធម៌​របស់​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ​ទៀត​​។​


លោក រ៉ា​ហ្វា​អែល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​ការថត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​ជីដូន​ដ៏​ស្រស់ស្អាត​ទាំងពីរ​នេះ​ត្រូវបាន​គ្រោងទុក​មុន​​តាំងពី​មិនទាន់​មាន​ការពេញ​និយម​លើ​ការ​តុបតែង​មុខ​បែប​អ្នក​របាំ​បុរាណ​។ វា​គ្រាន់តែ​ថា ​កាល​បរិច្ឆេទ​ថត​របស់​យើង និង​ប្រជាប្រិយភាព​ខ្ពស់​បំផុត​នៃ​និន្នាការ​កើតឡើង​ក្នុងពេល​តែមួយ»។​

លោក រ៉ា​ហ្វា​អែល ឬ Cambodia_streetwise បាន​និយាយ​ថា៖ «ដូច្នេះ​ហើយ ពួក​យើង​សម្រេច​ចិត្ត​ដាក់​បញ្ចូល​​វា ដើម្បី​បង្ហាញ​ពី​ថាមពល និង​សេចក្តី​រីករាយ​របស់​ជីដូន​»​។​

លោក​យាយ រក្សា តុបតែងជាអប្សរា ថតដោយលោក រ៉ាហ្វាអែល។ រូបថត Cambodia_streetwise

យុទ្ធនាការ FeelTheWarmth គឺជា​កិច្ច​សហការ​ពិសេស​រវាង​យុវជន​ទាំងបី​ជាមួយ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី ២០ របស់ខ្លួន។

អ្នក​នាង​ ហែម ឡែន អ្នក​សម្រប​សម្រួល​យុទ្ធនាការ​នេះ ដែល​មកពី​អង្គការ​ (CCF) បាន​និយាយ​ថា លោក​យាយ​​ ម៉ៅ និង​លោក​យាយ រក្សា ​ត្រូវ​បាន​ជ្រើសរើស​ដោយ​សារ​ពួក​គេ​មាន​បុគ្គលិក​លក្ខណៈ​វិជ្ជមាន និង​មាន​ទំនុក​ចិត្ត ទោះ​បី​មាន​ប្រវត្តិ​លំបាក​ក៏​ដោយ។

អ្នកនាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖“«ម្រោងនេះ​គឺ​ដើម្បី​អបអរសាទរ​ស្ត្រី និង​ជាពិសេស​ស្ត្រី​ចំណាស់​សម្រាប់​ទិវា​មាតា​នៅ​កម្ពុជា។ លោកយាយ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​​តំណាង​ស្ត្រី​វ័យ​ចំណាស់​ក្នុង​ប្រទេស​កម្ពុជា និង​តួនាទី​​ដែល​ពួកគាត់​ដើរតួ​ក្នុង​វប្បធម៌​ខ្មែរ»។

លោក តាំង ហ័ងហាវ​ ស្ថាបនិក Local4Local បាន​​ឱ្យដឹង​ថា អង្គការ (CCF) របស់​លោក ស្កុត នីសុន​ គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ឧទ្ទិស​ដល់​ការ​ជួយ​ដល់​កុមារ និង​ជីដូន។ លោក​ថា ​ពួកគេ​សហការ​ជាមួយ CCF ព្រោះ​ពួកគេ​ចង់​ចូល​រួម​គាំទ្រ​បុព្វហេតុ​សង្គម​។

លោក ហាវ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «យើង​មិនមែន​ជា​ក្រុមហ៊ុនទេ ប៉ុន្តែ​ជា​សហករ​នៃ​ការ​ច្នៃ​ប្រឌិត​របស់​កម្ពុជា ក្នុង​បេសកកម្ម​លើក​កម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ផ្ដោត​លើ​ប៉ាវចនា​ 3Ps - People, Place, និង​ Plate»។

គំនិត​ផ្តួច​ផ្តើម FeelTheWarmth របស់​ពួកគេ មាន​គោលបំណង​មិនត្រឹម​តែ​គាំទ្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​អំពី​ស្មារតី​ដែល​មិន​អាច​បំភ្លេច​បាន និង សារៈសំខាន់​នៃ​វប្បធម៌​របស់​ស្ត្រី​ទាំង​នេះ។ 

លោក ហាវ​ ដែល​បាន​បើក​ដំណើរការ Local4Local ក្នុង​ខែ​មេសា ឆ្នាំ ២០២០​ ដោយ​មាន​គោល​បំណង​ជួយ​អ្នក​រត់​ស៊ីក្លូ​វ័យចំណាស់ និង​គ្រួសារ​ដែល​រស់នៅ​តាម​ដងផ្លូវ បាន​និយាយ​ថា៖ «វាជា​ចលនា​ដឹកនាំ​ដោយភាព​ច្នៃ​ប្រឌិត​ដែល​ផ្សព្វផ្សាយ​​អំពីភាព​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា​លើស​ពី​ប្រាសាទ​ និងរបប​ខ្មៅ​ងងឹត​»។

ស្នាម​ជ្រីវជ្រួញ​នីមួយៗ​នៅលើ​មុខ​របស់​លោកយាយ​ ប្រាប់​ពី​ដំណើររឿង​ជាច្រើន​ទសវត្សរ៍​កន្លងផុត​ទៅ តាំងពី​ការ​រស់រាន​មានជីវិត​ពី​​របប​ខ្មែរ​ក្រហម រហូត​ដល់​ជីវិត​បច្ចុប្បន្ន​ភាព​ ដែល​លោកយាយ​ទទួល​បាន​​ការគាំទ្រ​តាម​រយៈ​​មូលនិធិ​កុមារ​កម្ពុជា (CCF)​។​

នៅ​អាយុ ១០៤​ ឆ្នាំ លោក​យាយ ម៉ៅ បាន​រស់រាន​មានជីវិត​ពី​ភាព​ភ័យរន្ធត់​នៃ​របប​ខ្មែរក្រហម ដោយ​ត្រូវ​​បាត់​បង់​​ស្វាមី និង​កូន​ប្រាំមួយ​នាក់ និង​​តស៊ូ​ជាមួយ​កូន​បួន​នាក់​ដែល​នៅរស់​​។​

ដោយ​គ្មាន​សាច់​ញាតិ​នៅ​សល់ ដូន​ចាស់​រូប​នេះ​​ដើរ​រើស​អេតចាយ​នៅ​ស្ទឹងមានជ័យ ជាថ្នូរ​ប្រាក់​បន្ដិច​បន្ដួច​ចិញ្ចឹម​ជីវិត​​។ ឥឡូវនេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Granny (CCF) លោក​យាយ ម៉ៅ ​រីករាយ​នឹង​ជីវិត​ដែល​កាន់​តែមាន​ផាសុកភាព​នៅក្នុង​ទីក្រុង​ភ្នំពេញ។​

ក្នុងនាម​ជា​សមាជិក​ចាស់​ជាងគេ​របស់អង្គការ​ CCF លោក​យាយ​ត្រូវ​​បានរាប់​​បញ្ចូល​ជា​ប្រវត្តិសាស្ត្រ និង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​អប្សរា​ដ៏​មានតម្លៃ​បំផុត​មួយ​។​
អប្សរា​ម្នាក់ទៀត​ឈ្មោះ​យាយ រក្សា​ អាយុ​ ៧៩​ឆ្នាំ បង្កប់​នូវ​ភាព​កក់ក្ដៅ និង​ចិត្ត​សប្បុរស ដែល​គេ​ឃើញ​តែងតែ​ចែក​រំលែក​អាហារ​ជាមួយ​សហគមន៍​របស់​លោក​យាយ​​។​

លោក​យាយ​​បាន​បង្ហាញ​នូវ​ឈុត​អប្សរា​ជាមួយ​ការ​​តុបតែង​ដោយ​គ្រឿងអលង្ការ​មាស​​ ដែល​តំណាងឱ្យ​សិល្បៈ​វប្បធម៌​ដ៏​សម្បូរបែប​នៃ​ប្រទេស​កម្ពុជា​។​

ការ​បង្ហាញ​កាយវិការ និង​អាកប្បកិរិយា​រីករាយ​របស់​លោក​យាយ​ នាំមក​នូវ​​​ស្មារតី​នៃ​​ទំនាក់ទំនង​យ៉ាង​ស៊ី​ជម្រៅ​​រវាង​អតីតកាល​របស់​ប្រទេស​កម្ពុជា និង​ជីវិត​រស់​រវើក​របស់​ស្ត្រី​វ័យ​ចំណាស់​​។​

ជារៀមច្បង​​ម្នាក់​នៅក្នុង​កម្មវិធី Girls2Grannies (G2G) របស់អង្គការ​ CCF លោក​យាយ រក្សា ​ត្រូវបាន​គេ​ហៅ​ថា​លោក​យាយជា​គំរូ​ដល​ក្មេង​ស្រី​ដទៃ​​។​

ជា​អ្នក​រស់រានមានជីវិត​ពីរ​បប ប៉ុល ពត លោកយាយ​​ក៏​ប្រឈម​នឹង​ការ​បាត់បង់​ដ៏​ធំធេង និង​តស៊ូ​ជាមួយ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ផងដែរ​។ 

ឥឡូវនេះ ដោយ​បាន​កាន់​សីល​រៀង​រាល់​សប្ដាហ៍​ ភាព​ស្រស់​បំព្រង​​របស់លោក​យាយ​ រក្សា​​ ​ជា​និមិត្តរូប​នៃ​ភាព​ធន់ និង​ក្តីសង្ឃឹម​ចំពោះ​អ្នក​ទាំងអស់​ដែល​ស្គាល់​លោក​យាយ​​។​

រូបថតឃ្យូតៗ​អប្សរា​ដូន​ចាស់​ទាំងពីរ​​ ល្បី​ពេញហ្វសប៊ុក​​ ដោយ​គ្រាន់តែ​បង្ហោះ ២៤​ ម៉ោង ទទួល​បានការ​ចែក​រំលែក​ (Share) ជាង ១៦០០០ (16k)។​

ស្មារតី និង​ថាមពល​ដែល​បានបង្ហាញ​ពី​ជីដូន​គឺ​ពិតជា​អស្ចារ្យ ហើយ​ដោយមាន​ជំនួយ​ពី CCF, StudioKH និង LPC Studio​។​

លោក ហាវ​ បាន​និយាយថា៖ «​យើងប្រើ​ពេល​វេលា​​ថត​ខ្លីៗ និង​មិន​បង្ខំ​ ដើម្បី​កុំ​ឱ្យ​ពួកគាត់​​នឿយហត់​​។ យើង​សង្ឃឹម​ថា វីដេអូ និង​រូបភាព​ទាំង​នេះ​អាច​ផ្តល់​ស្នាម​ញញឹម និង​ទាក់ទាញ​បេះដូង​ប្រជាជន​កម្ពុជា»។​

លោក​បន្ដថា​៖ «​ប៉ុន្តែ​សំខាន់បំផុត គឺ​ផ្តល់ឱ្យ​ជីដូន​នូវ​បទពិសោធន៍ និង​ការចងចាំ​ដ៏​អស្ចារ្យ​ដែល​មិនអាច​បំភ្លេច​បាន​។ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​យុទ្ធនាការ​របស់​យើង ហើយ​យើង​សង្ឃឹមថានឹង​នាំមក​នូវ​មាតិកា​បន្ថែមទៀត ដើម្បី​លើកស្ទួយ​ប្រទេស​កម្ពុជា»៕