ភ្នំពេញ៖ ស្នា​រដ្ឋបាល​សិល្បៈ នឹង​រៀបចំ​​តាំង​ពិព័រណ៌​ក្រុម​ថ្មី​របស់ខ្លួន​គឺ មុជ​ទឹក​មុជ​ដី​​ អបអរសាទរ​ការ​បើក​វិចិត្រសាល​ថ្មី និង​​​គម្រោង​សិល្បៈ​របស់​សិល្បករ​នៅ​ទី​នោះ។

ពិព័រណ៍​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ដល់​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែល​បង្ហាញ​ពី​ស្នាដៃ​របស់​វិចិត្រករ​ល្បីៗ​មក​ពី​ខេត្ត​បាត់ដំបង រាជធានី​ភ្នំពេញ និង​ខេត្តកោះកុង រួមមាន លោក​ជា សេរីរ័ត្ន អ្នកនាង​គ្រឿម​ កូឡាប​​ លោក ប៉ែន រ៉ូ​ប៊ីត អ្នក​នាង​ប្រាក់ ដាលីន និងលោក​ សន ស្រេង (សមុទ្រ)។

លក្ខណៈ​ពិសេស​នៅ​ក្នុង​ពិព័រណ៍ ​មុជ​ទឹក​មុជដី​​ នឹង​បង្ហាញ​ស្នាដៃ​ដល់​អ្នក​ទស្សនា​ពី​ទំនាក់ទំនង​របស់​មនុស្ស​ជាតិ​ជាមួយ​ធម្មជាតិ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ៖ ការ​គូរ​លើ​ផ្ទាំង​ក្រណាត់ និង​ក្រដាស ចម្លាក់ និង​ការថតរូប​។​


អ្នកនាង​ ជុំ ច័ន្ទ​វាសនា ស្ថាបនិក​​ស្នា​រដ្ឋបាល​សិល្បៈ បាន​ឱ្យ​ដឹង​ថា៖ «លើក​ឡើង​ពី​បរិស្ថាន​រវាង​មនុស្ស​ពាក់​ព័ន្ធ​ជាមួយ​ធម្មជាតិ ដូចជា បឹង​ ទន្លេ សមុទ្រ​ លំនៅឋាន​ ស្រែក​ចម្ការ ព្រៃ ដោយ​សិល្បករ​ ស្វែងរក​ធាតុ​ផ្សេងៗ​បង្ហាញ​ពី​តថភាព​សង្គម​ ការ​ផ្លាស់​ប្ដូរ​បរិយាកាស ការ​អភិវឌ្ឍន៍​សង្គម និង​ស្ថានភាព​រូបវន្ដ វប្បធម៌ សង្គម និង​ប្រវត្ដិសាស្ដ្រ​ដែល​ទាក់ទង​ដី និង​ទឹក​ក្នុង​ប្រទេស​កម្ពុជា»។


ស្នាដៃ និង​រចនាប័ទ្ម​សិល្បៈ


បណ្តុំ​សិល្បៈ​​របស់​លោក ជា សេរីរ័ត្ន មាន​ផ្ទាំង​គំនូរ​ចំនួន ៧ ផ្ទាំង​នៅ​លើ​ផ្ទាំង​ក្រណាត់។ ការងារ​របស់លោក​​ស្វែងយល់​ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​ធម្មជាតិ និង​ជីវិត​ជនបទ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ពិសេសៗ​ ដូចជា ខ្សាច់​ ភក់ និង​ដី​លាយ​ជាមួយនឹង​ថ្នាំប្រេង​។​


ស្នាដៃ​ដ៏​ទាក់ទាញ​របស់លោក​​គឺ Flower Bush (2024) ជា​ផ្ទាំង​ក្រណាត់​ដ៏​ធំ​លាយឡំ​ធាតុ​ទាំងនេះ ចាប់យក​ភាព​សម្បូរ​បែប​នៃ​ទេសភាព​ជនបទ​របស់​ប្រទេស​កម្ពុជា និង​តួនាទី​ដ៏​សំខាន់​ដែល​ធម្មជាតិ​ដើរតួ​ក្នុងការ​រស់រាន​មាន​ជីវិត​របស់​មនុស្ស​។​

អ្នក​នាង ច័ន្ទវាសនា បាន​ឱ្យដឹង​ថា៖ «​តា​មរយៈ​សិល្បៈ​របស់​លោក សិរី​រ័ត្ន វា​បាន​សង្កត់ធ្ងន់ថា បើ​គ្មាន​ធម្មជាតិ​ទេ ភាព​ងងឹត និង​កា​របំផ្លិចបំផ្លាញ​នឹង​កើតឡើង​»។​

លោក សិរី​រ័ត្ន កើត​ក្នុង​ឆ្នាំ ១៩៩០ នៅ​ខេត្ត​បាត់ដំបង ជា​សិស្ស​​បញ្ចប់​ការ​សិក្សា​នៅ​អង្គការ​ហ្វាពន្លឺ​សិល្បៈ ​​ផ្នែក​គំនូរ ហើយ​ក្រោយមក​បានក្លាយ​ជា​គ្រូបង្រៀន​ផ្នែក​រចនា​ក្រាហ្វិក​។​

ការងារ​របស់លោក​​ត្រូវ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​សហគមន៍​ជនបទ​របស់​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​ការ​មិន​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន។ លោក​ សិរី​រ័ត្ន បានដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​លោក​យ៉ាង​ទូលំទូលាយ រួម​មាននៅ​ប្រទេស​សិង្ហបុរី ជប៉ុន និង​អូស្ត្រាលី​។​

ចំណែក​សិល្បករ​ម្នាក់​ទៀត អ្នក​នាង គ្រឿម កូឡាប បង្ហាញ​ផ្ទាំង​គំនូរ​ចំនួន ៣​នៅ​លើ​ផ្ទាំង​ក្រណាត់ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយបារម្ភ​របស់​នាង​ចំពោះ​ការ​រិច​រិល​បរិស្ថាន ជាពិសេស​ការ​បំពុល​ទឹក។

នៅក្នុង​សិល្បៈ​ស៊េរី អ្នកនាង កូឡាប​ តាមដាន​វដ្ដ​ជីវិត​នៃ​ប្លាស្ទិក ពី​ប្រភព​ដើម​ជា​ទម្រង់​​ប្រេងឧស្ម័ន​ រហូតដល់​ឥទ្ធិពល​របស់​វា​ទៅលើ​ផ្លូវទឹក និង​ជីវិត​សមុទ្រ​។​

អ្នកនាង ច័ន្ទ​​វាសនា បាន​លើក​ឡើង​ថា៖ «ទឹក​ប្រៀប​ដូចជា​សរសៃ​ឈាម​ ដែលហូរ​ស្រោច​ស្រព​ខ្លួន​ប្រាណ​មនុស្ស និង​ផែន​ដី​ទាំង​មូល​។ សារធាតុ​រ៉ែ ឧស្ម័នរាវ​មាន​ជាតិ​គីមី​កែច្នៃ ទឹក​កខ្វក់​ហូរ​ចេញ​ពី​រោង​ចក្រ​ឧស្សាហកម្ម​នានា និង​វត្ថុ​ប្លាស្ទិក​ ឬជ័រ​ទាំង​ឡាយ ដែល​មនុស្ស​បាន​ប្រើ​ប្រាស់​ហើយ​បោះ​ចូល​ ឬហូរ​ចូល​ក្នុង​​អូរ ប្រឡាយ បឹង​បួរ ទន្លេ​​បង្ក​ឱ្យ​មាន​ចរន្ដ​ទឹក​កខ្វក់​»។ 

អ្នកនាង កូឡាប កើត​ឆ្នាំ​១៩៨៧ ក្នុង​ខេត្ត​បាត់ដំបង ​ក៏​ជា​សិស្ស​​បញ្ចប់​ការ​សិក្សា​ផ្នែក​សិល្បៈ​និង​គំនូរជីវចល​របស់​ហ្វា​ពន្លឺ​សិល្បៈ និង​សាលា Gerard Pivat School of Applied Art and Design នៅ​ប្រទេស​បារាំង។

ការងារ​របស់ កូឡា​ ផ្តោតលើ​បញ្ហា​សង្គម និង​បរិស្ថាន ជាពិសេស​ផលប៉ះពាល់​នៃ​កាកសំណល់​ឧស្សាហកម្ម​លើ​ប្រភពទឹក​ធម្មជាតិ​។​

អ្នកនាង​​បាន​ដាក់តាំង​បង្ហាញ​នៅ​ប្រទេស​បារាំង កូរ៉េ ថៃ និង​ជប៉ុន ហើយ​បានទទួល​រង្វាន់​មាស​ពី White Canvas Cambodia ក្នុង​ឆ្នាំ ២០២០​។​

ផ្ទាំងគំនូរ​ទាំង​ប្រាំពីរ​របស់ ប៉ែន រ៉ូ​ប៊ីត លើ​​ក្រដាស​ដែល​បំផុសគំនិត​ដោយ​ក្រមា​ប្រពៃណី​ខ្មែរ បង្កើត​ទាំង​ទម្រង់​ជាក់ស្តែង និង​អរូបី​។​ រូបថត Prum Ero

ផ្ទាំងគំនូរ​ទាំង​ប្រាំពីរ​របស់ ប៉ែន រ៉ូ​ប៊ីត លើ​​ក្រដាស​ដែល​បំផុសគំនិត​ដោយ​ក្រមា​ប្រពៃណី​ខ្មែរ បង្កើត​ទាំង​ទម្រង់​ជាក់ស្តែង និង​អរូបី​។

ក្រឡាចត្រង្គ​ចម្រុះ​ពណ៌ និង​លំនាំ​លំហូរ​របស់លោក​ ដូចដែល​បានឃើញ​នៅក្នុង​ក្រមា​នៅលើ​ខ្យល់ (២០២៤) ឆ្លុះបញ្ចាំង​ពី​ចំណុចប្រសព្វ​នៃ​ជីវិត​ជនបទ អំណាច​យោធា និង​ព្រៃឈើ​របស់​កម្ពុជា​។​

កើត​នៅឆ្នាំ​១៩៩១ នៅ​ខេត្តបាត់ដំបង ​រ៉ូប៊ីន ត្រូវបាន​គេ​ស្គាល់ជា​សិល្បករ​គាស់​កកាយ​រឿង​រ៉ាវ​​អតីតកាល បច្ចុប្បន្ន​កាល និង​អនាគត​របស់​ប្រទេស​កម្ពុជា តាមរយៈ​ទម្រង់​អរូបី និង​ជាក់ស្តែង​។​

រូបគំនូរ​របស់ ​រ៉ូ​ប៊ីត គូរ​បង្ហាញ​ពី​ឥទ្ធិពល​តំណាង​ឱ្យ​វប្បធម៌​ខ្មែរ ក៏ដូចជា សន្ទរ​សង្គម​ដែល​កំពុង​បន្ដ​។ ការតាំង​ពិ​ពណ៌​ទោល​​ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ សិង្ហ​បុរី និង​ម៉ាឡេស៊ី​។​

រូបចម្លាក់​ទាំង​បួន​របស់អ្នកស្រី​ ប្រាក់ ដាលីន ស្វែងយល់​ពី​នគរូបនីយកម្ម និង​ការផ្លាស់​ទីលំនៅ​របស់​សហគមន៍​ជនបទ​។​

រចនាសម្ព័ន្ធ​ដែក​ដ៏​ខ្ពស់​របស់អ្នក​នាង ដូចជា Untitled Vertical Pipes (2024) តំណាងឱ្យ​ការពង្រីក​ឧស្សាហកម្ម ដែល​បង្ហាញ​ទាំង​អារម្មណ៍​​ និង​ការឈឺចាប់​ដែល​កំពុង​កើនឡើង​ដោយសារ​​​ការអភិវឌ្ឍន៍​។​

ការងារ​ទាំងនេះ​ផ្ដោត​​លើបញ្ហា​​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ទំនើបភាវូបនីយកម្ម​កើត​ឡើងលើ​ទឹកដី និង​ប្រជាជន​ដែល​ពឹង​ផ្អែកលើ​វា​។

រចនាសម្ព័ន្ធ​ដែក​ដ៏​ខ្ពស់​របស់អ្នកស្រី​ ប្រាក់ ដាលីន​។​ រូបថត Prum Ero

ដាលីន កើត​នៅ​ឆ្នាំ​ ១៩៩៦ នៅ​ខេត្ដ​កំពង់ចាម ជា​សិល្បករ និង​ស្ថាបត្យករ​ ​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​គម្រោង​សិល្បៈ​ស​-​ស។ អ្នកនាង​បាន​ប្រើ​ផ្ទៃ​ខាងក្រោយ​ពីរ​​​ដើម្បី​បង្កើត​រូបចម្លាក់​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទីក្រុង​ដែល​កំពុង​រីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ​។​

ស្នាដៃ​របស់​ ដាលីន ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ជា​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ថៃ និង​អាល្លឺម៉ង់​។​

លោក ស៊ន ស្រិញ (​សមុទ្រ​) អ្នក​មុជទឹក​អាជីព ប្រើការ​ថតរូប​របស់​​លោក​ ដើម្បី​តស៊ូ​មតិ​សម្រាប់​ការអភិរក្ស​សមុទ្រ​។​

រូបថត​ចំនួន​ប្រាំបួន​របស់លោក ស្រិញ រួមទាំង សេះសមុទ្រ​ (The Ocean's Messenger) (2017) ចាប់យក​ជីវិត​ក្រោម​ទឹក​ដ៏​រស់​រវើក​នៃ​សមុទ្រ​របស់​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​ភាពផុយស្រួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​។​

អ្នកនាង ច័ន្ទ​វាសនា បាន​ឱ្យដឹង​ថា៖ «​ការងារ​របស់​សមុទ្រ​មិន​ត្រឹមតែ​បង្ហាញ​ពី​ទេសភាព​ក្នុង​ទឹក​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​អ្នកទស្សនា​ឱ្យ​ការពារ​បរិស្ថាន​ទាំងនេះ​ពី​ការបំពុល និង​ការនេសាទ​លើស​ចំណុះ​ផងដែរ»​។​

លោក ស្រិញ កើតក្នុង​ឆ្នាំ​១៩៨៨ នៅ​ខេត្ដ​កោះកុង គឺជា​អ្នក​មុជទឹក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ និង​ជា​អ្នកតស៊ូ​មតិ​ផ្នែក​បរិស្ថាន​សមុទ្រ​។​

លោក​​ប្រើ​ការថតរូប​ដើម្បី​ចាប់យក​ភាពស្រស់ស្អាត​ក្រោម​ទឹក​នៃ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា​។

លោក ស្រិញ ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងសកម្មភាព​ចូលរួម​ធ្វើ​ការងារ​លើការ​អង្កេត​ថ្ម​ប៉ប្រះ​​ទឹក ការ​សម្អាត​សំរាម​ និង​ថត​រូប​នៅ​បាត​សមុទ្រ​​ដោយ​​លើកកម្ពស់​ការអនុវត្ត​​​និរន្តរភាព​នៅក្នុង​សហគមន៍​។

អ្នកស្រី ច័ន្ទ​វាសនា បាន​និយាយថា​៖ «​ខ្ញុំ​រស់​នៅ​ដើម្បី​ចែក​រំលែក​ចំណង់​ចំណូល​ចិត្ដ​របស់​ខ្ញុំ​ចំពោះ​សិល្បៈ​ជាមួយ​អ្នកដទៃ ដោយ​បង្ហាញ​ស្នាដៃ​សិល្បករ​ខ្មែរ​ទៅកាន់​មនុស្ស​ជុំវិញ​ពិភពលោក»៕