ភ្នំពេញៈ សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់ (CPI) របស់​កម្ពុជា​នៅតែ​មាន​កម្រិត​ទាប​នៅក្នុង​ឆមាស​ទី១ ឆ្នាំនេះ ដោយ​រដ្ឋាភិបាល និង​អ្នកជំនាញ​អះអាងថា អត្រា​នេះ​នៅតែ​អាច​គ្រប់គ្រង​បាន ហើយ​ត្រូវ​រំពឹងថា​នឹង​កើនឡើង​បន្តិច​នៅ​ចុង​ឆ្នាំនេះ ខណៈ​ដែល​ការរំពឹងទុក​នៃ​ការងើបឡើង​ជា​បណ្ដើរៗ​នៃ​តម្លៃ​ប្រេង​លើ​ពិភពលោក។

របាយការណ៍​ឆមាស​ទី១ ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​ឱ្យ​ដឹងថា អត្រា​អតិផរណា​រួម​ជា​មធ្យម ២,៥ ភាគរយ​នៅ​ឆមាស​ទី១ ឆ្នាំ ២០២១ ទាប​ជាង​អត្រា​នៅ​ឆមាស​ទី២ ឆ្នាំ ២០២០ ដែលមាន ៣,១ ភាគរយ។


NBC បានឱ្យ​ដឹងថា៖ «អត្រា​អតិផរណា​មាន​កម្រិត​ទាប​នៅ​ដើមឆ្នាំ ប៉ុន្តែ​បាន​កើនឡើង​ចាប់ពី​ខែ​មីនា​ ដោយសារ​ការកើន​ថ្លៃ​ម្ហូបអាហារ គួបផ្សំ​នឹង​ការបន្ត​កើនឡើង​នៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ​ទៅនឹង​ប្រេងឥន្ធនៈ»។


បើ​យោង​តាម​របាយការណ៍ អតិផរណា​ក្រុម​ម្ហូបអាហារ​មាន​កម្រិត ២,៩ ភាគរយ (៥ ភាគរយ​នៅក្នុង​ឆមាស​ទី២ ឆ្នាំមុន) ដោយ​កំណើន​ថ្លៃ​មាន​កម្រិត​ទាប​នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​បាន​កើនឡើង​ចាប់ពី​ខែមីនា​ ដែល​បណ្ដាលមកពី​ការរីករាលដាល​ជំងឺ​កូវីដ ១៩ និង​ការបិទខ្ទប់។ ចំពោះ​ថ្លៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​បាន​បន្ត​កើនឡើង​សន្សឹមៗ ហើយ​បាន​ប្តូរ​ពី​កម្រិត​បរិត្តផរណា ៣,៣ ភាគរយ ទៅ​អតិផរណា ៥,៣ ភាគរយ​នៅ​ឆមាស​នេះ។


NBC បន្ថែមថា៖ «ការកើនឡើង​នេះ​ស្រប​ទៅនឹង​និន្នាការ​ថ្លៃ​ប្រេង​ឆៅ​ពិភពលោក ដោយសារ​តែ​តម្រូវការ​បាន​ចាប់​កើន​សន្សឹមៗ​មក​វិញ ក្នុងពេល​ដែល​ការផ្គត់ផ្គង់​ពី​ក្រុម​ប្រទេស​នាំចេញ​ប្រេង (OPEC) និង​ដៃគូ​ត្រូវបាន​កាត់បន្ថយ»។


លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​ដឹងថា ទន្ទឹមនឹង​ការសម្រេច​បាន​ស្ថិរភាព​ថ្លៃ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​រួមចំណែក​កាន់តែ​សកម្ម​ក្នុង​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច។ នយោបាយ​រូបិយវត្ថុ​ត្រូវបាន​អនុវត្ត​ដោយ​ប្រុងប្រយ័ត្ន តាមរយៈ​ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ និង​បញ្ចេញ​ការឱ្យ​ខ្ចី​ជា​ប្រាក់រៀល​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​កម្រិត​សមស្រប ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​បន្ទាប​អត្រា​ការប្រាក់​ឥណទាន​ជា​រៀល។


លោក​ថ្លែងថា៖ «ការរក្សា​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ឱ្យនៅ​កម្រិត​ទាប បានផ្ដល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សាច់ប្រាក់​នៅក្នុង​ដៃ​គ្រប់គ្រាន់​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​ឥណទាន ប៉ុន្តែ​ជាមួយ​គ្នា​នេះ​សន្ទស្សនីយភាព​លើស​នៅលើ​ទីផ្សារ​ក៏​ត្រូវបាន​ស្រូបយក​មកវិញ​ផងដែរ ដើម្បី​បន្ថយ​សម្ពាធ​លើ​អតិផរណា»។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ​កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ ថា អតិផរណា​ទាប កំពុង​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ដ៏ល្អ​របស់​រដ្ឋាភិបាល។ វា​បង្ហាញ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​មានន័យថា ប្រាក់ចំណូល និង​ការចំណាយ​មាន​ភាពធន់​នឹង​ស្ថានភាព​ការរីករាលដាល​ជំងឺ​កូវីដ ១៩ នៅពេល​បច្ចុប្បន្ន។ ជាមួយ​គ្នា​នេះ​វា​ក៏​បង្ហាញ​ពី​ការគ្រប់គ្រង​ល្អ​ពី​អាជ្ញាធរ​ក្នុងស្រុក។

លោក វណ្ណៈ បាន​បន្ថែមថា៖ «ការណ៍​នេះ​បង្ហាញថា ការនាំចូល-នាំចេញ ក៏មាន​ស្ថិរភាព​ដែល​មិនបាន​ជំរុញ​ខ្លាំង​ដល់​អតិផរណា​ឱ្យ​កើនឡើង​ទេ។ អតិផរណា​ទាប​ក៏​ធ្វើឱ្យ​មាន​ផលប៉ះពាល់​វិជ្ជមាន​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ដែល​កំពុងស្ថិត​នៅក្នុងពេល​ដ៏ពិបាក ដោយសារ​វិបត្តិ​សុខភាព​លើ​ការចំណាយ​របស់​ពួកគេ។ ជាមួយ​គ្នា​នេះ អតិផរណា​ទាប​ក៏​បង្ហាញ​អត្រា​ប្តូរប្រាក់​ល្អ​នៃ​រូបិយប័ណ្ណ​ក្នុង​ស្រុក​របស់​យើង​ធៀប​នឹង​ប្រាក់​ដុល្លារ​ផងដែរ»។

CPI ស្នូល​ដែល​មិន​រាប់បញ្ចូល​តម្លៃ​អាហារ និង​ថាមពល​មាន​កម្រិត​ទាប​ចំនួន ១,២ ភាគរយ (២,១ ភាគរយ​កាលពី​ឆមាស​មុន) គឺ​ដោយសារ​សកម្មភាព​សេដ្ឋកិច្ច​ខ្សោយ។ នេះ​បើ​យោងតាម NBC។

អតិផរណា​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​បន្តិច​ពី ២,៥ ភាគរយ​ទៅ ២,៨ ភាគរយ​នៅ​ឆមាស​ទី ២ ដោយសារ​ការរំពឹងទុក​ពី​និន្នាការ​បន្ត​កើនឡើង​នៃ​ថ្លៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ ថ្លៃ​ម្ហូបអាហារ នៅ​បន្ត​រក្សា​កំណើន​ប្រហាក់​ប្រហែល​ឆមាស​ទី ១ អតិផរណា​ស្នូល​អាច​កើន​បន្តិច ប៉ុន្តែ​បន្ត​មាន​កម្រិត​ទាប។ សម្រាប់​ឆ្នាំនេះ អតិផរណា​ត្រូវ​ព្យាករ​ថា​មាន​កម្រិត ២,៦ ភាគរយ​៕LA