ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ មានតម្លៃ​ជាង ៤៥១ លាន​ដុល្លារ កើនឡើង ៦,៧២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។ នេះ​បើតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែមិថុនា ឆ្នាំ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ មាន​ទឹកប្រាក់​សរុប ៤៥១,៩៨ លាន​ដុល្លារ កើនឡើង ៦,៧២ ភាគរយ​ពី​ចំនួន ៤២៣,៥១ លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។


ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​ទឹកប្រាក់ ១៥៩,៤ លាន​ដុល្លារ ធ្លាក់ចុះ ១,៦ ភាគរយ​ពី​ចំនួន ១៦២,០៦ លាន​ដុល្លារ និង​ការនាំ​ចូល​ពី​ប្រទេស​កូរ៉េ មាន​ទឹកប្រាក់ ២៩២,៥៩ លាន​ដុល្លារ កើនឡើង ១១,៩ ភាគរយ​ពី​ចំនួន ២៦១,៤៥ លាន​ដុល្លារ។


ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កាន់​កូរ៉េខាងត្បូង រួមមាន​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់​អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក។


ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​មាន​ចំនួន ៨៨៤,៨៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ ដោយ​ធ្លាក់ចុះ ១៧,៧៧ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ប្រមាណ ១ ០៣២ លាន​ដុល្លារ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)។


ទិន្នន័យ​នោះបាន​ឱ្យដឹងថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​ក្នុងតម្លៃ​ជាង ៣១៧ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ធ្លាក់ចុះ ៥,៤ ភាគរយ ខណៈ​កម្ពុជា​នាំចូល​មកវិញ​មាន​ជាង ៥៦៧ លាន​ដុល្លារ​ធ្លាក់ចុះ ១៨,៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ មាន​ជាង ៦៩៦ ដុល្លារ៕