ភ្នំពេញៈ ​កម្ពុជា​ និង​រុស្ស៊ី​សន្យា​នឹងសិក្សា​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជំរុញ និង​លើកកម្ពស់​គម្រោង​វិនិយោគ​រួមគ្នា​រវាង​ប្រទេស​ទាំង ២។ នេះ​បើតាម​សភាពាណិជ្ជកម្ម។

ការសន្យា​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​កម្ពុជា​ និង​រុស្ស៊ី​ស្តីពី​បេសកកម្ម​ធុរកិច្ច​លើក​ទី ១ របស់​រុស្ស៊ី​មក​កម្ពុជា​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ក្រោម​អធិបតីភាព​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ញឹម ខេមរា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបតិ្តការ​អន្តរជាតិ ព្រមទាំង​មាន​ការចូលរួម​ពី​ធុរជន និង​វិនិយោគិន​ប្រទេស​ទាំង ២ និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ ២៥០ នាក់។


កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ស្របពេល​ប្រទេស​ទាំង ២ ប្រារព្ធ​ខួប​លើក​ទី ៦៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​រុស្ស៊ី។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​បាន​ឱ្យដឹងថា​កិច្ចប្រជុំ​នេះ​ពិភាក្សា​ផ្តោតលើ​វិស័យ​សំខាន់ៗ​ចំនួន ៣ គឺ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន សុវត្ថិភាព​អ៊ិនធឺណិត​បច្ចេកវិទ្យា​ឌីជីថល​វិស័យ​ឧស្សាហកម្ម​ និង​វិស័យ​ថាមពល។


សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា៖ «ធុរជន​ប្រទេស​ទាំង ២ នឹងសិក្សា​ពី​លទ្ធភាព​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ និង​លើកកម្ពស់​គម្រោង​វិនិយោគ​រួមគ្នា»។


លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ប្រទេស​ទាំង ២ គឺជា​ដៃគូ​យូរអង្វែង​ និង​មាន​ចំណង​ទំនាក់​ទំនង​ជា​មិត្ត​ជិតស្និទ្ធ​តាំងពី​យូរលង់​ណាស់​មកហើយ។ ទំនាក់ទំនង​ទ្វេភាគី​ត្រូវបាន​យកចិត្ត​ទុកដាក់​ និង​លើកកម្ពស់​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ ជា​បន្តបន្ទាប់។


លោក​ គិត ម៉ែង ក៏​ជា​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បាន​ថ្លែង​បន្តថា សភាពាណិជ្ជកម្ម​បាននិង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​រុស្ស៊ី​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង ២។

លោក​ថ្លែង​ទៀតថា៖ «ស្វាគមន៍​កក់ក្តៅ​ចំពោះ​ធុរជន​ និង​វិនិយោគិន​រុស្ស៊ី​ទាំងអស់​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា គិត​មកដល់​ពេលនេះ សភា​ពាណិជ្ជកម្ម​បានរៀបចំ​ជំនួប​ពាណិជ្ជកម្ម​ និង​កម្មវិធី​ជំរុញ​ការវិនិយោគ​ជាមួយ​ប្រទេស​រុស្ស៊ី​លើ​វិស័យ​ផ្សេងៗ​ជាច្រើន និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​មូលនិធិ Roscongress នៅ​ឆ្នាំ ២០១៥។

កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​រុស្ស៊ី​នៅ​ឆ្នាំ ២០១៦ និង​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​ស៊ីប៊េរី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច និង​វប្បធម៌​ឆ្នាំ ២០១៥៕