ទីក្រុង​ហូជីមិញ៖ ធនាគារ Sacombank បាន​លក់​ភាគហ៊ុន​រតនាគារ​ទាំង​អស់​ចំនួន ៨១,៥៦ លានហ៊ុន (ស្មើ​នឹង ៤,៣៣ ភាគរយ​នៃ​ដើម​ទុន​ដើម​របស់​ខ្លួន) នៅ​លើ​ផ្សារហ៊ុន​នៅ​ថ្ងៃទី ២៧ ខែ​កក្កដា ក្នុង​តម្លៃ​ជាង ២,៤៣៨ ពាន់​ពាន់​លាន​ដុង (១០៦,២ លាន​ដុល្លារ​អាមេរិក) ដោយ​ទទួល​បាន​ប្រាក់​ចំណេញ ១,៦៨៤ ពាន់​ពាន់​លាន​ដុង (៧៣,៤ លាន​ដុល្លារ)។

វា​គឺ​ជា​ភារកិច្ច​ចាំបាច់​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ធនាគារ​រដ្ឋ​វៀតណាម បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​នេះ។


លោកស្រី Nguyen Duc Thach Diem សមាជិក​ក្រុម​ប្រឹក្សាភិបាល និង​ជា​នាយក​ប្រតិបត្តិ​ធនាគារ​និយាយ​ថា៖ “បន្ទាប់​ពី​ដោះស្រាយ​ភាគ​ហ៊ុន​រតនាគារ​របស់ Sacombank យើង​បាន​បញ្ចប់​គោល​បំណង​មួយ​នៃ​គម្រោង​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ ដោយ​រួម​ចំណែក​បង្កើន​សាច់​ប្រាក់​ងាយ​ស្រួល បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ដើម​ទុន ក៏​ដូចជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមាមាត្រ​គ្រប់គ្រាន់​នៃ​ដើម​ទុន​សម្រាប់​ធនាគារ”។


លោកស្រី​បាន​បន្ថែម​ថា ធនាគារ​កំពុង​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​នៃ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ ដើម្បី​ទទួល​បាន​តំណែង​របស់​ខ្លួន​ឡើង​វិញ​នៅ​លើ​ទីផ្សារ និង​ទទួល​បាន​ការ​យល់ព្រម​ទូទាត់​ភាគ​លាភ​ដល់​ភាគ​ទុនិក បើ​ទោះ​បី​ជា​ជួប​ប្រទះ​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន​ក៏​ដោយ។


ធនាគារ​នេះ ក៏​មាន​គម្រោង​លក់​ភាគ​ហ៊ុន​ទាំង​អស់​ចំនួន ១៣,៨៧ លាន​ហ៊ុន ដែល​ខ្លួន​ជាម្ចាស់​នៅ​ក្នុង​ក្រុមហ៊ុន​មូលបត្រ​រួម​គ្នា Sacombank ស្មើ​នឹង ១០,២១ ភាគរយ​នៃ​ភាគ​ហ៊ុន​សរុប នៅ​ក្នុង​ខែ​សីហា ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​រៀបចំ​រចនាសម្ព័ន្ធ​វិនិយោគ​ឡើង​វិញ និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដើម​ទុន​សម្រាប់​អាជីវកម្ម​របស់​ខ្លួន។


នៅ​ចុង​ឆមាស​ទី១ នៃ​ឆ្នាំ​នេះ ធនាគារ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៥០៤,៥ ពាន់​ពាន់​លាន​ដុង (២១,៩៧ ពាន់​លាន​ដុល្លារ) ប្រាក់​បញ្ញើ​ចំនួន ៤៤៧,៦ ពាន់​ពាន់​លាន​ដុង (១៩,៥ ពាន់​លាន​ដុល្លារ) និង​ប្រាក់​កម្ចី​មាន​ចំនួន ៣៦១,១ ពាន់​ពាន់​លាន​ដុង (១៥,៧ ពាន់​លាន​ដុល្លារ) កើន​ឡើង ៦,១ ភាគរយ ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ៕ VNS-ANN/RR