ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លោក អ៊ូក សោភ័ណ ឱ្យដឹងថា កម្ពុជា និង​ថៃ​គួរ​ធ្វើការ​រួមគ្នា​ ដើម្បី​កាត់បន្ថយ​គម្លាត​ការអភិវឌ្ឍ​វិស័យ​ឌីជីថល​រវាង​ប្រទេស​ទាំង​ ២ និង​ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​ដើរតួ​សកម្ម​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​។

នៅក្នុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​អនឡាញ​ស្តីពី​ «​ការតភ្ជាប់​ឌីជីថល​រវាង​ថៃ និង​កម្ពុជា​» កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា ដែល​រៀបចំ​ដោយ​ក្រសួងការបរទេស​ប្រទេស​ថៃ លោក សោភ័ណ បានឱ្យ​ដឹងថា ខណៈពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ជំរុញ​ឱ្យ​អាជីវកម្ម​ជាច្រើន​ធ្វើការ​វាយតម្លៃ​ឡើងវិញ​លើ​ការចំណាយ ការមាន​ថ្នាល​ឌីជីថល​ដែល​អាច​ទុកចិត្តបាន និង​អាច​ដំណើរការ​អាជីវកម្ម​បាន គឺ​ពិតជា​សំខាន់​។


លោក​បាន​បន្តថា បច្ចុប្បន្ន​សេដ្ឋកិច្ច​ឌីជីថល សកល​មាន​តម្លៃ ១១,៥ ​ទ្រីលាន​ដុល្លារ​អាមេរិក ស្មើនឹង ១៥,៥ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ពិភពលោក​។ វា​ក៏បាន​រីកចម្រើន​លឿន​ជាង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ២ ​ដង​កន្លះ​ក្នុង​រយៈពេល ១៥​ ឆ្នាំ​ចុងក្រោយ​នេះ​។ សម្រាប់​អាស៊ាន​សេដ្ឋកិច្ច​ឌីជីថល បាននិង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​សេវាកម្ម​តាម​អ៊ីនធឺណិត ដោយ​សូម្បីតែ​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​ដោយ​បន្ថែម​ការប៉ាន់ប្រមាណ​ចំនួន ១ ​ទ្រីលាន​ដុល្លារ​អាមេរិក​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​តំបន់​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ខាងមុខ​។


លោក​មានប្រសាសន៍​ថា​៖ «​វា​ជា​ការល្អ​បំផុត​បើ​ប្រទេស​ថៃ​អាច​ចែករំលែក​បទពិសោធ​ល្អៗ​របស់ខ្លួន​មក​កម្ពុជា​ ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​មនុស្ស​ចាស់ និង​យុវជន​ឌីជីថល​។ កិច្ចប្រឹងប្រែង និង​អាទិភាព​បន្ថែម​គួរតែ​ផ្តោតលើ​ការបង្កើតភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​អេឡិចត្រូនិក និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដោយ​មាន​គោលបំណង​ធ្វើឱ្យ​មនុស្ស​កាន់តែច្រើន​ធ្វើ​អាជីវកម្ម និង​ទទួលបាន​សេវាកម្ម​ឌីជីថល​សាមញ្ញ​ដែល​ប្រទេស​អាច​ផ្តល់ជូន​»​។


លោក​បន្ថែមថា​៖ «​ជា​ការពិត​វា​នឹងមាន​ការរអាក់រអួល និង​បញ្ហា​ប្រឈម​មួយចំនួន​នៅពេល​ចាប់ផ្តើម​។ ទោះបីជា​យ៉ាងណា​ខ្ញុំ​ជឿថា ដោយមាន​ឆន្ទៈ​នយោបាយ​រឹងមាំ​ និង​ការបន្ត​គាំទ្រ ការកែទម្រង់​បច្ចេកវិទ្យា​នឹង​ជួយ​រៀបចំ​ប្រទេស​នានា​ដូចជា​កម្ពុជា និង​ថៃ​ឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​» ។


កាលពី​ខែមិថុនា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥ ដែល​ត្រូវគេ​រំពឹងថា នឹង​ជំរុញ​សម្ទុះ​ថ្មីៗ​ចូលក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (ICT) របស់​ប្រទេស​កម្ពុជា​។


រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យដឹងថា ក្របខ័ណ្ឌ​នេះ​កំណត់​ចក្ខុវិស័យ «​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏រស់​រវើក​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម​ដោយ​ផ្អែកលើ​ប្រក្រតីភាព​នៃ​ការរស់នៅ​តាម​គន្លង​ថ្មី​។

លោក​បាន​សង្កត់ធ្ងន់ថា ចក្ខុវិស័យ​ត្រូវតែ​សម្រេច​ឱ្យបាន​នៅ​ឆ្នាំ​ ២០៣៥ ដោយ​អនុលោម​តាម​គោលការណ៍ ៣ គឺ «​ការកសាង​មូលដ្ឋាន​ឌីជីថល​, ការចាប់​យក​ឌីជីថល និង​ការផ្លាស់ប្តូរ​ឌីជីថល​»​។

លោក​ថ្លែងថា​៖ «​ក្នុង​បរិបទ​វិបត្តិ​កូវីដ ១៩ ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥ នឹង​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​ក្របខ័ណ្ឌ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​កូវីដ​ ១៩ ដោយ​គ្របដណ្តប់​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ទាក់ទាញ​ការវិនិយោគ​ក្នុងស្រុក និង​បរទេស ការលើកកម្ពស់​ការចាប់ផ្តើម​ថ្មី បង្កើន​ផលិតភាព និង​លើកកម្ពស់​ការប្រកួតប្រជែង​»​។

អាជីវកម្ម​បច្ចេកវិទ្យា និង​ឌីជីថល​នៅ​កម្ពុជា​បាន​រក​ចំណូល​ចំនួន​ ៤៧០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ចេញផ្សាយ​កាលពី​ចុងខែ​ឧសភា​។

យោងតាម​ការបែងចែក​តាម​វិស័យ​គឺ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​ចំនួន ២៧,៦ ​ភាគរយ សេវាកម្ម​អេឡិចត្រូនិក ៧,៨ ​ភាគរយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ១០,២ ​ភាគរយ ផ្នែក​បច្ចេកវិទ្យា​ផ្សាយពាណិជ្ជកម្ម ១២,៧ ​ភាគរយ ការដឹកជញ្ជូន ៣,៨ ​ភាគរយ និង​ការធ្វើដំណើរ ៣៧,៩ ​ភាគរយ​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ កាលពី​ឆ្នាំ​ ២០២០ មានតម្លៃ ៧ ២៣៦ ​លាន​ដុល្លារ ធ្លាក់ចុះ ២៣,១៧ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩​។ ​ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​ផល​រំខាន​ពី​ការរីករាលដាល​កូវីដ​ ១៩​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​ថៃ​៕ LA