ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ (WB) ​បាន​លើកឡើងថា​ការបង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ យ៉ាង​ឆាប់រហ័ស និង​ការចាប់ផ្តើម​ការចាក់​ដូស​ជំរុញ គឺជា​កត្តា​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការឆាប់​បើក​សេដ្ឋកិច្ច​ឡើងវិញ​។

លោកស្រី Victoria Kwakwa អនុប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​បាន​លើកឡើង​បែបនេះ​តាមរយៈ Video Conference ក្នុងជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា​។


លោកស្រី Victoria Kwakwa បាន​សាទរ​ចំពោះ​ភាពជោគជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ពិសេស​លើ​ចំណាត់ការ​ដ៏រហ័ស​ក្នុង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ធៀបនឹង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​ក៏ដូចជា​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងឡាយ​។


លោកស្រី​និយាយថា​៖ «​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ដ៏ល្អ​រវាង​ធនាគារពិភពលោក និង​រដ្ឋាភិបាល​កម្ពុជា គឺ​ស្ថិតក្រោម​ស្មារតី​គោរព​គ្នា និង​គោរព​ភាព​ជា​ម្ចាស់​របស់​កម្ពុជា​នាពេល​កន្លងមក​»​។


លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា គិត​មកដល់​ពេល​នេះ​ប្រទេស​កម្ពុជា​សម្រេច​បាន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ ​ឆ្នាំ​ឡើង​បាន​ប្រមាណ ៩០ ​ភាគរយ​ធៀប​នឹង​គោលដៅ​ចំនួន ១០ ​លាន​នាក់ និង​កុមារ​អាយុ​ពី ១២ ​ឆ្នាំ​រហូតដល់​ក្រោម​ ១៨ ​ឆ្នាំ​បាន​ប្រមាណ ១,៤ ​លាន​នាក់​ធៀប​នឹង​គោលដៅ ២ ​លាន​នាក់​។


លោក​ថ្លែងថា​៖ «​កម្ពុជា​ក៏​នឹង​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​នាពេល​ឆាប់ៗ លើកលែង​តែ​កម្រិត​បឋមសិក្សា​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នេះ​កម្ពុជា​ក៏​គ្រោង​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​តាមបែប​គន្លង​ថ្មី​ដោយ​នឹង​ត្រូវ​ចាប់ផ្តើម​ពី​វិស័យ​អប់រំ បន្ទាប់មក​វិស័យ​ទេសចរណ៍​ក្នុងស្រុក និង​ទេសចរណ៍​បរទេស​ដែល​ទទួល​ការចាក់​វ៉ាក់សាំង​រួច​ជាដើម​»​។


លោក​ក៏បាន​ស្នើ​សុំឱ្យ​ធនាគារ​ពិភពលោក​ពិចារណា​ឡើងវិញ​លើ​លក្ខខណ្ឌ​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់​សម្រាប់​កម្ពុជា​ដូចជា​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត និង​ការពន្យារពេល​អនុវត្ត​លក្ខខណ្ឌ​ឥណទាន​ថ្មី​ដើម្បីឱ្យ​កម្ពុជា​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ដែល​គាំទ្រ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ​។

«​សូម​ធនាគារពិភពលោក​ជួយ​កៀរគរ​ធនធាន​ជា​ហិរញ្ញប្បទាន​ឥណទាន​ឥត​សំណង​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍ និង​គាំពារ​សង្គម​ដូចជា គម្រោង​អប់រំ អភិវឌ្ឍន៍​ជំនាញ​ និង​សុខាភិបាល​ជាដើម ដែល​កំពុងមាន​តម្រូវការ​កាន់តែ​ច្រើន​ជាពិសេស​ក្នុង​បរិការណ៍​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩»​។ នេះ​បើ​យោងតាម​ការលើកឡើង​របស់​លោក អូន ព័ន្ធមុនីរ័ត្ន​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែលមាន​ហានិភ័យ​ទាប​ចាប់ពី​ថ្ងៃទី​ ១៥ ខែកញ្ញា តទៅ ខណៈ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ក៏បាន​ត្រៀម​រួចរាល់​ផងដែរ​ក្នុង​ដំណើរ​ការបើក​សាលា​ឡើងវិញ​នេះ ដែល​ភាគច្រើន​គ្រោង​នឹង​បើក​ដំណើរការ​នៅថ្ងៃទី​ ១៥ ខែកញ្ញា ដូចៗ​គ្នា​។

កាលពី​ថ្ងៃទី​ ១ ខែ កញ្ញា ឆ្នាំ​ ២០២១ ក្រសួង​ទេសចរណ៍​បាន​ដាក់ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន​ ៤ រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ អាជីវកម្ម​ភោជនីយដ្ឋាន អាហារដ្ឋាន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍ ដើម្បី​អាច​រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ​៕ LA