ធនាគារ​រដ្ឋវៀតណាម ​​​ព្រាងបញ្ញត្តិ​​​​ស្តី​កម្ចី​លំនៅឋាន​សង្គម​បង្ក​ឱ្យមាន​ភាព​ប្រទូសរ៉ាយ​

Content image - Phnom Penh Post
លំនៅឋាន​សង្គម​ដែល​ត្រូវ​បាន​អភិវឌ្ឍ​​នៅ​ទីក្រុង​ហាណូយ​ប្រទេសវៀតណាម។ រូបភាព VNS

ទីក្រុង​ហាណូយៈ ធនាគារ​រដ្ឋ​វៀតណាម ​(SBV) ​បាន​ស្នើថា​ធនាគារ​ពាណិជ្ជ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្តល់​ប្រាក់​កម្ចី​អនុគ្រោះ​ដល់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ដែល​មាន​បំណង​ចង់​ទិញ ​ជួល​និង​ជួល​-ទិញ​​​លំនៅ​ឋានសង្គម​ឡើយ។

សំណើរ​​របស់​ធនាគារ​កណ្តាល​វៀតណាម ​ជា​ផ្នែកមួយ​​​​នៃ​វិសោធនកម្ម​​​​ដែល​​បាន​ព្រាង​​​​​ចំពោះ​​សេចក្តី​សម្រេច​​​​របស់​ធនាគារ​កណ្តាល​វៀតណាម​ដែល​​ធ្លាប់​បាន​ចេញ​កាល​​ពី​​ឆ្នាំ​ ២០១៥ លើ​​ការ​ណែនាំ​ចំពោះ​កម្ចី​សម្បទាន​​​សម្រាប់​លំនៅឋាន​សង្គម​។

​​ជា​ស្តែ​ង​​ ​ប្រជាជន​​ដែល​ចង់​ទិញ​​ ជួល ឬ​​ជួល-ទិញ​ នឹង​អាច​ខ្ចី​​ប្រាក់​​​​ក្នុង​អត្រា​​ការ​ប្រាក់​ទាប​​ពី​ធនាគារ​​​គោល​នយោបាយ​សង្គម​​វៀតណាម (VBSP)។

យោង​តាម​ធនាគារ​កណ្តាល​ ​សនិទាន​កម្ម​​​សម្រាប់​ការធ្វើ​វិសោធន​កម្ម​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​វា​​ស៊ីគ្នា​​ទៅ​នឹង​ច្បាប់​ស្តី​ពី​លំនៅឋាន​បច្ចុប្បន្ន​ឆ្នាំ​២០១៤ ដែល​កំណត់​ថា​ VBSP គឺ​ជា​ប្រភព​តែ​មួយគត់​នៃ​មូលនិធិ​សម្រាប់​អ្នក​ស្វែង​រក​លំនៅឋាន​សង្គម។

​បច្ចុប្បន្ន​​​ ​ធនាគារ​ពាណិជ្ជ​ខ្លួន​ត្រូ​វបាន​កំណត់​​​ដោយ​​ធនាគារ​​រដ្ឋ​វៀតណាម​ដើម្បី​ផ្តល់​​កម្ចី​អនុគ្រោះ​​សម្រាប់​អ្នក​ទិញ​លំនៅឋាន​សង្គម​​ ដែល​រួម​មាន​ ធនាគារ​​ពាណិជ្ជ​​​​ ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​​វៀតណាម (Vietcombank), ​ធនាគារ​ពាណិជ្ជ​​​ ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម (Vietinbank), ធនាគារ​​អភិវឌ្ឍន៍​កសិកម្ម​និង​ជន​បទ​​វៀតណាម (Agribank), ​ធនាគារ​​​​វិនិយោគ​​និង​អភិវឌ្ឍន៍​វៀតណាម (BIDV)។ ក្រៅ​ពី​ការ​ប្រមូល​​​ប្រាក់​សន្សំ​​​របស់​ប្រជាជន ​​ធនាគារ​ទាំង​​​នេះ​​ប្រើប្រាស់​មូល​និធិ​ពី​ថវិកា​រដ្ឋ​ ដើម្បី​ផ្តល់​កម្ចី​ដល់​​អ្នក​ទិញ​ផ្ទះ​​ថែមទៀត។

លោក Le Hoang Chau ប្រធាន​សមាគម​​​អចលនវត្ថុ​​​នៅ​ទីក្រុង​ហូជីមិញ ​បាន​និយាយ​ថា ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៥-២០២០ ​អ្នក​​មាន​ចំណូល​ទាប​មួយ​ចំនួន​តូច​​មាន​លទ្ធភាព​ទទួល​បាន​កម្ចី​​អនុគ្រោះ​​​​ដើម្បី​ទិញ​លំនៅឋាន​សង្គម​ ដោយសារ​ខ្វះ​ខាត​​​ការ​ផ្គត់ផ្គង់​និង​​ការ​បែងចែក​យឺតយ៉ាវ​​នៃ​​​សាច់​ប្រាក់ ​ពី​ថវិកា​រដ្ឋ​​​សម្រាប់​​ធនាគារ​ពាណិជ្ជ​​ដើម្បី​ផ្តល់​ជូន​​អ្នក​ខ្ចី​។

ព្រោះ​ហេតុ​នោះ ការ​ធ្វើសេចក្តី​ព្រាង​សម្រាប់​​វិសោធនកម្ម​ នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​​ទៅ​លើ​គោល​នយោបាយ​ផ្តល់​កម្ចី​​សម្បទាន​​រយៈពេល​វែង​​​ចំពោះ​អ្នក​​ទិញ​លំនៅឋាន ដែល​មាន​អត្រា​​ការប្រាក់​ទាប​។

​អ្នក​ដែល​មាន​ចំណូល​ទាប់នឹង​​​បាត់​បង់​ឱកាស​​​ដើម្បី​ទិញ​​ ជួល ឬ​​​ក៏ ជូល-ទិញ​ លំនៅឋាន​​សង្គម​​នោះ។ ​ន័យ​បញ្ច្រាស​មក​វិញ គឺថា ​ទិសដៅ​​របស់​រដ្ឋ​​នៃ​ការ​ធានា​​សន្តិ​​សុខ​សង្គម​​ប្រហែល​មិន​អាច​សម្រេច​បានទេ។

​ចាប់ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​ ២០២០ មូលនិធិ​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ទិញ​លំនៅឋាន​សង្គម​បាន​ឈាន​ដ​ល់ ១,២៦ ពាន់​ពាន់​លានដុង​ (៥៥,៧ លានដុល្លារ) ស្មើ​នឹង​តែ ​១២ ភាគរយ​នៃ​មូលនិធិ​រដ្ឋ​ដែល​បាន​បម្រុង​ទុក​សម្រាប់​ VBSP សម្រាប់​គោល​បំណ​ងអភិវឌ្ឍន៍​លំនៅឋានសង្គម៕ VNS-ANN/RR

ព័ត៌មានថ្មីៗ