ភ្នំពេញៈ អ្នកនាំចេញ​បាន​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ (​កសស​) ដែល​បាន​កែសម្រួល​រយៈពេល​ស្តុក​កុងតឺន័រ​នាំចេញ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​មិន​គិត​តម្លៃ​រយៈពេល ១ ​សប្តាហ៍ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែ​ក្រោយនេះ​តទៅ​។

សេចក្តី​ជូនដំណឹង​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ឱ្យដឹងថា សេចក្តី​សម្រេច​នេះ​ធ្វើឡើង ដោយ​យោងតាម​ស្មារតី​អង្គប្រជុំ​រវាង កសស ជាមួយ​តំណាង​ក្រុមហ៊ុន​នាវា កាលពី​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ​ ២០២១​។


សេចក្តី​ជូនដំណឹង​ចុះហត្ថលេខា​ដោយ លោក ថៃ ឫទ្ធី អគ្គនាយករង កសស ឱ្យដឹងទៀតថា ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​ក្នុង​គោលដៅ​សម្រួល​ដល់​ការធ្វើ​ធុរកិច្ច និង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ធុរជន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សូម​ធ្វើការ​កែសម្រួល​រយៈពេល​ស្តុក​កុងតឺន័រ​នាំចេញ​ពី​ការអនុគ្រោះ​មិន​គិតថ្លៃ​ស្តុក​ក្នុង​រយៈពេល ៥ ​ថ្ងៃ មក​អនុគ្រោះ​មិន​គិតថ្លៃ​ស្តុក​ក្នុង​រយៈពេល ៧ ​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​កុងតឺន័រ​ចូលដល់​ទីលាន​រហូតដល់​ថ្ងៃ​នាវា​ចេញដំណើរ​។ ប៉ុន្តែ​បើ​ហួស​រយៈពេល​កំណត់​ខាងលើ​ចាប់ពី​ថ្ងៃទី​ ៨ គឺ​គិតថ្លៃ​ស្តុក​ចំនួន ១ ​ថ្ងៃ និង​កំណើន​ជា​លំដាប់​តាម​ចំនួន​ថ្ងៃ​ស្តុក​។ ចំពោះ​រយៈពេល​ស្តុក​កុងតឺន័រ ដែល​កែសម្រួល​ថ្មី​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២១ តទៅ​។


លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signature of Asia ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​បាន​ស្វាគមន៍​ចំពោះ​ការកែសម្រួល​រយៈពេល​ស្តុក​កុងតឺន័រ​នាំចេញ​នេះ​ដែល​នឹងចូលរួម​ចំណែក​បន្ធូរ​បន្ថយ​បន្ទុក​បាន​មួយផ្នែក​សម្រាប់​អ្នក​នាំចេញ​។


លោក​និយាយថា​៖ «​កុងតឺន័រ​ដែល​លើក​ចេញពី​កប៉ាល់ ដាក់​នៅ​កំពង់ផែ គឺ​ខាង​កប៉ាល់​មួយចំនួន​មាន​ការខក​ថ្ងៃ​ដឹកជញ្ជូន ដូចនេះ យើង​អាច​ទុក​ទូកុងតឺន័រ​ ២ ​ថ្ងៃ​ទៀត​ដោយ​ឥតគិតថ្លៃ ដែល​វា​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​យើង​បាន​មួយផ្នែក ប៉ុន្តែ​មិនបាន​ច្រើន​ប៉ុន្មាន​ទេ​។ យ៉ាងណា​នេះ​គឺជា​ការរួមចំណែក​ពី​គ្រប់ភាគី​ទាំងអស់​»​។


លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ (LOBA) ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ការបង្កើន​ចំនួន​ថ្ងៃ​ស្តុក​ទុក​ទូ​កុងតឺន័រ ២ ​ថ្ងៃនេះ​ នឹង​ជួយ​សម្រួល​ដល់​អ្នក​នាំចេញ​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម​ផលិត​បាន​ខ្លះៗ​។


លោក​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា​ជា​ការល្អ​ដែល​អាចជួយ​កាត់បន្ថយ​ការចំណាយ​ម្ចាស់​ទំនិញ​។ កាលពីពេល​កន្លងទៅ ម្ចាស់​ទំនិញ​ធ្វើការ​ស្តុក​លើស​ក្នុង​រយៈពេល ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៦ ទៅ គាត់​នឹងត្រូវ​បង់ថ្លៃ​ស្តុក​ហួស​រយៈពេល​កំណត់ ប៉ុន្តែ​ពេលនេះ កសស បានសម្រេច​ដាក់​រហូតដល់​ចំនួន ៧ ថ្ងៃ​ដែល​ម្ចាស់​ទំនិញ​អាច​ស្តុក​បន្តបាន ២ ​ថ្ងៃ​ទៀត​ដោយ​មិន​គិត​ប្រាក់​»​។

របាយការណ៍​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០២០ បរិមាណ​កុងតឺន័រ​ឆ្លងកាត់ កសស មាន​ចំនួន ៦៤១ ៨៤២ TEUs កើន ០,៤១ ធៀប​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦៣៩ ២១១ TEUs​។

ទិន្នន័យ​ឱ្យដឹងទៀតថា នៅក្នុង​ឆ្នាំ ២០២០ កសស ទទួល​បាន​ចំណូល​សរុប ៣១១ ៨១៣ ៧៦៩ ០០០ ​រៀល ធ្លាក់ចុះ ៦,៦២ ​ភាគរយ និង​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ ២៦ ៦០៧ ៥៩៤ ០០០ ​រៀល ថយចុះ ៣៨,៧៨ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕LA

វីដេអូ៖