ភ្នំពេញៈ ស្របពេល​ប្រទេស​កម្ពុជា​គ្រោង​បើក​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ក្រុមហ៊ុន Pan Pacific Hotels Group(PPHG) ដែលជា​សមាជិក​របស់ UOL Group Ltd ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហបុរី បានបង្ហាញ​ពី​ផែនការ​ផ្តើម​អភិវឌ្ឍន៍​សណ្ឋាគារ​ចំនួន​ ២ នៅ​ប្រទេស​កម្ពុជា គឺ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប​។

ក្រុមហ៊ុន PPHG បានឱ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា​ថា​៖ «​សណ្ឋាគារ Pan Pacific Phnom Penh ដែលមាន ២១២ ​បន្ទប់ នឹងមាន​ទីតាំងនៅ​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ខណៈ​សណ្ឋាគារ Park Royal Siem Reap នឹងមាន ១៣០ ​បន្ទប់ ដោយ​គ្រាន់តែ​ធ្វើដំណើរ​តាម​រថយន្ត ១០ ​នាទី​ប៉ុណ្ណោះ​ពី​ប្រាសាទអង្គរវត្ត​»​។


សណ្ឋាគារ​ទាំង​ ២ នេះ​ក្នុងចំណោម​អចលនទ្រព្យ​ថ្មី​ចំនួន ១៣ ក្នុង​ផែនការ​រហូតដល់​ឆ្នាំ​ ២០២៤ ដែល​ត្រូវបាន​ប្រកាស​ដោយ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​មួយ​នេះ​នៅ​ទីក្រុង​សំខាន់ៗ​ចំនួន ១០ ដូចជា​ទីក្រុងឡុងដ៍ គូឡាឡាំពួរ ហ្សាការតា ដាលៀន និង​ហាណូយ ជាដើម​។


លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​បាន​ស្វាគមន៍​ចំពោះ​យីហោ​សណ្ឋាគារ​លំដាប់​ពិភពលោក​នេះ​ចូលមក​កម្ពុជា ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​សក្តានុពល​របស់​កម្ពុ​ជា​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ធំៗ​បែប​នោះ​។


លោក​ថ្លែងថា​៖ «​នេះ​ជា​ព័ត៌មាន​ដ៏ល្អ ខណៈ​កម្ពុជា​ត្រូវការ​យីហោ​ល្បីៗ​លើ​ពិភពលោក​កាន់តែច្រើន មិន​ត្រឹមតែ​សណ្ឋាគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ភោជនីយដ្ឋាន ផ្សារទំនើប​ដើម្បី​កែលម្អ​វិស័យ​ទេសចរណ៍​»​។


លោក​បាន​បន្តថា​៖ «​ខ្ញុំ​អាច​មើលឃើញ​ថា​វា​ជា​ពេលវេលា​ដ៏ត្រឹមត្រូវ​សម្រាប់​ពួកគេ​ក្នុង​ការវិនិយោគ​។ ដូច្នេះ​ការសម្រេចចិត្ត​របស់ PAN Pacific ដែល​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ខាងមុខនេះ គឺជា​ពេល​ដ៏ត្រឹមត្រូវ​ដែល​ឧស្សាហកម្ម​ទេសចរណ៍​នឹង​ងើប​ចេញពី​ផលប៉ះពាល់​ជំងឺ​កូវីដ​ ១៩»​។


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹង​កាលពី​ថ្ងៃទី ១៧ ខែកញ្ញា​ថា កម្ពុជា​នឹង​បន្ធូរបន្ថយ​វិធានការ​ធ្វើ​ចត្តាឡីស័ក ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការបើក​វិស័យ​ទេសចរណ៍​ឡើងវិញ​ដោយ​រលូន​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ផែនការ ដូច​ដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម​ដែល​ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល ៧ ​ថ្ងៃ​ដំបូង​នៃ​ការធ្វើដំណើរ​របស់​ពួកគេ​នៅ​ទីកន្លែង​ដែល​គេ​ស្នាក់នៅ​។

បើ​យោងតាម​ទិន្នន័យ​បាន​ពី​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍-កម្ពុជា​ (CATA) ជំងឺ​កូវីដ ​១៩ បាន​នាំឱ្យ​មាន​ការបិទ ឬ​ផ្អាក​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ប្រមាណ ៣ ០០០ កន្លែង​ដែល​បង្ខំ​ឱ្យ​កម្មករ​ប្រមាណ ៦ ​ម៉ឺន​នាក់​ត្រូវបាន​ជំរុញ​ឱ្យ​ឈប់​ពី​ការងារ​។

ទិន្នន័យ​ក្រសួងទេសចរណ៍ បង្ហាញថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១០២ ៥៦០ ​នាក់ ធ្លាក់ចុះ ៩១,៣ ​ភាគរយ​បើ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA