ការផ្សះផ្សា​វិវាទ​ដោយ​និយតករ​មូលបត្រ​កម្ពុជា

Content image - Phnom Penh Post
ការផ្សះផ្សា​វិវាទ​នៅក្នុង​វិស័យ​មូលបត្រ​គឺ​ក្នុង​ទិសដៅ​រក្សា​នូវ​ទំនុកចិត្ត និង​គាំពារ​អ្នក​ចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ ជាពិសេស​វិនិយោគិន​សាធារណៈ។ រូបថត SERC

និយតករ​មូលបត្រ​កម្ពុជា (​ន.ម.ក.) គឺជា​អាជ្ញាធរ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ក្នុង​វិស័យ​មូលបត្រ ដែល​ត្រូវបាន​បង្កើតឡើង​អនុលោម​តាម​ព្រះរាជក្រម​លេខ នស/រកម/១០០៧/០២៨ ចុះ​ថ្ងៃទី​ ១៩ ខែ តុលា ឆ្នាំ​ ២០០៩ ដែល​ប្រកាស​ឱ្យប្រើ​ដោយ​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូលបត្រ​មហាជន​។

ស្របតាម​ចក្ខុវិស័យ​ដ៏មុតស្រួច និង​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ២០១១-២០២០ គោលការណ៍​របស់​អង្គការ​គណៈកម្មការ​មូលបត្រ​អន្តរជាតិ (IOSCO) និង​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community Blueprint) ន.ម.ក. បាន​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​មូលបត្រ​ដែលជា​ការិយាល័យ​ទទួលបន្ទុក​ដោះស្រាយ​វិវាទ​នៃ​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​នៃ ន.ម.ក. ដែលមាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​មូលបត្រ​តាមរយៈ​ការទទួល​ពាក្យបណ្តឹង​ពី​អ្នកចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ និង​ដោះស្រាយ​វិវាទ​ក្នុង​ទិសដៅ​រក្សា​នូវ​ទំនុកចិត្ត និង​គាំពារ​អ្នកចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ ជាពិសេស​វិនិយោគិន​សាធារណៈ​។

១. ​អ្វី​ទៅជា​វិវាទ​ក្នុង​វិស័យ​មូលបត្រ?

វិវាទ​ក្នុង​វិស័យ​មូលបត្រ គឺ​សំដៅ​ដល់​គ្រប់​ការទាមទារ ជម្លោះ ឬ​ទំនាស់​ពាក់ព័ន្ធ​នឹង​មូលបត្រ ឬ​ការផ្តល់សេវា​ក្នុង​វិស័យ​មូលបត្រ​។ វិវាទ​អាច​កើតឡើង​រវាង​វិនិយោគិន​ដែលជា​អតិថិជន​របស់​ក្រុមហ៊ុន​មូលបត្រ និង​ក្រុមហ៊ុន​មូលបត្រ ឬ​រវាង​វិនិយោគិន និង​ក្រុមហ៊ុន​បោះផ្សាយ ដែល​វិនិយោគិន​រូបនោះ​បាន​វិនិយោគ​ជាមួយ ។​ល​។

២. ការផ្សះផ្សា (Mediation)

Content image - Phnom Penh Post

ការផ្សះផ្សា​វិវាទ ជា​ដំណើរការ​នៃ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​មានការ​ចូលរួម​ពី​ភាគី​ទី​បី គឺ​អ្នក​ផ្សះផ្សា ដែលជា​មន្ត្រី​របស់ ន.ម.ក. ត្រូវ​ចាត់តាំង​ដោយ​អគ្គនាយក​នៃ ន.ម.ក. តាម​សំណើ​របស់​ប្រធានការិយាល័យ​ទទួលបន្ទុក​ដោះស្រាយ​វិវាទ ដើម្បី​សម្របសម្រួល បង្ក​ភាពងាយស្រួល​ដល់​ភាគី​ជម្លោះ​ក្នុង​ការចរចា​ដោយ​សន្តិវិធី បង្កើត​ជម្រើស លើកទឹកចិត្ត និង​ជំរុញ​ភាគី​ជម្លោះ​ឈានដល់​ការព្រមព្រៀង​គ្នា​តាម​ដែល​អាចធ្វើ​ទៅបាន​។

ភាគី​ជម្លោះ​ដែលមាន​វិវាទ​នៅក្នុង​វិស័យ​មូលបត្រ​អាចដាក់​ពាក្យបណ្តឹង សុំ​ការផ្សះផ្សា​វិវាទ​ជូន ន.ម.ក. ដើម្បី​ធ្វើការ​ផ្សះផ្សា ដែល​ដំណើរការ​ផ្សះផ្សា​វិវាទ​ប្រព្រឹត្ត​ទៅដោយ​សម្ងាត់ ក្រោម​ការសម្របសម្រួល​របស់​អ្នក​ផ្សះផ្សា​។ ពាក្យបណ្តឹង​ត្រូវបាន​បដិសេធ​មិន​ទទួល​យកមក​ធ្វើការ​ផ្សះផ្សា​ជូន​ទេ ករណី​ដែល​កម្មវត្ថុ​នៃ​ពាក្យបណ្តឹង​មិន​ពាក់ព័ន្ធ​នឹង​វិវាទ​ក្នុង​វិស័យ​មូលបត្រ ពាក្យបណ្តឹង​ដែលមាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ ឬ​មិន​សមស្រប ពាក្យបណ្តឹង​ដែល​អ្នកប្តឹង​គ្មាន​សមត្ថភាព ឬ​មិនមាន​ផលប្រយោជន៍​ក្នុង​វិវាទ ពាក្យបណ្តឹង​ដែល​ពាក់ព័ន្ធ​បទល្មើស ពាក្យបណ្តឹង​ដែល​កំពុង ឬ​ត្រូវបាន​ដោះស្រាយ​ដោយមជ្ឈត្តការ ឬ​តុលាការ សិទ្ធិ​ប្តឹង​ត្រូវបាន​រលត់​ដោយ​ផុត​អាជ្ញាយុកាល​។

ករណី​ដែល​ពាក្យបណ្តឹង​សុំ​ការផ្សះផ្សា​ត្រូវបាន​បំពេញ​ត្រឹមត្រូវ និង​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន កំណត់ ភាគី​ជម្លោះ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា​វិវាទ​ទៅតាម​ទម្រង់​ដែល​កំណត់ដោយ​អគ្គនាយក​នៃ ន.ម.ក. និង​បង់ក​ម្រៃ​សេវា​រដ្ឋបាល សេវា​សម្រាប់​អ្នក​ផ្សះផ្សា ព្រមទាំង​ដាក់​ប្រាក់​តម្កល់​សម្រាប់​ទូទាត់​សោហ៊ុយ​ចំណាយ​ផ្សេងៗ​នៅក្នុង​ដំណើរការ​ផ្សះផ្សា​។

អ្នក​ផ្សះផ្សា ត្រូវ​អញ្ជើញ​ភាគី​ជម្លោះ​ទាំងអស់​ឱ្យចូល​រួម​ដំណើរការ​ផ្សះផ្សា​តាម​កាលបរិច្ឆេទ និង​ទីកន្លែង​ដែល​បាន​កំណត់ដោយ​អ្នក​ផ្សះផ្សា​។ ករណី​ដែល​ភាគី​ជម្លោះ​មិនបាន​ចូលរួម​ក្នុង​ដំណើរការ​ផ្សះផ្សា​តាម​ការអញ្ជើញ​ទេ អ្នក​ផ្សះផ្សា​ត្រូវ​អញ្ជើញ​ជា​លើក​ទី ២ និង​បន្តបន្ទាប់​តាម​ការចាំបាច់​។ ករណី​ដែល​ភាគី​ជម្លោះ​ណាមួយ​មិន​មក​បង្ហាញខ្លួន​ចំនួន​ ២ ​លើក​ជាប់ៗ​គ្នា​នៅក្នុង​ដំណើរការ​ផ្សះផ្សា ដោយ​គ្មាន​មូលហេតុ​សមរម្យ ការផ្សះផ្សា​អាច​ត្រូវបាន​ចាត់ទុកថា​មិន​សះជា​។ ដំណើរការ​ផ្សះផ្សា​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៩០ ​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​អ្នក​ផ្សះផ្សា​ត្រូវបានចាត់តាំង​ដោយ​អគ្គនាយក​នៃ ន.ម.ក.។

លទ្ធផល​នៃ​ការផ្សះផ្សា​អាច​សះជា ឬ​មិន​សះជា​។ ករណី​ដែល​ការផ្សះផ្សា​សះជា​ភាគី​ជម្លោះ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​សះជា ហើយ​ការព្រមព្រៀង​នៅ​ចំពោះមុខ​អ្នក​ផ្សះផ្សា​ជា​ការព្រមព្រៀង ដែលមាន​អានុភាព​អនុវត្តន៍​។

ចំពោះ​ចំណុច​នៃ​វិវាទ​ដែល​ភាគី​ជម្លោះ​មិនបាន​ព្រមព្រៀងគ្នា ត្រូវ​ចាត់ទុកថា​មិន​សះជា​។ អ្នក​ផ្សះផ្សា​ត្រូវ​រៀបចំ​ធ្វើ​កំណត់ហេតុ​មិន​សះជា ដោយ​បញ្ជាក់​ពី​ចំណុច​មិន​សះជា មូលហេតុ និង​ព័ត៌មាន​ចាំបាច់​ផ្សេងទៀត​។

ករណី​ដែល​ភាគី​ជម្លោះ​មិន​សះជា​ក្នុង​ការផ្សះផ្សា តើ​ភាគី​ជម្លោះ​អាច​ស្វែងរក​យន្តការ​ដោះស្រាយ​វិវាទ​ណា​បន្តទៀត​?

ភាគី​ជម្លោះ​ដែល​មិន​សះជា​ក្នុង​ការផ្សះផ្សា អាចដាក់​ពាក្យ​បណ្តឹងសុំ​ការដោះស្រាយ​វិវាទ (Adjudication) ជូន ន.ម.ក. វេទិកា​មជ្ឈត្តកម្ម ឬ​តុលាការ​មាន​សមត្ថកិច្ច ចំពោះ​ចំណុច​មិន​សះជា ដែល​អាជ្ញាយុកាល​នៃ​បណ្តឹង​នេះ​មាន​រយៈពេល​ ៩០ ​ថ្ងៃ គិតពី​ថ្ងៃ​ភាគី​ជម្លោះ​ទទួលបាន​កំណត់ ហេតុ​មិន​សះជា ពុំ​នោះទេ​សិទ្ធិ​ប្តឹង​នេះ​នឹង​ត្រូវ​បាត់បង់​៕

រៀបរៀង​ដោយ៖ ​និយតករ​មូលបត្រ​កម្ពុជា នាយកដ្ឋាន​កិច្ចការ​គតិយុត្ដ
អ៊ីមែល៖ Legal@secc.gov.kh /​ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១

ព័ត៌មានថ្មីៗ