សិង្ហបុរីៈ ធនាគារកណ្តាល​សិង្ហបុរី​បាន​លក់​អស់​មូលបត្រ​បំណុល​អាយុកាល​ ៣០ ​ឆ្នាំ​ ដែល​មាន​តម្លៃ​ ២,៦ ​ពាន់​លាន​ដុល្លារ ដើម្បី​រក​មូលនិធិ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្ងៃទី​ ២៨ ​ខែកញ្ញា​នេះ​។

អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) បានឱ្យដឹង​តាម​គេហទំព័រ​របស់​ខ្លួន​ថា ការដេញថ្លៃ​របស់​អ្នកវិនិយោគ​សម្រាប់​ការលក់​លើកដំបូង​នៃ​សញ្ញាបណ្ណ (​ហេដ្ឋារចនាសម្ព័ន្ធ​) ដែល​ជា​មូលបត្រ​រដ្ឋាភិបាល​សិង្ហបុរី​មាន​តម្លៃ​សរុប​ ៤,១ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ១,៥៨ ​ដង​នៃ​ចំនួន​លក់​។


ការប្រាក់​សម្រាប់​មូលបត្រ​បំណុល​ដែល​គេ​ហៅថា «Singa» បាន​ឡើងដល់​ ១,៩៥ ភាគរយ​ក្នុង​មួយឆ្នាំ​ជាមួយ​នឹង​ការប្រាក់​ដែល​បាន​កំណត់​ ១,៨៧៥ ​ភាគរយ​ក្នុង​មួយឆ្នាំ​។


ការទូទាត់​ការប្រាក់​ពីរដង​ក្នុង​មួយឆ្នាំ​បាន​កំណត់​យក​ថ្ងៃ​ ១ ​ខែ​តុលា និង​ថ្ងៃទី​ ១ ​ខែមេសា​។


លោក Eugene Leow អ្នក​យុទ្ធសាស្ត្រ​អត្រា​ការប្រាក់​ជាន់ខ្ពស់​របស់​ធនាគារ DBS បាន​និយាយថា លទ្ធផល​ដេញថ្លៃ​ប្រសើរ​ជាង​ការរំពឹងទុក​ ដែល​ធ្វើឱ្យ​មាន​ការប្រកួតប្រជែង​ពី​ការកើនឡើង​ទិន្នផល​សញ្ញាបណ្ណ​អាមេរិក​។


ទិន្នផល​សញ្ញាបណ្ណ​រយៈពេល​ ៣០ ​ឆ្នាំ​របស់​អាមេរិក​កើនឡើង​ ១,១ ​ពិន្ទុ​មូលដ្ឋាន ដល់​អត្រា​ ១,៩៩៤ ភាគរយ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ធនាគារ​កណ្តាល​សហព័ន្ធ​និយាយ​ថា ខ្លួន​នឹង​ចាប់ផ្តើម​រឹតបន្តឹង​កម្មវិធី​ទិញ​ទ្រព្យសម្បត្តិ​ដ៏សម្បើម និង​បង្កើន​អត្រា​ការប្រាក់​ចំណេញ​នៅ​ឆ្នាំក្រោយ​។


លោក Leow និយាយ​ថា​៖ «​មាន​តម្រូវការ​ច្បាស់លាស់​សម្រាប់​ការបោះ​ផ្សាយ​មូលបត្រ​របស់ SGS ​រយៈពេល​វែង​»​។

លោក​បាន​និយាយថា លទ្ធផល​ដាក់លក់​សញ្ញាបណ្ណ​នេះ​បង្ហាញ​ថា អ្នកវិនិយោគ​មិន​សម្លឹង​មើល​ការបញ្ចុះ​ថ្លៃ ឬ​ពិសេស​ណាមួយ​ទេ ពេល​ដែល​និយាយ​អំពី​សញ្ញា​បណ្ណ​បំណុល​ (​ហេដ្ឋារចនាសម្ព័ន្ធ​) ​របស់​ SGS ប្រៀបធៀប​ទៅនឹង​សញ្ញាបណ្ណ​បំណុល​( អភិវឌ្ឍន៍​ទីផ្សារ​) របស់​ SGS ដែល​ធ្លាប់មាន​រាល់​លើក​នោះ​។

ការដាក់​លក់​សញ្ញាបណ្ណ​អាយុកាល​ ៣០ ​ឆ្នាំ​ក្នុង​ខែ​មករា​ឆ្នាំនេះ បាន​ទាក់ទាញ​ ១,៨១ ​ដង ដែលមាន​តម្លៃ​លក់​ដល់​ទៅ​ ៣,១ ​ពាន់​លាន​ដុល្លារ​៕ ST-ANN/RR