ភ្នំពេញៈ i7 Company ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​មាន​ផែនការ​នាំចូល​គោ​ចំនួន ២០០ ​ក្បាល​ ពី​អាមេរិក​មក​ចិញ្ចឹម​ក្នុង​ស្ថានីយ​បសុសត្វ​របស់ខ្លួន ដើម្បី​យក​គោ​ទាំងនោះ​ធ្វើជា​ពូជ​ថ្មី និង​យក​សាច់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។

លោក ស្រី ចន្ធូ នាយក​គ្រប់គ្រង​ក្រុមហ៊ុន i7 បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៩ ខែតុលា ថា បន្ទាប់ពី​មាន​បទពិសោធ​លើ​ការចិញ្ចឹម​គោ​ជាច្រើន​ឆ្នាំ ស្រប​ពេលដែល​តម្រូវការ​ទីផ្សារ​មាន​កាន់តែច្រើន លោក​ក៏បាន​សម្រេចចិត្ត​នាំចូល​គោ​ពី​អាមេរិក​មក​លក់​ឱ្យ​កសិករ​ចិញ្ចឹម​នៅ​កម្ពុជា ដែល​គោ​ពូជ​ថ្មី​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​។


លោក​ថ្លែងថា​៖ «​យើង​ចង់​ផ្លាស់ប្តូរ​វិធី​ចិញ្ចឹម​គោ​បែប​ប្រពៃណី​របស់​ប្រជាជន​យើង ម្យ៉ាងទៀត​ខ្ញុំ​មើលឃើញ​ឱកាស​នៅក្នុង​វិស័យនេះ​។ ការ​នាំចូល​ប្រភេទ​ពូជ​គោ​នេះ ក៏​អាចរួមចំណែក​ក្នុង​ការនាំមក​នូវ​បច្ចេកវិទ្យា​បច្ចេកទេស​ចិញ្ចឹម​ថ្មីៗ​សម្រាប់​កសិករ​ខ្មែរ​ផងដែរ​»​។


លោក​បន្តថា ធម្មតា​កសិករ​ចិញ្ចឹម​គោ​ក្នុងស្រុក​រយៈពេល ២ ​ឆ្នាំ​អាច​ទទួលបាន ២០០-៣០០ ​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ពូជ​គោ​នាំចូល​នេះ​វិញ គឺ​គោ​ឈ្មោល​អាចមាន​ទម្ងន់​ពី​ ១ ៧០០ ទៅ ១ ៨០០ ​គីឡូក្រាម និង​គោ​ញី​មាន​ទម្ងន់​ពី ៧០០ ​ទៅ ៨០០​ ​គីឡូក្រាម​។


លោក​បន្ថែមថា​៖ «​គោ​ដែល​យើង​នាំចូល​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​អ្នក​ចិញ្ចឹម​។ ពិត​ហើយ យើង​បាន​នាំចូល​គោ​ចំនួន ២៧ ក្បាល​រួចហើយ​តាំងពី​ថ្ងៃទី​ ២២ ខែកញ្ញា​។ ចំណែក​លើក​ទី​ ២ នឹងមាន​គោ ២០០ ​ក្បាល​ដែល​គ្រោង​មកដល់​ត្រឹម​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ ឆ្នាំក្រោយ​»​។


i7 Company នឹង​នាំគោ​ចំនួន ២០០ ​ក្បាល ពី​អាមេរិក​មក​ទីផ្សារ​កម្ពុជា ដើម្បី​យក​គោ​ទាំងនោះ​ធ្វើជា​ពូជ​ថ្មី និង​យក​សាច់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ i7 Company


បច្ចុប្បន្ននេះ​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ចិញ្ចឹម​បសុសត្វ​ ១ ​កន្លែង​លើ​ផ្ទៃដី ៧ ​ហិកតា​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ក្រុមហ៊ុន​ក៏មាន​ដាំ​ស្មៅ​ចំណី​គោ​ផងដែរ​។

លោក ស្រី ចន្ធូ បាន​បញ្ជាក់ថា នៅពេល​កសិករ​ទិញ​គោ​ពូជ​នេះ ក្រុមហ៊ុន​របស់លោក​ក៏មាន​ក្រុមបច្ចេកទេស​ទៅ​ធ្វើការ​បណ្តុះបណ្តាល​អំពី​របៀប​នៃ​ការចិញ្ចឹម ការផ្ដល់​ចំណី និង​ការរៀបចំ​កសិដ្ឋាន​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ជឿថា ជាមួយ​នឹង​បេសកកម្ម​របស់​យើង​ក្នុង​ការផ្លាស់ប្តូរ​របៀប​រស់នៅ និង​ការចិញ្ចឹម​គោ ពួកគាត់​នឹង​ងាក​មក​ចាប់យក​ការចិញ្ចឹម​គោ​នាំចូល​ប្រភេទ​នេះ​វិញ ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ការផ្គត់ផ្គង់​សាច់​សម្រាប់​ទីផ្សារ​»​។

បច្ចុប្បន្ន​ក្រៅពី i7 Company ក៏មាន​ក្រុមហ៊ុន Khmer Fresh Milk កំពុង​វិនិយោគ​លើ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ ១ ​កន្លែង​នៅក្នុង​ខេត្តតាកែវ​។ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បង្កើន​ការផលិត​ទឹកដោះគោ​ស្រស់​យីហោ គិរីសួគ៍ ឱ្យដល់ ១២ ០០០ លីត្រ ក្នុង​ ១ ​ថ្ងៃ​ត្រឹម​ដើមឆ្នាំ​ ២០២២​។

ក្រុមហ៊ុន Khmer Fresh Milk ក៏បាន​នាំចូល​ពូជ​គោ Holstein ប្រហែល ៥០០ ក្បាល​ពី​ប្រទេស​អូស្ត្រាលី មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​របស់ខ្លួន​លើ​ផ្ទៃដី ៣០០ ​ហិកតា​នៅក្នុង​ជ្រលង​ភ្នំ​តាម​ជួរ​ភ្នំ​តាម៉ៅ ចម្ងាយ​ប្រហែល ៤០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​៕ LA