ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដែល​ចុះហត្ថលេខា​ពេល​កន្លងមក​បានអនុញ្ញាត​ឱ្យមាន​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ​ផលិតផល​កសិកម្ម​ដោយ​ពុំ​ជាប់​របាំង​ពន្ធគយ​ជាច្រើន​បន្ទាត់​ពន្ធ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា ប្រទេស​ទាំង ២ អាច​នាំចេញ នាំចូល​ទំនិញ​ជា​ផលិតផល​កសិកម្ម​ដោយ​មិន​ជាប់​របាំង​មិនមែន​ពន្ធគយ​ផ្សេងៗ​ទៀត​នេះ​ទេ ជាពិសេស​របាំង​អនាម័យ និង​ភូតគាម​អនាម័យ​។ នេះ​បើតាម​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​ ១៨ ខែតុលា បានឱ្យដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​នាំ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ចូល​ទីផ្សារ​ចិន​ដោយ​មិន​ជាប់​ពន្ធគយ ក៏ប៉ុន្តែ​ទំនិញ​ជា​ផលិតផល​កសិកម្ម​ទាំងនោះ ត្រូវតែ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ខាង​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ ដែល​កំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ប្រទេស​ចិន​។


លោក​បន្តថា ដូចគ្នា​ដែរ​ការនាំ​ទំនិញ​ជា​ផលិតផល​កសិកម្ម​ពី​ប្រទេស​ចិន​ចូល​កម្ពុជា ក៏​ជា​កម្មវត្ថុ​ស្ថិតក្រោម​របប​គ្រប់គ្រង អនាម័យ និង​ភូតគាម​អនាម័យ ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​មាន​ជា​ធរមាន​ផងដែរ​។


លោក​ពន្យល់ថា ទាំង​កម្ពុជា និង​ប្រទេស​ចិន​មាន​សិទ្ធិ​រៀងៗ​ខ្លួន​ដែល​បានផ្តល់​ដោយ WTO SPS Agreement ក្នុង​ការបង្ការ​ទប់ស្កាត់​ហានិភ័យ​ចំពោះ​សុខភាព ឬ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​ក្នុង​ដែនដី​របស់ខ្លួន ដោយ​ធានាថា ផលិតផល​កសិកម្ម​នាំចូល​ក្នុង​ប្រទេស​ខ្លួន ត្រូវតែ​ស្របតាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ និង​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​ដែល​កំណត់ដោយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​រៀងៗ​ខ្លួន​។


បើតាម​លោក សាខុន ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចូល​ទីផ្សារ ចិន​ចំនួន ១៧ ​មុខ ស្មើនឹង​បរិមាណ​ជាង ៧៣៦ ០០០ ​តោន ដែល​ផលិតផល​សំខាន់ៗ​មានដូចជា ចេក​ស្រស់ អង្ករ ចំណិត​ដំឡូងមី ម្សៅដំឡូងមី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ដំណាប់​ស្វាយ ស្វាយ​ស្រស់ ដូងប្រេង​។​ល​។ ផលិតផល​ទាំងអស់​នេះ​អាច​នាំចេញ​បាន គឺ​ដោយសារ​តែ​ប្រទេស​ទាំងពីរ​បាន​ចុះ​ពិធីសារ​រួចរាល់​ជាមុន​ហើយ​។


ដើម្បី​ទាញយក​ផលប្រយោជន៍​ឱ្យ​បានជា​អតិបរមា លោក វេង សាខុន បានស្នើ​ឱ្យ​ប្រជាកសិករ ផ្នែក​ឯកជន ជា​អ្នក​កែច្នៃ វេចខ្ចប់​នាំចេញ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ត្រូវខិតខំ​ផលិត​ និង​ចូល​រួមជាមួយ​រដ្ឋាភិបាល​ក្នុង​ការបង្កើន​ការវិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ផលិត​ និង​កែច្នៃ វេចខ្ចប់ នាំចេញ​ឱ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដា​គុណភាព សុវត្ថិភាព អនាម័យ និង​ភូតគាម​អនាម័យ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ដែលមាន​សក្តានុពល​បំផុត​សម្រាប់​ទំនិញ​កសិកម្ម​កម្ពុជា​។


លោក​ថ្លែងថា​៖ «​កម្ពុជា​ត្រូវ​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់ខ្លួន​នៅលើ​ទីផ្សារ​ប្រទេស​ចិន តាមរយៈ​ការពង្រឹង​ស្តង់ដា​គុណភាព សុវត្ថិភាព និង​ស្តង់ដា​អនាម័យ ភូតគាម​អនាម័យ ដើម្បី​អាច​ទាញ​ផលប្រយោជន៍​ជា​អតិបរមា​នៃ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ធានា​ឧត្តមភាព​ប្រកួតប្រជែង​នេះ​ក្នុង​រយៈពេល​វែង​សម្រាប់​ទាំង​ទីផ្សារ​ប្រទេស​ចិន និង​ពង្រីក​ទីផ្សារ​នាំចេញ​ទៅកាន់​ទិសដៅ​ផ្សេងៗ​ទៀត​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី លោក ឆេង គីមឡុង បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែតុលា ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន គឺ​កម្ពុជា​មិនអាច​ដឹកទំនិញ​ផលិតផល​កសិកម្ម ទៅ​ទីផ្សារ​ចិន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឱ្យស្រប​តាម​ស្តង់ដា និង​កិច្ចព្រមព្រៀង​ពិសេស​នោះទេ ជាពិសេស គឺ​អនាម័យ និង​ភូតគាម​អនាម័យ​។

លោក​បាន​ពន្យល់ថា ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​នេះ​ត្រូវ​បាន​វាស់​ទៅលើ​គុណភាព​ទំនិញ​ដែល​ត្រូវ​នាំចេញ ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត​បាន​ព្យាយាម​កែសម្រួល​ ដើម្បី​ឈានដល់​ការព្រមព្រៀង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ចិន​ចាប់ផ្តើម​ទទួលយក​នូវ​គុណភាព និង​ស្តង់ដា​ទំនិញ​ពី​ប្រទេស​កម្ពុជា តាមរយៈ​ការពង្រឹង​គុណភាព​អនាម័យ និង​ភូតគាម​អនាម័យ ។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ដោះស្រាយ​មួយ​ជំហាន​ម្តងៗ ឧទាហរណ៍ ដូចជា ស្រូវ​អង្ករ ពោត សណ្តែក និង​ចេក​ជាដើម ឱ្យស្រប​ជាមួយ​ចិន ព្រោះ​ស្តង់ដា​របស់​ចិន គឺ​ខុសពី​ស្តង់ដា​របស់​សហគមន៍​អឺរ៉ុប​។ ចំណុច​ខ្លះ​វា​មាន​ភាពដូចគ្នា ប៉ុន្តែ​យើង​ត្រូវ​ដោះស្រាយ មិនអាច​ដោះស្រាយ​ជា​កញ្ចប់​បានទេ ត្រូវ​ដោះស្រាយ​ជា​មុខទំនិញ​»​។

លោក​បន្តថា ការដោះស្រាយ​ឱ្យស្រប​ទៅនឹង​ស្តង់ដា​នេះ​ត្រូវការ​ចូលរួម​ពី​រដ្ឋាភិបាល វិស័យ​ឯកជន​របស់​ប្រទេស​ទាំង​ ២ ​ផងដែរ តាមរយៈ​ការវិនិយោគ​ចិន​មក​កម្ពុជា និង​ចង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​មកពី​ប្រទេស​ចិន ដើម្បី​ឆ្លើយតប​នឹង​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​ចិន​មាន​។ នៅពេលនោះ​ការនាំ​ទំនិញ​កសិកម្ម​ទៅ​ប្រទេស​ចិន​នឹងមាន​កាន់តែច្រើន​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ និយាយថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន ត្រូវបាន​អនុញ្ញាត​ឱ្យមាន​ការនាំចេញ​នូវ​ទំនិញ​កសិកម្ម​កម្ពុជា​បាន​ចំនួន​ច្រើន​ទៅកាន់​ប្រទេស​ចិន​ក៏ពិតមែន​ប៉ុន្តែ ភាគី​ទាំងពីរ​ត្រូវមាន​កិច្ចព្រមព្រៀង​បំពេញបន្ថែម​មួយទៀត ពាក់ព័ន្ធ​នឹង​ភូតគាម​អនាម័យ​។

លោក​បន្ថែមថា បញ្ហា​នេះ​គឺជា​ការរារាំង​ដល់​ការនាំចេញ​ទំនិញ​កសិកម្ម​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ប្រសិនបើ​ប្រជាកសិករ និង​វិស័យ​ឯកជន​នៅ​កម្ពុជា​ផលិត​មិន​ស្របតាម​ស្តង់ដា ការប្រើប្រាស់​ជី និង​បច្ចេកទេស​ត្រឹមត្រូវ​៕