ទីក្រុងវ៉ាស៊ីនតោនៈ មូលនិធិ Bill and Melinda Gates នៅ​ថ្ងៃ​ពុធ​បានប្រកាស​ពី​ការវិនិយោគ​នូវ​ទឹកប្រាក់​រហូតដល់​ ១២០ ​លាន​ដុល្លារ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើនល្បឿន​ឱ្យ​ប្រទេស​មាន​ចំណូល​ទាប​ទទួលបាន​ថ្នាំ​គ្រាប់​ប្រឆាំង​កូវីដ ​១៩​។

ក្រុមហ៊ុន​បាន​និយាយថា ការព្យាបាល​ដែលជា​ថ្នាំ​ដែលមាន​ឈ្មោះថា molnupiravir បង្កើតឡើង​ដោយ​មន្ទីរពិសោធន៍​អាមេរិក Merck កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​មន្ទីរពេទ្យ​ពាក់កណ្តាល​ចំពោះ​អ្នក​ជម្ងឺ​កូវីដ​ ១៩ ដែល​ប្រើ​វា​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ការឆ្លង​របស់​វីរុស ហើយ​អាចមាន​ប្រសិទ្ធភាព​ជាង​ក្នុង​ការការពារ​ការស្លាប់​ពី​មេរោគ​។


ទឹកប្រាក់​ពី​មូលនិធិ Gates Foundation នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​លើកទឹកចិត្ត​ដល់​ការផលិត​ទម្រង់​ទូទៅ​នៃ​ថ្នាំ ដោយ​ក្រុមហ៊ុន​ដទៃទៀត ជាពិសេស​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​ក្រុមហ៊ុន Merck បានផ្តល់​អាជ្ញាប័ណ្ណ​បែបនេះ​រួចហើយ​។


មូលនិធិ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «​ការប្តេជ្ញាចិត្ត​នេះ​កសាង​លើ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់​មូលនិធិ​...​ដើម្បី​បង្កើន​ការទទួល​បាន​វ៉ាក់សាំង​កូវីដ​ ១៩ ការព្យាបាល​ និង​ការធ្វើ​តេស្ត​ដោយ​គាំទ្រ​ដល់​ការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍ (R&D) ការងារ​បទបញ្ញត្តិ ការផលិត​ដែលមាន​ហានិភ័យ និង​ការដឹកជញ្ជូន​ផលិតផល​»​។


ថ្នាំ​ដែលជា​ប្រភេទ​គ្រាប់ ងាយស្រួល​គ្រប់គ្រង​ជាង​ជម្រើស​ព្យាបាល​តាម​សរសៃឈាម​ដែលមាន​ស្រាប់ អាច​ផ្តល់ឱកាស​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដ៏សំខាន់​មួយទៀត សម្រាប់​ប្រទេស​ដែល​នៅតែ​ជួប​ការលំបាក​ក្នុងការ​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​របស់​ពួកគេ​។


រដ្ឋបាល​ម្ហូបអាហារ​ និង​ថ្នាំពេទ្យ (FDA) កំពុង​ពិនិត្យ​ផ្នែក​វិជ្ជសាស្ត្រ​សម្រាប់​ការអនុម័ត​នៅ​សហរដ្ឋអាមេរិក​។


ក្រុមហ៊ុន Merck បាន​ព្យាករ​ថា​ខ្លួន​នឹង​អាច​ផលិត​កម្រិត​គ្រប់គ្រាន់​ ដើម្បី​ធ្វើការ​ព្យាបាល​ចំនួន ១០ ​លាន​វគ្គ​នៅ​ចុង​ឆ្នាំនេះ​៕ RR