ទីក្រុងប៉េកាំងៈ អ្នករៀបចំ​ផែនការ​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ចិន​បាន​និយាយថា ខ្លួន​កំពុង​ពិចារណា​អន្តរាគមន៍​ដល់​ការទាញ​ទម្លាក់​ថ្លៃ​ធ្យូងថ្ម​ដែល​កើនឡើង ពេល​ទីក្រុង​ប៉េកាំង​គិតគូរ​ពី​ការកើនឡើង​ថ្លៃដើម​ដែល​បានដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងលើ​សន្តិសុខ​ថាមពល​ និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ខណៈដែល​កំពុង​គំរាមកំហែង​ដល់​សេដ្ឋកិច្ចពិភពលោក​។

ទិន្នន័យ​ផ្លូវការ​បង្ហាញ​នៅ​សប្តាហ៍​នេះ​ថា ចិន​ដែលមាន​សេដ្ឋកិច្ច​ធំ​ទី​ ២ ​ក្នុង​ពិភពលោក​បាន​រីកលូតលាស់​យឺត​ជាង​រំពឹងទុក​ក្នុង​ត្រីមាស​ទី​ ៣ ពេលដែល​វិបត្តិ​ថាមពល​បានចាប់ផ្តើម​កើតមាន ដោយ​ការខ្វះខាត​អគ្គិសនី និង​ការបន្ថយ​ផលិតកម្ម​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ឧស្សាហកម្ម​។


វិបត្តិ​កើតមាន​ពេលដែល​តម្លៃ​ទំនិញ​ទូទាំង​សកលលោក​ហក់​ឡើង ដោយសារ​ការកើនឡើង​តម្រូវការ ពេល​ដែល​ពិភពលោក​បើក​ឡើងវិញ​ពី​ការបិទ​បណ្តាល​មកពី​ការរីករាលដាល​កូវីដ​ ១៩ ខណៈ​បញ្ហា​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​គោលដៅ​របស់​រដ្ឋាភិបាល​ ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ និង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ការនាំ​ចូល​ពី​ប្រទេស​អូស្ត្រាលី​ដោយសារតែ​ការជាប់គាំង​ផ្នែក​នយោបាយ​។


កាលពី​ថ្ងៃ​អង្គារ គណៈកម្មការ​អភិវឌ្ឍន៍​ និង​កែទម្រង់​ជាតិ (NDRC) បាន​និយាយថា​ខ្លួន​កំពុង​សិក្សា​វិធានការ​ដើម្បី​ដាក់​កំណត់​តម្លៃ​ធ្យូងថ្ម ដែល​ឡើង​ខ្ពស់​ក្នុង​កំណត់ត្រា​។


ក្នុង​សេចក្តី​ថ្លែងការ​តាម​អនឡាញ​ដែល​បាន​ផ្សព្វផ្សាយ​ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​អ្នកដឹកនាំ​ឧស្សាហកម្ម NDRC បាន​កត់សម្គាល់ថា តម្លៃ​បាន​កើនឡើង​យ៉ាង​រហ័ស ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ ដែល​បង្ខំ​ថ្លៃដើម​ផលិតកម្ម​ហក់​ឡើង​យ៉ាងខ្លាំង ហើយ​ប៉ះពាល់​លើ​ការផ្គត់ផ្គង់​ថាមពល និង​កំដៅ​នៅ​រដូវរងារ​ដ៏អាក្រក់​»​។


NDRC បាន​ព្រមាន​ថា ខ្លួន​នឹងមិន​អត់ឱន​ទេ និង​បង្ក្រាប​ឱ្យ​ធ្ងន់ធ្ងរ​លើ​សកម្មភាព​ដូចជា​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬក៏​ការគប់គិត​គ្នា​លើ​តម្លៃ ធ្វើ​ដូចនេះ​ដើម្បី​រក្សា​ការបញ្ជាទិញ​ពី​ទីផ្សារ​។


NDRC អះអាង​ថា​៖ «​ការកើនឡើង​តម្លៃ​បច្ចុប្បន្ននេះ​បាន​ងាក​ចេញ​ពី​មូលដ្ឋាន​នៃ​ការផ្គត់ផ្គង់​ និង​តម្រូវការ​» ដោយ​សន្យា​ធ្វើឱ្យ​តម្លៃ​វិលត្រឡប់​មកកាន់​កម្រិត​សមរម្យ​វិញ​។

នៅក្នុង​សេចក្តី​ជួន​ដំណឹង​ដាច់ដោយឡែក​កាលពី​ថ្ងៃ​អង្គារ ភ្នាក់ងារ​នេះ​បាន​សង្កត់ធ្ងន់ថា រ៉ែ​ធ្យូងថ្ម​ក្នុង​ប្រទេស​ចិន​គួរតែ​ប្រឹងប្រែង​ ដើម្បី​សម្រេច​ឱ្យបាន​ផលិតផល​ធ្យូងថ្ម​ជាង​ ១២ ​លាន​តោន​ប្រចាំថ្ងៃ ដោយ​អាជ្ញាធរ​ក្នុង​តំបន់​ដើម្បី​ធានា​ផលិត​ឱ្យដល់​កម្រិត​អតិបរមា​។

ជិត​ ៦០ ​ភាគរយ​នៃ​សេដ្ឋកិច្ច​ដែល​ស្រេកឃ្លាន​ថាមពល​របស់​ចិន ដើរ​ដោយ​ថាមពល​ធ្យូ​ថ្ម ហើយ​វា​បាន​តស៊ូ​ដើម្បី​ផ្តាច់ខ្លួន​ចេញពី​ឥន្ធនៈ បើទោះបី​ជា​មាន​ការប្តេជ្ញា​ថា​នឹង​ក្លាយជា​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​ ២០៦០ ​ក៏ដោយ​៕ RR